តើអ្វីជាចន្លោះប្រហោងនៃចំណុចល្អរបស់ប្រព័ន្ធអប់រំក្នុងលោក?
នៅក្នុងភាពល្អឥតខ្ចោះនៃប្រព័ន្ធអប់រំក្នុងសាលា ដែលផ្ដល់ឲ្យសិស្សនូវចំណេះដឹងបែបទ្រឹស្ដី ការអប់រំនៅក្នុងសាលាធ្វើឲ្យមានការទទួលស្គាល់នូវសមត្ថភាពរបស់បុគ្គលម្នាក់ៗពីសង្គមនិងស្ថាប័នការងារ សញ្ញាប័ត្របញ្ជាក់ការសិក្សាផ្ដល់នូវកេរ្តិ៍ឈ្មោះនិងមុខមាត់ដល់បុគ្គលនៅក្នុងសង្គម ជាពិសេសគឺជាជំនាញច្បាស់លាស់របស់សិស្សដែលទទួលបានការបង្ហាត់បង្រៀនពីគ្រូជំនាញៗក្នុងសាលា ក្រៅពីនេះតើអ្វីទៅជាចន្លោះប្រហោងនៅក្នុងការអប់រំក្នុងសាលាដែលត្បិតថាតូចមែនពិត តែការប៉ះពាល់របស់វាគឺជាបញ្ហាមួយដែលទាមទារការយកចិត្តទុកដាក់ទៅលើសមត្ថភាពក្នុងការបំពេញការងារក្នុងរយៈពេលវែង ?
ចន្លោះប្រហោងដែលមិនអាចបិទជិតបាននោះគឺជា ភាពខ្វះខាតនូវគំនិតច្នៃប្រឌិតនោះឯង។ ប៉ុន្តែ ហេតុអ្វីសង្គមត្រូវចាំបាច់យកចិត្តទុកដាក់អំពីវាដើម្បីអ្វី ? តើវាមានភាពសំខាន់ប៉ុណ្ណា និងចាំបាច់ដូចម្ដេចខ្លះ ? ជាការពិតណាស់ ភាពជឿនលឿននៃបច្ចេកវិទ្យាទំនើបក្នុងយុគសម័យនេះ ជះឥទ្ធិពលយ៉ាងខ្លាំងក្លាដោយមិនអាចឃាត់ឃាំងបាននូវការប្រកួតប្រជែងដែលរីកដុះដាលនៅគ្រប់វិស័យនិងគ្រប់ផ្នែកទាំងអស់នៃដំណើរការណ៍របស់សង្គមនីមួយៗ។ ឧបសគ្គមិនថាតូចឬធំ តែងកើតឡើងដោយមិនអាចប្រមើលទុកដឹងមុនបាន។
ក្នុងមហាសមុទ្រដែលពោរពេញដោយការប្រកួតប្រជែងយ៉ាងពុះកញ្ជ្រោលនេះ អ្នកដែលជាប់គាំងមិនអាចដោះស្រាយបញ្ហារបស់ខ្លួនបាន មុខជាត្រូវលិចលង់ស្លាប់ទៅក្នុងបាតសមុទ្រមិនខាន ហើយជ័យជម្នះប្រាកដណាស់ថានឹងធ្លាក់តែទៅលើកណ្ដាប់ដៃបុគ្គលណាដែលមានសមត្ថភាព ជាពិសេសភាពច្នៃប្រឌិតបត់បែនតាមស្ថានការណ៍បានល្អ ដើម្បីដោះស្រាយបញ្ហានិងជម្នះនូវរនាំងឧបសគ្គបានប៉ុណ្ណោះ មិនសំដៅតែចំពោះផ្នែកជំនួញនោះទេ គឺគ្រប់ផ្នែកទាំងអស់នៃសង្គមផងដែរ។ ម្យ៉ាងទៀត អ្នកជំនាញបានកត់សម្គាល់នូវដំណាក់កាលនៃការគិត២បែបរបស់មនុស្សគឺ ការគិតជារួម ឬ មានតែមួយ (convergent thinking) និងការគិតខុសពីគ្នា (divergent thinking)។
របៀបដែលការអប់រំក្នុងសាលាហ្វឹកហាត់សិស្សឲ្យគិតគឺជាឧទាហរណ៍មួយយ៉ាងច្បាស់ក្រឡែតអំពីការគិតជារួម ឬ មានតែមួយ (convergent thinking) ។ វាជាការគិតដែលមានចម្លើយតែមួយទម្រង់ ដំណោះស្រាយតែមួយបែបចំពោះបញ្ហានីមួយៗ ដែលវាបង្ហាញពីលក្ខណៈចង្អៀតចង្អល់ និងចំណេះដឹងបែបផ្លូវតូចចង្អៀត និងការគិតបែបត្រង់ៗដែលដើរតាមមូលដ្ឋានដែលគេបានកំណត់មកស្រាប់តាំងពីដើមមក។ ដោយឡែក ការគិតខុសពីគ្នាវិញ គឺជាវិធីនៃការគិតដែលខុសគ្នាដាច់ស្រឡះពីវិធីគិតខាងលើដែលសាលាបានបង្រៀនមនុស្ស។ ការគិតខុសពីគ្នានេះ ឬគេចូលចិត្តសំដៅទៅលើអ្នកដែលគិតក្រៅប្រអប់ ឬជាការគិតបែបច្នៃប្រឌិត មិនរឹតត្បិតខ្លួនឯងតែទៅលើដំណោះស្រាយតែមួយនោះឯង។
ត្រង់នេះលក្ខណៈគិតច្នៃប្រឌិតរបស់មហាសេដ្ឋីបច្ចេកវិទ្យាល្បីៗរបស់ពិភពលោកដែលបោះបង់ការសិក្សាចោលដូចជា លោក Steve Jobs ឬលោក Mark Zuckerberg អាចជាតឹកតាងបញ្ជាក់អ្នកបាន។ យ៉ាងណាមិញ នេះមិនមែនមានន័យថាការអប់រំក្នុងសាលាមិនល្អសម្រាប់អ្នក ដែលអ្នកត្រូវបោះបង់ចោលដែរនោះទេ តែអ្នកត្រូវចេះងាកមកហ្វឹកហាត់ខ្លួនឯងនូវការគិតច្នៃប្រឌិត សំដៅដល់ការត្រិះរិះគិតរកជម្រើសដោះស្រាយច្រើនចំពោះបញ្ហាមួយ មិនមែនជាប់ផុងតែវិធីដោះស្រាយតែមួយបែបដូចចម្លើយចំពោះលំហាត់គណិតដែលអ្នកបានដោះស្រាយក្នុងការប្រឡងនោះទេ ឬពុំនោះទេនៅពេលដំណោះស្រាយតែមួយដែលអ្នករកឃើញនោះមិនដំណើរការណ៍ នោះអ្នកនឹងស្រវេស្រវាហែលប្រណាំងប្រជែងជាមួយរលកធំៗរបស់មហាសមុទ្រយ៉ាងគួរឲ្យគ្រោះថ្នាក់បំផុតហើយ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ lifehack