ហេតុអ្វី «មជ្ឈិមសម័យ» ត្រូវបានគេហៅថា «យុគងងឹត» ?​



សម័យកាល​គ្រប់គ្រង​របស់​ចក្រភព​រ៉ូម៉ាំង​ដែល​មាន​អាយុកាល​ចាប់​ពី​ឆ្នាំ២៧​មុន​គ.ស​រហូត​ដល់​ឆ្នាំ៣៩៣​នៃ​គ.ស គឺជា​សម័យកាល​នៃ​ការ​ចងចាំ​របស់​មនុស្សជាតិ​អំពី​ប្រវត្តិសាស្ត្រ​ដ៏​រុងរឿង ជ័យជម្នះ​ទៅលើ​សង្គ្រាម​ជាមួយ​សត្រូវ​ជា​ច្រើន​រាប់​មិន​អស់​ដើម្បី​ពង្រីក​ទឹកដី​របស់​ខ្លួន នាំ​មក​នូវ​ភាព​ខ្ទរខ្ទារ​នៃ​កិត្យានុភាព​ដែល​ពោរពេញ​ទៅ​ដោយ​អំណាច​ខ្លាំងក្លា​ដូច​សឹង្ហ​របស់​ចក្រភព​រ៉ូម៉ាំង។

យ៉ាងណាមិញ ឫទ្ធានុភាព​ដ៏​ខ្លាំងក្លា​របស់​ចក្រភព​រ៉ូម៉ាំង​មិន​យូរ​ប៉ុន្មាន​ក៏​ត្រូវ​រលាយ​សាបសូន្យ​នៅ​ពេល​ទឹកដី​ដ៏​ធំ​មហាសាល​មួយ​នេះ​មិនមាន​អ្នកដឹកនាំ​ដ៏​មាន​សមត្ថភាព​អង់អាច​ក្លាហាន​ជា​អ្នក​គ្រប់គ្រង​ប្រទេស។ បន្ទាប់​ពី​ប្រវត្តិសាស្ត្រ​ដ៏​រុងរឿង​បាន​បញ្ចប់ សោកនាដកម្ម​របស់​មនុស្សជាតិ​ក៏​បាន​ចូល​មក​ជំនួស​នៅ​ក្នុង​មជ្ឈិម​សម័យ និង​ត្រូវ​បាន​គេ​ហៅ​សម័យកាល​នេះ​ថា​ជា "យុគ​ងងឹត" (The Dark Age) ដែល​អ្នក​ប្រវត្តិសាស្ត្រ​សន្មត​ថា​ប្រហែល​ស្ថិត​ក្នុង​អំឡុង​ឆ្នាំ​៤០០​នៃ​គ.ស​ដល់​ឆ្នាំ​១០០០​នៃ​គ.ស។ ហេតុអ្វី​បាន​ជា​ពាក្យ​ថា "មជ្ឈិម​សម័យ" អាច​យក​មក​ប្រើ​ជំនួស​ពាក្យ​ថា "យុគ​ងងឹត" បាន​ដូច្នេះ ? តើ​មាន​ព្រឹត្តិការណ៍​សំខាន់ៗ​អ្វី​ខ្លះ ដែល​នាំ​ឲ្យ​កកើត​ឡើង​នូវ​ឈ្មោះ​បែប​នេះ ?

យុគ​ងងឹត​អាច​ចាត់​ទុក​ថា​ជា​សម័យកាល​នៃ​សង្គ្រាម​នៃ​ជម្លោះ​សាសនា​រវាង​មែកធាង​ពីរ​ធំៗ​របស់​សាសនា​គ្រិស្ត​គឺ ពួក​អូតូដុក (Orthodox Christians) ឬ​ពួក​វិហារ​ខាង​កើត​តាំង​លំនៅ​ក្នុង​រដ្ឋធានី Canstantinople​របស់​ចក្រភព​រ៉ូម៉ាំង និង​ពួក​វិហារ​រ៉ូម៉ាំង​កាតូលិក​ខាងលិច (Catholics) ស្ថិត​នៅ​រដ្ឋធានី​រ៉ូម​នៃ​ប្រទេស​អ៊ីតាលី ហើយ​ក៏​ជា​សង្គ្រាម​ពាក់ព័ន្ធ​នឹង​នយោបាយ​ជា​ចម្បង​ផង​ដែរ។ អំឡុង​ពេល​នេះ សង្គ្រាម​ដណ្ដើម​ទឹកដី​គ្នា​របស់​ពួក​មនុស្ស​សម័យ​ដើម (barbarians) ពួកVikings (មាន​ដើម​កំណើត​ពី​អំបូរ​ពួកScandavanians) សមាជិក​នៃ​ពួក​អភិជន ពួក​អ្នក​មាន​អំណាច​របស់​អាល្លឺម៉ង់ និង​ពួក​ក្រិក បាន​បង្ក​ជា​របប​សក្ដិភូមិ និង​អ្នក​ដឹកនាំ​បែប​ផ្ដាច់ការ​នៅ​តាម​អាណាចក្រ​តូចៗ​នីមួយៗ​របស់​ពួកគេ និង​ផ្ដល់​នូវ​ជីវិត​ដ៏​លំបាក​វេទនា​ចំពោះ​ប្រជាជន​តូច​ទាប រស់នៅ​ជា​កសិករ​ធ្វើស្រែ​ចម្ការ​ដែល​ត្រូវ​ស្ដាប់​តាម​បង្គាប់​បញ្ជា​របស់​ម្ចាស់​ដី​ចម្ការ។ សង្គ្រាម​ពី​ពួក​ឥស្លាម អម​ជាមួយ​នឹង​សង្គ្រាម​ពី​ពួកbarbarians ពួកVikings និង​អ្នក​ចម្បាំង​ផ្សេង​ទៀត ដែល​មិន​ត្រឹមតែ​ចូល​មក​ប៉ុនប៉ង​ដណ្ដើម​ទឹកដី​នោះ​ទេ តែ​ថែមទាំង​ចូល​មក​កម្ទេច​អាណាចក្រ​ទាំងមូល​ទៀត​ផង។

