មេរៀនអំពីការផ្លាស់ប្ដូរខ្លួនឯងពីសៀវភៅ"ឧបនិស្ស័យ​៧ប្រការ​សម្រាប់​បុគ្គល​ឆ្នើម" របស់បណ្ឌិត ស្ទីហ្វិន ខូវិយ៍ (Stephen R.Covey)​



គតិបណ្ឌិត​មួយ​នា​សម័យកាល​នៃ​ទស្សនវិជ្ជា​ដ៏​មាន​អរិយធម៌​របស់​ក្រិក​របស់​ទស្សនវិទូ ផ្លាតុង មាន​សេចក្ដី​ថា "ជ័យជម្នះ​លើ​ខ្លួនឯង​គឺជា​ជ័យជម្នះ​ដំបូង​និង​ថ្លៃថ្លា​ជាងគេ​បង្អស់"។ ត្រង់​ទស្សនវិជ្ជា​នេះ ស្នាដៃ​និពន្ធ​របស់​កវី​និពន្ធ​សញ្ជាតិ​អាមេរិក​ប្រកប​ដោយ​ការ​យល់ដឹង​ពី​អត្ថន័យ​នៃ​ជីវិត​ដ៏​ស៊ីជម្រៅ​មួយ​រូប ដែល​ត្រូវ​បាន​មនុស្ស​ទូទាំង​សកលលោក​ស្គាល់​លោក​ជា បណ្ឌិត ស្ទីហ្វិន ខូវិយ៍ (Stephen R.Covey) ក្នុង​សៀវភៅ​ចំណង​ជើង​ថា "ឧបនិស្ស័យ​៧ប្រការ​សម្រាប់​បុគ្គល​ឆ្នើម" បាន​ដាស់តឿន​មនុស្ស​ក្នុង​សម័យកាល​នេះ ឲ្យ​ភ្ញាក់​រលឹក​ងាក​មក​ពិចារណា​ពី​របៀប​ដែល​ពួកគេ​ប្រើប្រាស់​ជីវិត​របស់​ខ្លួន​ដោយ​មិន​ត្រឹមត្រូវ ដែល​ជា​លទ្ធផល​នៃ​សេចក្ដី​ទុក្ខ​និង​ភាព​មិន​សម​បំណង​ទាំងឡាយ​របស់​ខ្លួន។

បើ​ទោះ​ជា​លោក​បាន​ទទួល​អនិច្ចកម្ម​កាល​ពី​ឆ្នាំ​២០១២​ទៅ​ហើយ​ក្ដី ក៏​ស្នាដៃ​និពន្ធ​មួយ​ក្បាល​នេះ​របស់​លោក​នៅ​តែ​មាន​វិញ្ញាណ​រស់​រវើក​ជានិច្ច ដែល​បាន​ជាប់​ក្នុង​តារាង​ជា​សៀវភៅ​ដែល​លក់​ដាច់​បំផុត​ក្នុង​ពេល​២៥០​សប្ដាហ៍​ជាប់​គ្នា និង​មាន​កំណត់ត្រា​លក់​បាន​លើស​ពី​២៥​លាន​ច្បាប់ និង​បកប្រែ​ជា​ភាសា​ផ្សេងៗ​ចំនួន​៤០​ភាសា​នៅ​ជុំវិញ​ពិភពលោក ហើយ​លោក​ក៏​ត្រូវ​បាន​ទស្សនាវដ្ដីTime Magazine ទទួល​ស្គាល់​ជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល​បំផុត​ទាំង​២៥​រូប​របស់​អាមេរិក​ផង​ដែរ។ តើ​ខ្លឹមសារ​នៃ​សៀវភៅ​នេះ​មាន​អ្វី​ពិសេស​ទើប​ធ្វើឲ្យ​អ្នក​អាន​ជា​ច្រើន​នាក់​បាន​ផ្លាស់ប្ដូរ​ជីវិត​ប្រែ​ជា​វិជ្ជមាន​បែប​នេះ ? នៅ​ក្នុង​ខ្លឹមសារ​សៀវភៅ​នេះ បុគ្គល​ឆ្នើម​ម្នាក់​ត្រូវ​តែ​សម្រេច​ឲ្យ​បាន​នូវ​ឧបនិស្ស័យ​ទាំង​៧​ជាមុន​សិន។

