លក្ខណៈនៃការគិត៤យ៉ាងរបស់ខួរក្បាលបុគ្គលអ្នកប្រាជ្ញ​



ពិត​ប្រាកដ​ណាស់​ថា​មនុស្ស​ម្នាក់ៗ​មាន​ព្រហ្មលិខិត​របស់​ពួកគេ​កំណត់​មក​រៀងៗ​ខ្លួន។ យ៉ាងណាមិញ ទស្សនវិទូ​បុរាណ​ចិន ខុងជឺ បាន​ពោល​ឡើង​ដូច្នេះ​ថា៖ "បើ​អ្នក​គិត​ចង់​ធ្វើ​ធំ អ្នក​នឹង​បាន​ធ្វើ​ធំ បើ​អ្នក​ចង់​ទៅ​ជា​អ្វី អ្នក​នឹង​ទៅ​ជា​យ៉ាង​នោះ ដោយ​ការ​ប្រព្រឹត្ត មិនមែន​ដោយ​ការ​រង់ចាំ ដោយ​ការ​ប៉ិនប្រសប់ ពុំ​មែន​ដោយសារ​តែ​ឱកាស ដោយ​សមត្ថភាព ពុំ​មែន​ដោយសារ​ជោគវាសនា បើ​ធ្វើ​បាន​បែប​នេះ​ហើយ តើ​ព្រហ្មលិខិត​ឯណា​អាច​យក​ឈ្នះ​ក្ដី​អំណត់​ព្យាយាម​បាន" ?

បុគ្គល​ប្រកប​ដោយ​ប្រាជ្ញា​និង​គតិបណ្ឌិត មិនមែន​ព្រហ្មលិខិត​ជា​អ្នក​បង្កើត​ពួកគេ​មក​ទេ តែ​គុណ​តម្លៃ​ទាំងនោះ​គឺ​កើតឡើង​មក​ដោយ​កម្លាំង​ញើស​ឈាម​របស់​ពួកគេ​ទៅវិញ​ទេ។ ការ​ពិត​នេះ​ចង់​សំដៅ​ទៅ​ដល់​ថា​អ្នក​អាច​ផ្លាស់ប្ដូរ​ជីវិត​ខ្លួនឯង​បាន។ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​ដឹង​ជា​មុន​ផង​ដែរ​ថា ចិត្ត​គឺជា​អ្វីៗ​គ្រប់​យ៉ាង។ រាល់​ទង្វើ​និង​ហេតុការណ៍​ទាំងឡាយ​ដែល​កើត​មាន​ចំពោះ​អ្នក សុទ្ធតែ​កើត​ចេញ​ពី​ចិត្ត និង​ការ​គិត​របស់​អ្នក​ទាំងអស់។

ដូច្នេះ ដើម្បី​ផ្លាស់ប្ដូរ​ព្រហ្មលិខិត​ដែល​កំណត់​ជីវិត​អ្នក អ្នក​ចាំបាច់​ត្រូវ​ផ្លាស់ប្ដូរ​ការ​គិត​របស់​អ្នក​ចំពោះ​វា​ជា​មុន​សិន។ ផ្នត់​គំនិត​អន់​ថយ​នឹង​និយាយ​ថា ជីវិត​ជា​អ្វី​ដែល​មិន​អាច​ផ្លាស់ប្ដូរ​បាន​ព្រោះ​ព្រហ្មលិខិត​កំណត់​មក​ដូចម្ដេច វា​នឹង​ទៅ​ជា​បែប​នោះ​ហើយ។ ដោយ​ឡែក ផ្នត់​គំនិត​រីកចម្រើន​នឹង​និយាយ​ថា គឺ​ពួកគេ​ខ្លួនឯង​មិនមែន​នរណា​ទាំងអស់ ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​អាច​កំណត់​ជីវិត​ពួកគេ​ឲ្យ​ទៅ​ជា​អ្វី​ដែល​ពួកគេ​ចង់​បាន គឺ​ពួកគេ​ខ្លួនឯង​ជា​ម្ចាស់​នៃ​ជីវិត​ខ្លួនឯង។ ត្រឡប់​មក​វិញ តើ​ខួរក្បាល​របស់​បុគ្គល​អ្នក​ប្រាជ្ញ​ទាំងឡាយ​មាន​ទម្លាប់​គិត​ដូចម្ដេច ?

