ឆ្ងល់ទេថាតើមនុស្សពិការភ្នែកអាចសុបិនបានដែរឫអត់ ?​



គ្រប់​គ្នា​ដឹង​ស្រាប់​មក​ហើយ​ថា តាម​ធម្មជាតិ​មនុស្ស​ពិការ​ភ្នែក​គឺ​មិន​មាន​សមត្ថភាព​ប្រើប្រាស់​ភ្នែក​របស់​ពួកគេ ដើម្បី​ទទួល​យក​ព័ត៌មាន​នៅ​ជុំវិញ​ខ្លួន​នោះ​ទេ។ ដូច្នេះ ការ​សុបិន​របស់​មនុស្ស​ពិការ​ភ្នែក អាច​ចោទ​ជា​ចម្ងល់​សម្រាប់​មនុស្ស​ភាគច្រើន។ តើ​មនុស្ស​ពិការ​ភ្នែក​អាច​សុបិន​ដូច​មនុស្ស​ធម្មតា​បាន​ទេ ? ចុះ​បើ​ពួកគេ​សុបិន​បាន តើ​ពួកគេ​សុបិន​ឃើញ​អ្វី ? តើ​សុបិន​នោះ​ខុស​ពី​សុបិន​របស់​មនុស្ស​ធម្មតា​ទេ ?

សុបិន​កើតឡើង​នៅ​ក្នុង​ដំណាក់កាល​មួយ​នៃ​ដំណេក​ដែល​គេ​ហៅ​ថា rapid eye movement (REM) ដែល​ប្រព្រឹត្ត​ទៅ​នឹង​ក្នុង​ខួរក្បាល។ ដោយសារ​ដំណើរការណ៍​នៃ​សុបិន​កើតឡើង​នៅ​ក្នុង​ខួរក្បាល​បែប​នេះ ដូច្នេះ​មនុស្ស​ពិការ​ភ្នែក​ប្រាកដ​ណាស់​ថា​ពួកគេ​ក៏​អាច​សុបិន​ដូច​មនុស្ស​ទូទៅ​ដែរ។ យ៉ាងណាមិញ ទម្រង់​នៃ​សុបិន​របស់​ពួកគេ​មាន​ភាព​ខុស​គ្នា​ពី​មនុស្ស​ធម្មតា ព្រោះ​ថា​ពួកគេ​ប្រើប្រាស់​ញាណ​ផ្សេងៗ​របស់​ខ្លួន​ដូចជា ត្រចៀក អណ្ដាត កាយ ច្រមុះ និង​មិនមែន​ភ្នែក​ដើម្បី​ទទួល​យក​ព័ត៌មាន ហេតុនេះ​នៅ​ក្នុង​សុបិន​របស់​ពួកគេ​ក៏​មិន​បង្ហាញ​ជា​ទម្រង់​នៃ​រូបភាព​ដែល​ប្រើប្រាស់​ចក្ខុវិញ្ញាណ​ដូច​មនុស្ស​ទូទៅ​នោះ​ដែរ។

ដោយឡែក សុបិន​របស់​មនុស្ស​ពិការ​ភ្នែក បង្ហាញ​នៅ​ក្នុង​ទម្រង់​ជា​លក្ខណៈ​ប្រើប្រាស់​សោតវិញ្ញាណ (ត្រចៀក) ជីវ្ហាវិញ្ញាណ (អណ្ដាត ដើម្បី​ដឹង​ពី​រសជាតិ) កាយវិញ្ញាណ (ក្នុង​ទម្រង់​ជា​សុបិន​មាន​ចលនា) និង​ឃានវិញ្ញាណ (ច្រមុះ ដើម្បី​ស្រូប​ក្លិន) ដែល​មាន​បង្ហាញ​នៅ​ក្នុង​សុបិន​របស់​ពួកគេ​ច្រើន​ជាង​មនុស្ស​ធម្មតា​ទៅ​ទៀត។ អសមត្ថភាព​ក្នុង​ការ​ប្រើប្រាស់​ភ្នែក មិនមែន​មានន័យ​ថា​ពួកគេ​មិន​អាច​សុបិន​បាន​ក្នុង​ទម្រង់​ជា​ការ​ប្រើប្រាស់​ចក្ខុវិញ្ញាណ​នោះ​ទេដោយ​វា​អាស្រ័យ​ទៅលើ​វ័យ​ដែល​ចក្ខុ​របស់​ពួកគេ​ចាប់ផ្ដើម​អសមត្ថភាព​ប្រើ​ការ​លែង​បាន។

សម្រាប់​អ្នក​ដែល​ពិការ​ភ្នែក​នៅ​អាយុ​ចាប់ពី​៤​ឫ​៥​ឆ្នាំ​ឡើង​ទៅពួកគេ​មិន​អាច​សុបិន​ក្នុង​ទម្រង់​ជា​ការ​ប្រើប្រាស់​ចក្ខុវិញ្ញាណ​បាន​នោះ​ទេ ខណៈ​ពេល​ដែល​អ្នក​ដែល​ពិការ​ភ្នែក​នៅ​អាយុ​ចាប់ពី​៥​ឫ​៦​ឆ្នាំ​ឡើង​ទៅ សុបិន​ក្នុង​ទម្រង់​បែប​នេះ​នឹង​អាច​កើតឡើង​ទៅលើ​ពួកគេ​បាន។ មួយវិញទៀត ដោយ​ហេតុ​ថា​ពួកគេ​មិន​អាច​បញ្ជា​ភ្នែក​ខ្លួនឯង​បាន ពន្លឺ​មិន​អាច​ចូល​មក​ភ្នែក​របស់​ពួកគេ​បាន​នោះ​ទេ ធ្វើឲ្យ​ពួកគេ​មាន​ជំងឺ​ដំណេក​ដ៏​កម្រ​ម្យ៉ាង​ដែល​រំខាន​ពួកគេ​ឲ្យ​ពិបាក​គេង​លក់​នៅ​ពេល​យប់ តែ​បែរ​ជា​ងងុយ​គេង​នៅ​ពេល​ថ្ងៃ។ ដំណើរការណ៍​បែប​នេះ កើតឡើង​ជា​វដ្ដ​ត​ជាប់​គ្នា​ជា​ច្រើន​សប្ដាហ៍ ប៉ុន្តែ​បញ្ហា​ធម្មជាតិ​នេះ​អាច​ដោះស្រាយ​បាន​ក្រោម​ជំនួយ​ពី​ឱសថ៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ www.verywell.com

X
5s