ឧបនិស្ស័យ​៣​ដំបូង​បង្អស់ ផ្ដោត​ជា​សំខាន់​ទៅលើ​ការ​ផ្លាស់ប្ដូរ​ខ្លួនឯង​ដែល​ជា​ជ័យជម្នះ​លើ​ខ្លួនឯង​នេះ​តែ​ម្ដង ទើប​ឧបនិស្ស័យ​៣​បន្ទាប់​ជា​ជ័យជម្នះ​លើ​អ្នកដទៃ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស និង​ឧបនិស្ស័យ​ចុងក្រោយ​ជា​ការ​សំលៀង​ឲ្យ​មុត​ឡើង​វិញ​ជា​ប្រចាំ​នូវ​ឧបនិស្ស័យ​ទាំង​៦ខាង​ដើម។ យ៉ាងណាមិញ នៅ​ទីនេះ​នឹង​ផ្ដោត​ជា​សំខាន់​ទៅលើ​ជ័យជម្នះ​លើ​ខ្លួនឯង​សិន​តែ​ប៉ុណ្ណោះ។ គាត់​មិនមែន​ផ្ដោត​សំខាន់​ជា​ដំបូង​ទៅលើ​ជ័យជម្នះ​លើ​ខ្លួនឯង​ជាមួយ​ឧបនិស្ស័យ​៣​ដោយ​គ្មាន​មូលហេតុ​នោះ​ឡើយ។ មនុស្ស​យើង​តែង​ធ្វើការ​ផ្លាស់ប្ដូរ​ជីវិត​របស់​ពួកគេ​ដោយ​ផ្ដើម​ពី​ក្រៅ​ចូល​ទៅ​ក្នុង។ ពួកគេ​បន្ទោស​មេឃ បន្ទោស​ដី មក​ពី​អ្នក​នេះ អ្នក​នោះ ស្ថានការណ៍​នេះ​ឬ​នោះ ប៉ុន្តែ​មិន​ដែល​បន្ទោស​ខ្លួនឯង ឫ​ចង់​ឲ្យ​ខាងក្រៅ​ផ្លាស់ប្ដូរ ប៉ុន្តែ​មិន​គិត​ផ្លាស់ប្ដូរ​ខ្លួនឯង​នោះ​ទេ។

នេះ​ហើយ​ដែល​គេ​កំពុង​ផ្លាស់ប្ដូរ​ជីវិត​ខ្លួនឯង​ដោយ​ផ្ដើម​ពី​ក្រៅ​ចូល​ទៅ​ក្នុង​នោះ ហើយ​វា​គ្រាន់តែ​បង្ខាត​ពេលវេលា​និង​កម្លាំង​ខ្លួនឯង​ចោល​ដោយ​ឥត​ប្រយោជន៍​ប៉ុណ្ណោះ។ មនុស្ស​ដែល​ខ្វះ​សមត្ថភាព បើ​ទោះ​ជា​ស្ថានការណ៍​ខាងក្រៅ​អំណោយផល​ល្អ​ដល់​គេ​ប៉ុណ្ណា ក៏​ពួកគេ​នៅ​តែ​ធ្វើ​មិន​បាន​ល្អ​នោះ​ដែរ។ ការ​មិន​ទទួល​ស្គាល់​ការ​ពិត​ពី​ភាព​ល្ងង់ខ្លៅ និង​កំហុស​របស់​ខ្លួន​គឺ​ជា​រឿង​គ្រោះថ្នាក់​បំផុត ដែល​រារាំង​ភាព​រុងរឿង​ចូល​មក​ដុះ​ផ្លែផ្កា​ក្នុង​ជីវិត​ពួកគេ​ដោយ​ខ្លួនឯង។

