ហេតុអ្វីនាំឲ្យមានអាពាហ៍ពិពាហ៍បងប្អូនសែស្រឡាយគ្នា ហើយវាប៉ះពាល់អ្វីខ្លះ?
ការបង្កើតចំណងអាពាហ៍ពិពាហ៍ជាប់សែស្រឡាយនឹងគ្នា បានក្លាយជាទំនៀមទម្លាប់របស់បណ្ដាប្រទេសឬតំបន់មួយចំនួននៅលើពិភពលោកតាំងពីសម័យដើមមកម្ល៉េះ។ ថ្វីត្បិតថាពេលខ្លះអ្នកប្រតិបត្តិទំនៀមទម្លាប់របស់ខ្លួនមួយចំនួនមិនដឹងពីឫសគល់នៃមូលហេតុដែលបណ្ដាលឲ្យមានការប្រតិបត្តិអ្វីមួយតៗរហូតពីដូនតាជំនាន់ដើមមកក្ដី ក៏វប្បធម៌នៃការរៀបអាពាហ៍ពិពាហ៍រវាងបងប្អូនជាខ្សែស្រឡាយជិតគ្នានេះ មានមូលហេតុរបស់វា និងអាចផ្សេងៗពីគ្នាទៅតាមតំបន់នីមួយៗ។
នៅតាមបណ្ដាអ្នកកាន់សាសនាឥស្លាមក្នុងប្រទេសឥណ្ឌា អ្នករស់នៅប៉ែកមជ្ឈិមបូព៌ា និងជនជាតិអាហ្វ្រិក មានការប្រតិបត្តិដូចនេះទៅតាមទំនៀមទម្លាប់សាសនានិងវប្បធម៌តាំងពីសម័យដើមរបស់ពួកគេ ស្របពេលដែលមានជនជាតិមួយចំនួនដែលរស់នៅដាច់ដោយឡែកពីគេក៏នាំមកនូវអាពាហ៍ពិពាហ៍ក្នុងទម្រង់នេះជាប្រពៃណីរបស់ពួកគេដែរ។
មូលហេតុដ៏សំខាន់មួយទៀតនោះគឺជាកត្តាសេដ្ឋកិច្ចសង្គម ដូចជាត្រកូលស្ដេច ឬអ្នកមានទ្រព្យភាគច្រើន ផ្សំផ្គុំកូនចៅរបស់ពួកគេជាមួយនឹងបងប្អូនក្នុងវង្សត្រកូលជាមួយគ្នា ដើម្បីរក្សាទ្រព្យ និងកិត្តិយសរបស់ពួកគេ ឯអ្នកក្រខ្សត់ក៏រៀបការជាមួយអ្នកមានសេដ្ឋកិច្ចសង្គមស្រដៀងៗគ្នានោះទៅ។ បើក្នុងករណីប្រជាជនជប៉ុននៅទីក្រុង Hiroshima និងទីក្រុង Nagasaki បន្ទាប់ពីរងគ្រោះពីការទម្លាក់គ្រាប់បែករបស់អាមេរិកមកលើប្រជាជនក្នុងទឹកដីនេះ ការរៀបការជាមួយខ្សែស្រឡាយគ្នាឯងក៏កើតមានឡើងផងដែរ។
យ៉ាងណាមិញ គុណសម្បត្តិតែងមកជាគូនឹងគុណវិបត្តិជានិច្ច។ បងប្អូនជាប់ខ្សែស្រឡាយជិតគ្នាមានលក្ខណៈដូចគ្នានៃហ្សែនច្រើន ហេតុនេះបើកាលណាមេជីវិតទាំងពីរបង្កកំណើតមក ជំនាន់ក្រោយពួកគេនឹងមិនសូវមានលក្ខណៈខុសគ្នានៃហ្សែនច្រើននោះទេ ហើយភាពមិនសូវសម្បូរបែបនៃលក្ខណៈនៃហ្សែននេះនឹងបង្កជាគ្រោះថ្នាក់ជាច្រើនចំពោះសុខភាព ភាគច្រើនជាជំងឺប្រភេទដ៏កម្រ និងប្រសិនបើអ្នកជំនាន់ក្រោយទៀតប្រតិបត្តិបែបនេះតជាប់គ្នាមករហូតអស់ជាច្រើនជំនាន់ នោះវានឹងបង្កជាជំងឺតពូជដ៏កម្រទៅទៀត។ វាអាចប៉ះពាល់ទៅដល់ការលូតលាស់ធំធាត់ពេញលក្ខណៈរបស់ក្មេង មានហានិភ័យខ្ពស់ចំពោះការស្លាប់បាត់បង់ជីវិតនិងការកើតជំងឺចម្លែកផ្សេងៗរបស់ក្មេងផងដែរ។
ជាឧទាហរណ៍អំពីរុក្ខជាតិ ធម្មជាតិនៃរុក្ខជាតិរស់នៅមិនបានយូរអង្វែងនោះឡើយ ដោយសារតែវាបង្កកំណើតដោយការប្រព្រឹត្តទៅនៃដំណើរលម្អងឯង បង្កាត់ពូជជាមួយនឹងស្រឡាយជិតៗនឹងវានេះឯង។ ឯសត្វក៏មិនខុសគ្នាដែរ នៅពេលមនុស្សបង្កាត់ពូជវាជាមួយនឹងពូជជិតៗវា ជំនាន់ក្រោយដែលកើតមកក៏តែងមានកម្លាំងជីវិតខ្សោយ មានអាយុកាលជីវិតខ្លី ហើយទិន្នផលដែលជំនាន់ក្រោយនេះផលិតមកទៀតសោតក៏ទទួលបានតិចដែរ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ nepaliaashish