១) ការ​ជក់​ចិត្ត​យ៉ាង​ងប់ងុល​ទៅលើ​អ្វី​ដែល​ពួកគេ​រៀន​សូត្រ៖ បុគ្គល​ជោគជ័យ​រូប​ណា​ក៏​តែងតែ​លើកឡើង​ពី​ជំនក់​ចិត្ត​របស់​ពួកគេ​ដែល​ជា​ប្រភព​នាំ​ទៅ​រក​សមិទ្ធផល​ជោគជ័យ​ក្នុង​ជីវិត​ដែរ។ ព្រោះ​តែ​ហេតុអ្វី​ទៅ ? ការ​ដើរ​បញ្ច្រាស​ពី​បេះដូង​របស់​ខ្លួនឯង វា​មិន​ត្រឹមតែ​ហត់នឿយ​ទាំង​ផ្លូវកាយ​និង​ផ្លូវ​ចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ពិបាក​នឹង​ជំរុញ​អ្នក​ឲ្យ​ជោគជ័យ​និង​មាន​ក្ដី​សុខ​បាន​ណាស់។ បើ​កាលណា​អ្នក​ដើរ​តាម​បេះដូង​ខ្លួនឯង អ្នក​មិន​ចេះ​ហត់​នឿយ​ឡើយ​ក៏​ព្រោះ​តែ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​ដុះដាល​ចេញ​មក​ពី​ជំនក់​ចិត្ត​យ៉ាង​ងប់ងុល​នោះ​ឯង។

២) ជំនឿ​ជឿជាក់​ដ៏​ខ្លាំងក្លា​ចំពោះ​គោលដៅ​ដ៏​ធំ​ក្នុង​ជីវិត៖ ជំនឿ​គឺជា​អ្វី​ដែល​ប្រៀប​បាន​ទៅ​នឹង​ភ្លើង​ដុត​បញ្ឆេះ​ចិត្ត​មនុស្ស​ឲ្យ​ពុះ​កញ្ជ្រោល​ជានិច្ច​សម្រាប់​ការ​សម្រេច​នូវ​គោលដៅ​ក្នុង​ជីវិត។ ជំនឿ​ពិត​ថា​គ្មាន​ភ្នែក​នោះ​ទេ ប៉ុន្តែ​ដរាប​ណា​វា​ជា​ជំនឿ​ត្រឹមត្រូវ ចេញ​ពី​ការ​រិះគិត​ប្រកប​ដោយ​ហេតុផល​ត្រឹមត្រូវ នោះ​វា​នឹង​ក្លាយ​ជា​ប្រភព​បំផុស​ចេញ​នូវ​សក្ដានុពល​យ៉ាង​អស្ចារ្យ​ចេញ​ពី​ខ្លួន​អ្នក​មិន​ខាន។

៣) ការ​ផ្ចង់​ស្មារតី​របស់​ព្រះសង្ឃ៖ ធម្មជាតិ​នៃ​ចិត្ត​របស់​មនុស្ស តែង​ប្រព្រឹត្ត​ទៅ​ដោយ​រវើរវាយ​និង​ឥត​សណ្ដាប់ធ្នាប់ ដែល​ជា​ឫសគល់​នៃ​សេចក្ដី​ទុក្ខ​ទាំងឡាយ។ បើ​អ្នក​មិន​អាច​ធ្វើ​ជា​ម្ចាស់​គ្រប់គ្រង​ទៅ​លើ​ចិត្ត​របស់​ខ្លួន នោះ​អ្នក​ពិត​ជា​មិន​អាច​ផ្ចង់​ស្មារតី​ផ្ដោត​ទៅ​លើ​ផ្លូវ​ដែល​ខ្លួន​កំពុង​ដើរ​ដែល​នាំ​អ្នក​ទៅ​ដល់​គោលដៅ​បាន​នោះ​ឡើយ។ សេចក្ដី​ស្ងប់​នឹង​នាំ​មក​នូវ​លទ្ធផល​ការងារ​ប្រកប​ដោយ​គុណភាព​និង​ប្រសិទ្ធភាព។

៤) ការ​ងឿងឆ្ងល់​របស់​កូន​ក្មេង៖ គុណសម្បត្តិ​នៃ​ការ​ដាក់​ខ្លួន ការ​ទទួល​ស្គាល់​នូវ​ភាព​ល្ងង់ខ្លៅ​របស់​ខ្លួន និង​ការ​បើក​ចំហ​ចិត្ត​ទូលាយ​រៀន​សូត្រ​ពី​ចំណេះដឹង​ជុំវិញ​ខ្លួន​អ្នក ទាំងនេះ​ហើយ​គឺជា​លក្ខណៈ​របស់​បុគ្គល​អ្នក​ប្រាជ្ញ​គ្រប់​រូប​មាន​ដូចៗ​គ្នា។ អ្នក​ត្រូវ​ចេះ​បង្កើត​សំណួរ​មួយ​ជា​រឿយៗ​ថា "ហេតុអ្វី?"។ សំណួរ​តែ​មួយ តែ​វា​នឹង​នាំ​អ្នក​ទៅ​រក​ឃើញ​ដល់​ឫសគល់​របស់​ធម្មជាតិ​នៃ​អ្វីៗ​ទាំងឡាយ ហើយ​ចំណេះដឹង​អ្នក​នឹង​កាន់តែ​ទូលាយ​ចំពោះ​ពិភពលោក​នេះ៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ pickthebrain

X
5s