តើ​​ក្នុង​លោក​នេះ មាន​ការ​ពិត​​​មួយ​រយ​ភាគរយ​ទេ​?​



មនុស្សម្នាក់ៗសុទ្ធទែតែមាន គំនិត និង ការ​យល់ឃើញផ្សេងៗគ្នា ហើយសុទ្ធតែគិត និង អះអាងថា គំនិតរបស់ខ្លួននោះគឺពិត និង ត្រឹមត្រូវមែន។ តើ​រាល់​ការ​យល់​ឃើញ​របស់អ្នក សុទ្ធតែ​តំណាង​ឲ្យការ​ពិត​នៅ​ក្នុង​ពិភពលោក​នេះ​មែន​ឫ ? តើ​អ្វី​ទៅ​ដែល​ជំរុញ​អ្នក​ឲ្យ​មាន​ជំនឿ​ចិត្ត​ខ្លាំងក្លា​ចំពោះ​មតិ​របស់​ខ្លួន​ថា​ជា​ការ​ពិត ប្រឆាំង​នឹង​មតិ​របស់​អ្នកដទៃ​ទៀត​ដែល​កំពុង​សម្លឹង​មើល​ទៅលើ​បញ្ហា​តែ​មួយ ? តើក្នុងលោកនេះ មានការពិតមួយរយភាគរយទេ ហើយធ្វើុយ៉ាងណាដើម្បីដឹង?

បើ​គ្រប់​គ្នា​នៅ​ក្នុង​បន្ទប់​មួយ​ជជែក​វែកញែក​ទៅលើ​ប្រធានបទ​មួយ សុទ្ធតែ​លើកឡើង​ពី​គំនិត​របស់​ខ្លួន ព្រម​ទាំង​ភ្ជាប់​មក​ជាមួយ​នឹង​អំណះអំណាង​និង​ភស្តុតាង​សម​ហេតុ​សម​ផល​ទៀត​នោះ តើ​មែន​ទែន​ទៅ​មួយ​ណា​ជា​ការ​ពិត​ពិត​ប្រាកដ ? មតិ​មួយ​ណា​ទើប​បញ្ជាក់​ពី​សច្ចភាព​របស់​អ្វី​មួយ​បាន​ទៅ​តាម​ធម្មជាតិ​របស់​វា ? បើ​មិន​ដូច្នោះ​ទេ ពួក​យើង​តែង​ត្រូវ​បាន​ប្រាប់​ឲ្យ​ប្រកាន់​យក​ភាព​បន្ទាប​ខ្លួន ស្ដាប់​និង​ទទួល​យក​មតិ​បកស្រាយ​របស់​អ្នកដទៃ​ចំពោះ​ហេតុការណ៍​តែ​មួយ ព្រោះ​យើង​មិន​អាច​អះអាង​យ៉ាង​ដាច់ខាត​ថា មាន​តែ​គំនិត​របស់​យើង​នោះ​ទេ​ដែល​ត្រឹមត្រូវ​ឥត​លម្អៀង​នោះ។

បើ​បែប​នេះ តើ​នៅ​លើ​លោក​នេះ​មាន​ការ​ពិត​មួយរយភាគរយ ឬ​សច្ចភាព​ត្រឹមត្រូវ​ឥត​ខ្ចោះ​របស់​អ្វី​មួយ​ទេ ? ឥឡូវ​នេះ សូម​ងាក​មក​ពិចារណា​អំពី​រឿង​បែប​អត្ថប្បដិរូប​មួយ (ជា​រឿង​ដែល​តួអង្គ​និង​ហេតុការណ៍​ផ្សេងៗ​ក្នុង​ដំណើរ​រឿង តំណាង​ឲ្យ​អ្វី​មួយ​ជា​ភាព​ជាក់ស្ដែង​នៃ​ពិភព​រូបី ក្នុង​គោលដៅ​ផ្ដល់​ការ​អប់រំ​ឬ​ការ​គិត​ពិចារណា) ដែល​ជា​ស្នាដៃ​របស់​ទស្សនវិទូ​ក្រិក​បុរាណ​របស់​លោក​ខាងលិច គឺ​ផ្លាតុង (Plato) ដែល​ចង់​ផ្ដោត​សំខាន់​ទៅលើ​ការ​យល់​ឃើញ​របស់​មនុស្ស។ តាមរយៈ​ស្នាដៃ​របស់​គាត់​នេះ មាន​អ្នក​ជាប់​ទោស​៣នាក់​ត្រូវ​បាន​ឃុំឃាំង​នៅ​ក្នុង​ល្អាង​មួយ​តាំង​ពី​ចាប់​កំណើត​មក ដែល​ដៃ​ជើង​និង​ក្បាល​របស់​ពួកគេ​ត្រូវ​បាន​ចង​ជាប់​ទៅ​នឹង​ជញ្ជាំង មិន​អាច​កម្រើក​រួច ឬ​ងាក​មើល​ក្រោយ​ឬ​សូម្បី​តែ​សង​ខាង​នៃ​ដង​ខ្លួន​គេ លើកលែង​តែ​ជញ្ជាំង​នៅ​ទល់​មុខ​ពួកគេ​តែ​ប៉ុណ្ណោះ ហើយ​ចូរ​ស្រមៃ​ថា​អ្នក​នៅ​ក្នុង​ចំណោម​ពួកគេ​ទាំង៣នោះ។

