តើនរណាជាបិតានៃអ្នកបង្កើតអាវុធគីមី ?
អាវុធគីមីបានសម្លាប់ជីវិតមនុស្សអស់ជាច្រើននាក់អំឡុងសង្គ្រាមលោកលើកទី១ ក្រោយមកនៅក្នុងសង្គ្រាមរបស់អ៊ីរ៉ាក់ និងឥឡូវនេះជាបញ្ហាក្ដៅគគុកដែលទើបនឹងកើតឡើងនៅក្នុងប្រទេសសីុរីទៀតនោះ។ តើនរណាជាបិតានៃអ្នកបង្កើតអាវុធគីមីនេះ?
ជាជំនាន់ក្រោយដែលមានដូនតាជាជនជាតិជ្វីហ្វ និងមានសញ្ជាតិជាប្រជាពលរដ្ឋអាល្លឺម៉ង់ លោក Fritz Haber កើតនៅក្នុងខេត្ត Breslau នៃប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ១៨៦៨ ដែលសព្វថ្ងៃស្ថិតនៅក្នុងប្រទេសប៉ូឡូញ។ លោកត្រូវបានគេចាត់ទុកជាអ្នកប្រាជ្ញវិទ្យាសាស្ត្រដ៏ឈ្លាសវៃមួយរូប ទន្ទឹមនឹងគ្នានេះលោកក៏ជាឃាតកសម្លាប់មនុស្សផងដែរ។ ភាពជោគជ័យនៃការស្រាវជ្រាវរបស់លោក បានជួយស្រោចស្រង់ជីវិតមនុស្សរាប់លាននាក់ ដែលកំពុងតែអត់ឃ្លានដោយមិនមានធាតុគីមីអាសូតគ្រប់គ្រាន់សម្រាប់ឲ្យដំណាំស្រូវលូតលាស់បំពេញតម្រូវការប្រជាជនដែលកំពុងតែកើនឡើងក្នុងសតវត្សទី២០ ដំណាលគ្នានេះវាក៏ជាគំនិតផ្ដួចផ្ដើមឲ្យមានការស្រាវជ្រាវថ្មីៗផលិតអាវុធគីមីប្រើប្រាស់ក្នុងសង្គ្រាមសម្លាប់ជីវិតមនុស្សយ៉ាងសាហាវព្រៃផ្សៃមិនតិចនោះដែរ។
ការទទួលបានការរៀនសូត្រនៅក្នុងសាលាពាក់ព័ន្ធនឹងចំណេះដឹងផ្នែកគីមីយ៉ាងជ្រៅជ្រះ រួមផ្សំនឹងមានឪពុកដែលជាអ្នកជំនួញថ្នាំជ្រលក់ពណ៌ ដែលអាចឲ្យលោកនៅជួយការងារឪពុក ព្រមទាំងធ្វើការនៅកន្លែងផលិតស្រាបៀ រោងចក្រផលិតសែលុយឡូស និងរោងចក្រផលិតសូដ្យូមកាបូណាតទៀតនោះ ទាំងនេះបានពង្រឹងពង្រីកនូវចំណេះដឹងរបស់លោក ដែលត្រូវយកមកប្រើប្រាស់ក្នុងការពិសោធន៍ស្រាវជ្រាវនៅពេលក្រោយបង្កើតជាអាម៉ូញាក់ ដែលទទួលបានពីការធ្វើសំយោគរវាងអាសូតនិងអ៊ីដ្រូហ្សែន សម្រាប់ធ្វើជាជីគីមីប្រើប្រាស់ក្នុងដំណាំស្រូវឲ្យលូតលាស់មានជីវជាតិល្អ ដែលនាំមកឲ្យលោកនូវពានរង្វាន់ណូបែលផ្នែកគីមីក្នុងឆ្នាំ១៩១៨។
ការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្ររូបនេះកាន់តែបង្ហាញឲ្យឃើញនូវផ្លូវតម្រង់ឆ្ពោះទៅរកភាពវិជ្ជមានដែលជួយដល់ជីវិតមនុស្សអត់ឃ្លានជាច្រើនទៀត នៅពេលការសហការរបស់លោកជាមួយវិស្វករមកពីក្រុមហ៊ុនគីមីមួយរូបទៀត លោក Carl Bosch ដែលអភិវឌ្ឍឈានទៅដល់ការបង្កើតក្នុងទ្រង់ទ្រាយជាឧស្សាហកម្មធុនធំ ដែលអាចបង្កើតនូវជីគីមីបានកាន់តែច្រើនជាងមុនឆ្លើយតបទៅតាមតម្រូវការនៃកំណើនប្រជាជនបានយ៉ាងល្អប្រសើរ។ ដំណើរការណ៍ផលិតដែលត្រូវបានគេយកមកប្រើរហូតមកដល់សព្វថ្ងៃនេះមានឈ្មោះថា "Haber-Bosch process"។
ថ្វីត្បិតតែលោកគឺជាមានដើមកំណើតជាជនជាតិជ្វីហ្វក៏ដោយ តែលោកបានអះអាងថាលោកគឺជាប្រជាជនរបស់អាល្លឺម៉ង់ដ៏ជាតិនិយមមួយរូប។ នៅពេលសង្គ្រាមលោកលើកទី១ផ្ទុះឡើង លោកបានបន្តធ្វើការស្រាវជ្រាវទៅលើឧស្ម័នក្លរួ ដែលក្រោយមកជាផលិតកម្មនៃអាវុធគីមីដែលផ្ដាច់ជីវិតមនុស្សយ៉ាងស្ងប់ស្ងាត់និងសាហាវបំផុតនោះឯង។
លោកបានជួយឲ្យយោបល់អាល្លឺម៉ង់ក្នុងសង្គ្រាមដោយប្រើប្រាស់ឧស្ម័នបំពុលក្លរួនេះជាការវាយប្រហារលើកដំបូងនៅតំបន់ Ypres ក្នុងទឹកដីនៃប្រទេសបែលហ្សិក ក្នុងឆ្នាំ១៩១៥ ប៉ុន្តែទង្វើប្រាសចាកគុណធម៌នៃការប្រើប្រាស់ឧស្ម័នបំពុលក្លរួនេះ បែរជាក្លាយជាមូលហេតុនៃការធ្វើអត្តឃាតខ្លួនរបស់ភរិយាទី១របស់លោកគឺនាង Clara Immerwahr ដែលជាស្ត្រីម្នាក់ក្នុងចំណោមគីមីវិទូស្ត្រីដំបូងរបស់អាល្លឺម៉ង់។
នៅពេលអាដុល ហីុទ្លែ ប្រមូលបានអំណាចកាន់កាប់ប្រទេសអាល្លឺម៉ង់ហើយ បើទោះជាមានការអះអាងនូវភាពជាតិនិយមរបស់លោក Fritz Haber ពិតមិនអាចការពារលោកពីគោលនយោបាយរើសអើងជនជាតិជ្វីសរបស់អ្នកដឹកនាំផ្ដាច់ការរបស់អាល្លឺម៉ង់រូបនេះដែរ ដែលជាហេតុនាំឲ្យលោកត្រូវភៀសខ្លួនទៅកាន់ប្រទេសស្វីស និងទទួលមរណភាពនៅទីនោះដោយរោគគាំងបេះដូងនាខែមករា ឆ្នាំ១៩៣៤។
អ្វីដែលរឹតតែគួរជាភាពសោកសង្រេងសម្រាប់អ្នកវិទ្យាសាស្ត្ររូបនេះទៀតនោះ គឺកេរ្តិ៍មរតករបស់លោកត្រូវបានយកទៅស្រាវជ្រាវបន្តទៀត ដែលត្រូវបានពួកណាសីុអាល្លឺម៉ង់ប្រើប្រាស់យកមកសម្លាប់ប្រជាជនជ្វីសទាំងឡាយរាប់លាននាក់ក្នុងទឹកដីពួកគេ រួមទាំងបងប្អូនរបស់លោកទៅទៀត។ ទោះជាយ៉ាងណា នៅសល់ផ្នែកមួយនៃការស្រាវជ្រាវរបស់លោកនិងមិត្តរួមការងារដទៃទៀត ដែលទទួលបានភាពជោគជ័យសម្រាប់ប្រយោជន៍មនុស្សជាតិនោះគឺជា ឧស្ម័នសម្រាប់បាញ់សម្លាប់សត្វល្អិតចង្រៃផងដែរ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ chemicalweapons & bbc