ស្ថានការណ៍៤យ៉ាងដែលអាចបញ្ជាក់ពីអត្តចរិត​ពិតរបស់អ្នកបាន​



ការ​គិត​របស់​មនុស្ស​គឺជា​អ្នក​ឆ្លាក់​ច្នៃ​នូវ​អត្តចរិត​របស់​ពួកគេ។ ឬ​ក៏​ដូច​ព្រះពុទ្ធ​ទ្រង់​មាន​ពុទ្ធដីកា​ថា៖ «ចិត្ត​គឺជា​អ្វី​គ្រប់​យ៉ាង អ្នក​នឹង​ក្លាយ​ជា​អ្វី​ដែល​អ្នក​គិត»។ វិធី​ដែល​អ្នក​ជ្រើសរើស​មើល​ទៅលើ​រាល់​ស្ថានការណ៍​ទាំងឡាយ និង​វិធី​ដែល​អ្នក​ជ្រើសរើស​ឆ្លើយតប​ទៅលើ​វា​វិញ នឹង​បញ្ជាក់​បាន​ថា​តើ​អ្នក​ជា​មនុស្ស​បែប​ណា។ ត្រង់​នេះ​ដូច​បណ្ឌិត ស្ទីហ្វិន ខូវិយ៍​បាន​និយាយ​ថា៖«ខ្ញុំ​មិនមែន​ជា​ផលិតផល​កើតឡើង​ពី​ស្ថានការណ៍​របស់​ខ្ញុំ​នោះ​ទេ។ ខ្ញុំ​គឺជា​ផលិតផល​កើតឡើង​ពី​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ»។

រាល់​អ្វី​ដែល​កើតឡើង​ចំពោះ​យើង​គឺជា​អ្វី​ដែល​យើង​មិន​អាច​បដិសេធ​មិន​ឲ្យ​ចូល​មក​ក្នុង​ជីវិត​យើង​បាន​ឡើយ យើង​គ្មាន​សិទ្ធិ​អំណាច​ទៅ​គ្រប់គ្រង​រឿង​ខាងក្រៅ​នោះ​ឡើយ។ យ៉ាងណាមិញ អ្វី​ដែល​ស្ថិត​នៅ​ក្នុង​ព្រំដែន​សិទ្ធិ​អំណាច​ក្រោម​ការ​ក្ដោបក្ដាប់​របស់​យើង នោះ​គឺជា​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​ឆ្លើយតប​ចំពោះ​រាល់​ស្ថានការណ៍​ទាំងអស់​នោះ​ឯង ហើយ​ជម្រើស​របស់​អ្នក​នឹង​ឆ្លើយ​នឹង​សំណួរ​ថា​តើ​អ្នក​ជា​មនុស្ស​បែប​ណា​យ៉ាង​ពិត​ប្រាកដ ជាពិសេស​នៅ​ក្នុង​ស្ថានការណ៍​សំខាន់ៗ​ដូច​ដែល​មាន​បង្ហាញ​នៅ​ខាងក្រោម​នេះ។

១) ការ​លំបាក​និង​ឧបសគ្គ​នៅ​ក្នុង​ជីវិត៖ មនុស្ស​ម្នាក់ៗ​មិន​ខុស​គ្នា​ត្រង់​ណា​ឡើយ ខុស​ត្រង់​ម្យ៉ាង​គឺ​ការ​គិត​របស់​ពួកគេ​ម្នាក់ៗ​ប៉ុណ្ណោះ ដែល​ជា​ចម្លើយ​ទៅ​កាន់​សំណួរ​ថា​ហេតុអ្វី​មាន​មនុស្ស​បរាជ័យ ស្រប​ពេល​ដែល​មនុស្ស​ឯ​ទៀត​សម្រេច​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ក្នុង​ជីវិត​របស់​ខ្លួន។ នៅ​ពេល​ឧបសគ្គ​ចូល​មក​កាត់​ដំណើរ​ជីវិត​អ្នក តើ​អ្នក​ជ្រើសរើស​មើល​ទៅលើ​វា​ជា​គ្រោះ​អាក្រក់​ហើយ​ជ្រើសរើស​អោន​ក្បាល​ទទួល​យក​វា ឬ​ក៏​មើល​ទៅលើ​វា​ជា​ការ​សាកល្បង​ប្រកួតប្រជែង​យក​ឈ្នះ​លើ​វា។