នៅ​ខាង​ក្រៅ​ល្អាង ក្រោយ​ខ្នង​អ្នក​មាន​ភ្លើង ហើយ​នៅ​ចន្លោះ​រវាង​អ្នក​និង​ភ្លើង មាន​ផ្លូវ​ដើរ​មួយ​ដែល​ជាទូទៅ​មាន​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ ដោយ​ទូល​របស់របរ​នៅ​លើ​ក្បាល​ដូចជា​សាច់​សត្វ រុក្ខជាតិ ឈើ និង​ថ្ម។ ដោយសារ​នៅ​ក្នុង​ល្អាង​នោះ​មាន​ប្រឡោះ​តូច​ល្មម​នឹង​គ្រប់គ្រាន់​សម្រាប់​ឲ្យ​ពន្លឺ​ព្រះអាទិត្យ​ចាំង​ចូល​មក​ក្នុង​ល្អាង​បាន ដូច្នេះ​សកម្មភាព​របស់​មនុស្ស​ធ្វើ​ដំណើរ​ទូល​របស់របរ​ទៅមក ក៏​អាច​ធ្វើ​ឲ្យ​ពួក​អ្នក​មើល​ឃើញ​បាន​ក្នុង​រូបភាព​ជា​ស្រមោល​ដែរ។ យ៉ាងណាមិញ ពួក​អ្នក​ទាំង៣​មិន​ដឹង​ថា​រូបភាព​ពិត​នៃ​ស្រមោល​ទាំងនោះ​ជា​អ្វី​នោះ​ទេ ម្យ៉ាង​អ្នក​រស់នៅ​ក្នុង​ល្អាង​នោះ​មក​ពេញ​មួយ​ជីវិត​ទៅ​ហើយ ទម្លាប់​ជាមួយ​នឹង​រូបភាព​ស្រមោល​នោះ​ទៅ​ហើយ ពួក​អ្នក​ក៏​សន្មត​ថា​ស្រមោល​នៃ​រូបភាព​ដែល​ចាំង​ចូល​មក​តាមរយៈ​ពន្លឺ​ព្រះអាទិត្យ​នោះ​ថា​ជា​ការ​ពិត ហើយ​ថែម​ទាំង​បបួល​គ្នា​លេង​ល្បែង​ទាយ​ថា​ស្រមោល​មួយ​ណា​ជា​អ្វី បើ​អ្នក​ណា​ទាយ​ត្រូវ​ចាត់​ទុក​ថា​ជា​មនុស្ស​ឆ្លាត។

អ្នក​ទាំង៣​រស់នៅ​ក្នុង​ល្អាង​ជាមួយ​នឹង​ការ​សន្មត​ថា​ស្រមោល​នោះ​សុទ្ធតែ​ជា​ការ​ពិត​អំពី​ពិភពលោក​នេះ រហូត​ដល់​មាន​ពេល​មួយ​អ្នក​ក៏​រត់​ចេញ​ពី​ល្អាង​នោះ​បាន ហើយ​ក៏​ភ្ញាក់ផ្អើល​ជាមួយ​នឹង​រូបភាព​ពិត​ប្រាកដ​នៃ​ពិភពលោក ទើប​អ្នក​ដឹង​ថា​ស្រមោល​ដែល​ពួក​អ្នក​ធ្លាប់​សន្មត​ថា​ជា​ការ​ពិត​នៅ​ក្នុង​ល្អាង និង​ថែមទាំង​លើក​សរសើរ​អ្នក​ទាយ​ត្រូវ​ថា​ជា​បណ្ឌិត​ទៀត​នោះ សុទ្ធតែ​ជា​ការ​សន្មត​មិន​ត្រឹមត្រូវ​ដែល​កើត​មាន​នៅ​ក្នុង​ការ​យល់​ឃើញ​របស់​អ្នក​តែ​ប៉ុណ្ណោះ។ អ្នក​ក៏​ចាប់ផ្ដើម​ធ្វើ​ដំណើរ​ស្វែងរក​ការ​ពិត ហើយ​ក៏​រក​ឃើញ​ពី​ការ​ពិត​និង​ភាព​ស្រស់​ស្អាត​និង​អត្ថន័យ​នៃ​ធម្មជាតិ​របស់​ពិភពលោក​នេះ។ យ៉ាងណាមិញ នៅ​ពេល​អ្នក​ត្រឡប់​ទៅ​កាន់​ល្អាង ប្រាប់​មិត្ត​របស់​អ្នក​២នាក់​ទៀត​អំពី​ការ​ពិត​នេះ ពួកគេ​មិន​ត្រឹមតែ​មិន​ជឿ​អ្នក​នោះ​ទេ តែ​ថែម​ទាំង​គំរាម​សម្លាប់​អ្នក​ប្រសិន​បើ​អ្នក​ចង់​ជួយ​ដោះលែង​គេ​ឲ្យ​មាន​សេរីភាព។

