ហេតុអ្វីមនុស្សមួយចំនួនសម្រេចចិត្តបោះបង់ក្ដីសុបិនរបស់ខ្លួន ?
តើអ្វីជាមូលហេតុនៃការបោះបង់ក្ដីសុបិនរបស់បុគ្គលម្នាក់ ? ចុះបើសួរបែបនេះវិញថា តើអ្វីជាលេសដោះសានៃការបោះបង់ក្ដីសុបិនរបស់បុគ្គលម្នាក់ ? តើសំណួរបែបនេះនឹងអាចផ្លាស់ប្ដូរការគិតរបស់បុគ្គលម្នាក់ចំពោះភាពស្ទាក់ស្ទើរនៃការចេញទៅសម្រេចក្ដីសុបិនរបស់ពួកគេទេ ? មនុស្សជាច្រើនបោះបង់ក្ដីសុបិនរបស់ខ្លួន ដោយលើកឡើងជាមួយហេតុផលយ៉ាងសមរម្យរហូតទាល់តែមិនអាចបន្ទោសបាន ដែលតាមពិតវាមិនមែនជាហេតុផលរបស់ពួកគេនោះទេ វាគ្រាន់តែជាលេសដោះសារបស់ពួកគេតែប៉ុណ្ណោះ។
ហេតុអ្វី ? ឧទាហរណ៍មួយអំពីរឿងរបស់បុរសម្នាក់ឆ្ងល់ពីគតិបណ្ឌិតរបស់សូក្រាត ហើយក៏សួរគាត់ថាតើអ្វីទៅដែលធ្វើឲ្យគាត់មានចំណេះដឹងជ្រៅជ្រះបែបនេះ ? សូក្រាតក៏នាំបុរសម្នាក់នោះទៅកាន់ទីមានទឹកមួយ ហើយក៏ជ្រមុជបុរសនោះជាច្រើនដងរហូតទាល់តែបុរសនោះស្ទើរអស់ដង្ហើមស្លាប់ ហើយសូក្រាតក៏សួរបុរសនោះថា តើអ្នកត្រូវការអ្វីបំផុតក្នុងពេលនេះ ?
បុរសនោះក៏ឆ្លើយយ៉ាងដង្ហក់ថាជាដង្ហើម ទើបសូក្រាតនិយាយថា បើអ្នកចង់បានចំណេះដឹងប្រហែលនឹងអ្នកត្រូវការដង្ហើមនោះអ្នកនឹងទទួលបានវាមិនខាន។ តើអ្នកចង់បានវាខ្លាំងប៉ុណ្ណា ? មិនមានហេតុផលសមរម្យណាទាំងអស់ដែលអាចបញ្ឈប់មនុស្សពីក្ដីសុបិនរបស់ពួកគេ ក្រៅពីហេតុផលម្យ៉ាងគឺមកពីពួកគេមិនចង់បានវាខ្លាំងក្លានោះឯង។ ខាងក្រោមនេះគឺជាលេសទាំង២យ៉ាងដែលមនុស្សជាទូទៅទាំងយកមកការពារខ្លួនឯង៖
១) មុខជាគ្មាននរណាម្នាក់យល់ពីក្ដីសុបិនរបស់ខ្ញុំឡើយ៖ តើអ្នកយល់ថាវាពិតជាចាំបាច់ណាស់មែនទេសម្រាប់អ្នកក្នុងការទទួលបានការអនុញ្ញាត និងទទួលស្គាល់ពីអ្នកដទៃ ? សាកគិតត្រឡប់ថយក្រោយចំពោះលោក ជេក ម៉ា ដែលបច្ចុប្បន្នជាស្ថាបនិកដ៏មានកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនយក្សAlibaba លក់ឥវ៉ាន់តាមអនឡាញដ៏ធំជាងគេបំផុតមួយរបស់ចិន។ កាលពីដំបូងមុនកំណើតក្រុមហ៊ុនមួយនេះ លោកមានគំនិតចាប់ផ្ដើមអាជីវកម្មតាមអនឡាញស្របពេលដែលប្រទេសចិនមិនទាន់មានបច្ចេកវិទ្យាទំនើបប្រើប្រាស់នៅឡើយ មិនស្គាល់ថាអ្វីជាអ៊ីនធឺណិត រឹតតែមិនស្គាល់ទៅទៀតថាអ្វីជាការធ្វើអាជីវកម្មតាមអនឡាញ។
លោកនាំយកគំនិតនេះទៅប្រាប់មិត្តភ័ក្ដិមួយចំនួនរបស់លោក ហើយនរណាក៏ចោទគំនិតលោកថាឆ្កួតដែរ មានតែមិត្តម្នាក់ប៉ុណ្ណោះដែលគាំទ្រលោក។ ប្រសិនបើពេលនោះលោកបោះបង់ក្ដីសុបិនខ្លួនឯងដោយចង់បានការយល់ពីអ្នកដទៃ ម្ល៉េះសមលោកមិនបានក្លាយជាមហាសេដ្ឋីមានទ្រព្យសម្បត្តិចំនួន៣៥.៧ពាន់លានដុល្លារ (គិតត្រឹមឆ្នាំ២០១៧) ដូចបច្ចុប្បន្ននេះឡើយ។
២) ខ្ញុំមិនមានសមត្ថភាពគ្រប់គ្រាន់នោះទេ៖ ឫក៏ស្រដៀងៗគ្នានេះដែរដូចជា ខ្ញុំចាស់ឫនៅក្មេងពេក ឬខ្ញុំមិនទាន់មានសមត្ថភាពឫបទពិសោធន៍គ្រប់គ្រាន់នោះទេ ជាដើម។ បើគិតឲ្យបានដិតដល់ទៅហេតុផលដែលល្អស្ដាប់តែសម្បកក្រៅនេះ គ្រាន់តែជាលេសដោះសាប៉ុណ្ណោះ។ ចូរចងចាំនូវពាក្យរបស់ទស្សនវិទូ Marcus Aurelius មួយថា "ដោយសារតែកម្លាំងរបស់អ្នកផ្ទាល់មិនស្មើភារកិច្ច ចូរកុំស្មានថាវាហួសពីអំណាចរបស់មនុស្ស ប៉ុន្តែបើការងារអ្វីមួយស្ថិតនៅក្នុងអំណាចនិងព្រំដែនមនុស្ស ជឿចុះថាវាក៏ស្ថិតក្នុងដែនសមត្ថភាពរបស់អ្នកដែរ"៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ youhaveacalling.com