សូក្រាត​ក៏​បាន​និយាយ​ដែរ​ថា "ជីវិត​ដែល​មិន​មាន​ការ​ត្រួត​ពិនិត្យ​ពិចារណា​ទេ​នោះ វា​គ្រាន់តែ​ជា​ការ​រស់នៅ​ដែល​ឥត​មាន​តម្លៃ​ប៉ុណ្ណោះ"។ បើ​អ្នក​មើល​មិន​ឃើញ និង​ថែម​ទាំង​មិន​ទទួល​ស្គាល់​ពី​ចំណុច​ខ្វះខាត​របស់​ខ្លួន​ទេ អ្នក​នឹង​គ្មាន​ថ្ងៃ​អាច​រីកចម្រើន និង​សម្រេច​ដល់​គោលដៅ​បាន​ឡើយ។ ចំណុច​សំខាន់​មួយ​ទៀត​អំពី​ខ្លឹមសារ​ដែល​លោក ស្ទីហ្វិន​ចង់​ដាស់តឿន​ដល់​មនុស្សលោក​គឺជា​ការ​មិន​ចេះ​បែងចែក​ឲ្យ​បាន​ត្រឹមត្រូវ​ថា​កិច្ចការ​អ្វី​ដែល​សំខាន់ និង​អ្វី​ដែល​ត្រឹមតែ​ជា​កិច្ចការ​បន្ទាន់។ ដូចជា​អ្នក​ខ្លះ​ឲ្យ​អាទិភាព​ទៅលើ​ការងារ​របស់​ខ្លួន​និង​ប្រឹងប្រែង​រក​លុយ​តែ​ម្យ៉ាង ដោយ​យល់​ច្រឡំ​ថា​ទ្រព្យសម្បត្តិ​នឹង​នាំ​សុភមង្គល​មក​គ្រួសារ​របស់​ពួកគេ។ ប៉ុន្តែ​វា​មិនមែន​បែប​នេះ​នោះ​ទេ តែ​ជា​ពេលវេលា​ដែល​ពួកគេ​លះបង់​ដើម្បី​ចំណាយ​ជាមួយ​គ្រួសារ​ទៅវិញ​ទេ ទោះ​តិច​ក្ដី ទើប​ធ្វើឲ្យ​ពួកគេ​មាន​សុភមង្គល​ពិត​ប្រាកដ។ តែ​គួរ​ឲ្យ​សោកសង្រេង​ណាស់​ដែល​មាន​មនុស្ស​មិន​តិច​ទេ​ដែល​កំពុង​ឈ្លក់​វង្វេង​នឹង​ការ​រស់នៅ​ជីវិត​របស់​ខ្លួន​ក្នុង​របៀប​បែប​នេះ។

នៅ​ពេល​ដែល​អ្វី​មួយ​ដែល​ទាក់ទាញ​ចិត្ត​ពួកគេ​ជា​រឿង​ខុស ឬ​មានន័យ​ថា​ពួកគេ​ផ្ដល់​អាទិភាព​ទៅលើ​រឿង​មិន​ត្រឹមត្រូវ​ហើយ នោះ​អ្វីៗ​ដែល​មក​តាម​ក្រោយ​ក៏​នឹង​រត់​ចូល​មក​ក្នុង​ជីវិត​ពួកគេ​មិន​ត្រឹមត្រូវ​ដូច​គ្នា តួយ៉ាង​ដូច​មនុស្ស​ខាងលើ​ដែល​ឲ្យ​តម្លៃ​លើ​លុយ​ជាង​ទំនាក់ទំនង​ជាមួយ​មនុស្ស​សំខាន់​ដូច្នោះ។ វា​គឺជា​រឿង​គួរ​ឲ្យ​អស់​សំណើច​ណាស់​ដែល​មនុស្ស​ជាច្រើន​ចង់​យក​ឈ្នះ​អ្នកដទៃ ទាំង​ដែល​ពួកគេ​ខ្លួនឯង​មិន​ទាន់​ទាំង​អាច​យក​ឈ្នះ​លើ​ខ្លួនឯង​មុន​ផង​នោះ៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ yourstory

X
5s