២) ការ​ឆ្លើយតប​របស់​អ្នក​នៅ​ពេល​កំហឹង​លេច​ឡើង​មក៖ នៅ​ពេល​អ្នក​ខឹង អ្នក​ដែល​ត្រូវ​រងគ្រោះ​មុន​គេ​នោះ​គឺជា​ខ្លួន​អ្នក​នេះ​ឯង។ នៅ​ពេល​មនុស្ស​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កំហឹង​ទាំងស្រុង​ហើយ ពួកគេ​ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ដែល​បាត់បង់​វិចារណញ្ញាណ មិន​អាច​បែងចែក​ខុសត្រូវ​ដូច្នោះ។ ដូច្នេះ​តើ​អ្នក​ជ្រើសរើស​បណ្ដោយ​ឲ្យ​អារម្មណ៍​ដឹក​មុខ​អ្នក​ឲ្យ​ជះ​កំហឹង​ដាក់​អ្នកដទៃ​ដោយ​ខ្វះ​ការ​ពិចារណា​ឲ្យ​បាន​ត្រឹមត្រូវ​ជាមុន ឬ​ក៏​ទប់​អារម្មណ៍​ដែល​កំពុង​ពុះ​កញ្ជ្រោល​នោះ​ឲ្យ​ស្ងប់​នៅ​ក្រោម​វិចារណញ្ញាណ​ដែល​មនុស្ស​មាន។

៣) ប្រភេទ​នៃ​ទំនាក់ទំនង​ដែល​ទាក់ទាញ​ចិត្ត​អ្នក៖ តាមរយៈ​រង្វង់​មិត្តភ័ក្ដិ​បែប​ណា​ដែល​អ្នក​មាន វា​ក៏​អាច​បញ្ជាក់​បាន​ថា​អ្នក​ជា​មនុស្ស​បែប​ណា​ដែរ។ អត្តចរិត​របស់​មនុស្ស​បែប​ណា វា​នឹង​ស្រូប​ទាញ​មនុស្ស​ផ្សេង​ទៀត​ដែល​មាន​អត្តចរិត​ប្រហាក់​ប្រហែល​នឹង​គេ​មក​រួម​ដំណើរ​ជា​មិត្ត​ជាមួយ​ហើយ។ បើ​អ្នក​រួម​ដំណើរ​ជិះ​ទូក​តែ​មួយ មិន​មាន​គោលដៅ​ចិត្ត​គំនិត​រួម​តែ​មួយ​នោះ​ទេ ពួកគេ​ពិបាក​នឹង​ចុះ​សម្រុង​គ្នា​ឆាប់​សម្រេច​ទៅ​ដល់​គោលដៅ​ណាស់។

៤) របៀប​ដែល​អ្នក​ប្រើប្រាស់​លុយ៖ តើ​អ្នក​ប្រើប្រាស់​លុយ​ដើម្បី​វិនិយោគ​ទៅលើ​អ្វី​ជា​ចម្បង​បំផុត ? វិនិយោគ​ទៅលើ​ការ​បំពេញ​ចំណង់​តណ្ហា​មួយ​ចម្អែត​កំពឹស​របស់​អ្នក ឬ​វិនិយោគ​ទៅលើ​ផល​ប្រយោជន៍​ក្នុង​រយៈពេល​វែង​ដូចជា​ការ​អប់រំ​ជាដើម។ មក​ដល់​ត្រង់​នេះ​ក៏​នឹក​ឃើញ​សម្ដី​មួយ​របស់​សូក្រាត​ថា ៖ «បើ​មនុស្ស​ម្នាក់​អួត​អំពី​ទ្រព្យធន​របស់​ខ្លួន មនុស្ស​នេះ​មិន​គួរ​ត្រូវ​បាន​គេ​លើក​សរសើរ​ទេ ដរាប​ណា​គេ​មិន​ទាន់​ដឹង​ថា​មនុស្ស​នេះ​ប្រើប្រាស់​វា​ដោយ​របៀប​ណា​នោះ»

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ lifehack

X
5s