រឿង​អត្ថប្បដិរូប​នេះ​ចង់​ឆ្លុះបញ្ចាំង​ពី​ការ​យល់ឃើញ​របស់​មនុស្ស​លោក ដែល​ត្រូវ​បាន​ឃុំឃាំង​នៅ​ក្នុង​ល្អាង​នៃ​ភាព​ភ័ន្ត​ច្រឡំ​ទៅលើ​ការ​ពិត​ដូច្នោះ ដោយ​សន្មត​អ្វី​ពិត​ឫ​អ្វី​មិន​ពិត​ផ្អែក​ទៅលើ​ញាណ​ទាំង៥​របស់​ខ្លួន ជឿជាក់​ថា​អ្វី​ដែល​ខ្លួន​ទទួល​ដឹង​តាមរយៈ​ការ​មើល​ឃើញ​នឹង​ភ្នែក ស្ដាប់​លឺ​នឹង​ត្រចៀក គឺជា​ការ​ពិត ហើយ​ជឿជាក់​ទៅលើ​ផ្នត់គំនិត​សង្គម ឬ​ជឿជាក់​ថា​អ្វី​ដែល​មនុស្ស​ភាគច្រើន​គាំទ្រ​សុទ្ធតែ​ត្រឹមត្រូវ ព្រម​ទាំង​មិន​ចោទ​ជា​ចម្ងល់​ទៅ​កាន់​ជំនឿ​គ្មាន​ហេតុផល​ដូច​ក្នុង​សាសនា​ជា​ដើម។ ឯ​ទស្សនវិទូ​ចាប់ផ្ដើម​ចាកចេញ​ពី​ការ​ស្វែងរក​ការ​ពិត​ដោយ​ញាណ ឬ​បោះបង់​ចោល​នូវ​ចំណេះដឹង​ទទួល​បាន​ដោយ​ញាណ រុករក​អ្វី​ដែល​ជា​សច្ចភាព​ពិត​ប្រាកដ​នៃ​លោក​នេះ​វិញ។

ដូច្នេះ​ហើយ​ទើប​ការ​យល់ឃើញ​របស់​ទស្សនវិទូ ជាទូទៅ​ផ្ទុយ​ស្រឡះ​ពី​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​គិត ជាហេតុ​មនុស្ស​ធម្មតា​ទាំងពួង​មិន​ពេញចិត្ត​នឹង​ការ​ពិត​នេះ​ឡើយ និង​រស់នៅ​ជាមួយ​នឹង​ស្រមោល​នៃ​រូបភាព​បំភ័ន្ត​ពី​ការ​ពិត ថែមទាំង​អះអាង​រៀងៗ​ខ្លួន​ថា​មតិ​របស់​ខ្លួន​ទើប​ត្រឹមត្រូវ មិនមែន​នរណា​ម្នាក់​ឡើយ។ នៅ​ពេល​អ្នក​ចាប់ផ្ដើម​លះបង់ ចាកចេញ​ពី​ពិភព​នៃ​ការ​យល់ឃើញ​ដោយ​ញាណ និង​រិះគិត​ទៅលើ​បញ្ហា​ជុំវិញ​ដោយ​ប្រើប្រាស់​វិចារណញ្ញាណ​បែប​ទស្សនវិទូ​វិញ នោះ​អ្នក​នឹង​ស្វែងរក​ឃើញ​នូវ​សច្ចភាព ឬ​ការ​ពិត​ផ្ដាច់​ព្រ័ត្រ​ពុំ​ខាន៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ www.philosophyzer.com

X
5s