មិន​យូរ​ប៉ុន្មាន​ស្នាដៃ​អក្សរសាស្ត្រ សិល្បៈ ស្នាដៃ​ទស្សនវិជ្ជា​ដ៏​សំខាន់ៗ​របស់​ទស្សនវិទូ​ល្បីៗ​ក្នុង​សម័យកាល​របស់​ចក្រភព​រ៉ូម៉ាំង​ក៏​ត្រូវ​បាន​រលាយ​សាបសូន្យ​ទៅ​តាម​នោះ​ដែរ និង​មាន​បន្សល់​ទុក​ព័ត៌មាន​មួយ​ផ្នែក​តូច​សម្រាប់​ឲ្យ​អ្នក​ជំនាន់​ក្រោយ​ដឹង​បាន​ពី​សម័យកាល​នេះ តាមរយៈ​ការ​ថែ​រក្សា​ទុក​ពី​វត្ត​អារាម​និង​វិហារ​របស់​ពួក​សាសនា​គ្រិស្ត​តែ​ប៉ុណ្ណោះ។ ដោយសារ​ព័ត៌មាន​តិចតួច​ត្រូវ​បាន​ដឹង​ពី​ហេតុការណ៍​កើតឡើង​ក្រោយ​សម័យកាល​នៃ​ការ​ដួល​រលំ​របស់​ចក្រភព​រ៉ូម៉ាំង​នេះ​ហើយ ទើប​បាន​ជា​ត្រូវ​គេ​លើកឡើង​អំឡុង​ពេល​នេះ​ថា​ជា "យុគ​ងងឹត" យ៉ាង​ដូច្នេះ។ ចំណែក​ឯ​ជម្លោះ​សាសនា​វិញ ពួក​អូតូដុក​ចាត់​ទុក​សម័យកាល​នេះ​ជា​អំពើ​ពុក​រលួយ​របស់​ពួក​កាតូលិក ប៉ុន្តែ​ពួក​កាតូលិក​ចាត់​ទុក​សម័យកាល​នេះ​ជា​ភាព​ចុះ​សម្រុង​គ្នា សុខ​សន្តិភាព និង​ប្រកប​ដោយ​ផលិតភាព​ទៅវិញ។ ប្រជាជន​កាន់​សាសនា​នា​យុគ​ងងឹត​នេះ ប្រៀប​បាន​ទៅ​នឹង​រាងកាយ​ជា​មនុស្ស​តែ​ឥត​វិចារណញ្ញាណ។

ពួក​កាតូលិក​ទាំង​ស្រី​ទាំង​ប្រុស​ប្រតិបត្តិ​ទំនៀមទម្លាប់​ដែល​សាហាវ​ឃោរឃៅ​របស់​សាសនា ខ្វាក់​ភ្នែក​ជឿ​ងប់ងុល​នឹង​ពាក្យ​គ្រប់​ម៉ាត់​ដែល​មេដឹកនាំ​សាសនា​ប្រាប់​ឲ្យ​ធ្វើ បោះ​ចោល​នូវ​ជីវិត​ប្រកប​ដោយ​ការ​គិត​មាន​ហេតុផល រីឯ​ពួក​អូតូដុក​ក៏​ខំ​លើក​តម្កើង​ជំនឿ​បែប​ទម្រង់​របស់​ពួកគេ​ដែរ។ ពួកគេ​ទាំងនេះ​ត្រូវ​បាន​បំពុល​ដោយ​ការ​បំភ័ន្ត​ការ​ពិត​ជា​ការ​ប្រឌិត ការ​កុហក​និង​ក្លែង​បន្លំ​របស់​មេដឹកនាំ​សាសនា។ ក្រោយ​មក​ដោយ​សន្សឹមៗ​ទើប​មាន​ការ​ចាប់​កំណើត​ឡើង​នូវ "​យុគ​មាស" (The Age of Enlightenment) ជា​ពេល​ដែល​មនុស្ស​ចាប់ផ្ដើម​ចេះ​ទទួល​យក​ចំណេះដឹង​បែប​វិទ្យាសាស្ត្រ ការ​គិត​បែប​វិចារណញ្ញាណ​ប្រកប​ដោយ​ហេតុផល ជាជាង​ងប់ងុល​ខ្វះ​ការ​ពិចារណា​នឹង​ជំនឿ​សាសនា ដែល​ពន្យឺត​និង​រារាំង​ដំណើរការណ៍​វិវត្ត​របស់​សង្គម​អំឡុង​យុគ​ងងឹត៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ thefinertimes

X
5s