តើការដើរលើផ្លូវត្រង់ (គូសបន្ទាត់ដោយគ្រួសារ ឬ សង្គម) អាចនាំមកនូវភាពជោគជ័យក្នុងជីវិតដ៏អស្ចារ្យ?
តើផ្លូវត្រង់ពិតជាអាចធានាឲ្យជីវិតអ្នកនូវជ័យជម្នះដ៏ខ្ពង់ខ្ពស់និងគួរឲ្យកោតសរសើរស្ញប់ស្ញែងមែនឬ ? មនុស្សយើងភាគច្រើន តែងប្រាថ្នាចង់បានដំណើរជីវិតដ៏រលូន គ្មានឧបសគ្គរារាំងចំពោះការសម្រេចនូវមហិច្ឆតារបស់ខ្លួន។ ពួកគេមើលទៅលើការសាងកំហុសគឺជារឿងដ៏អាក្រក់បំផុតមួយ ព្រោះការយល់ឃើញរបស់ពួកគេទទួលឥទ្ធិពលពីសង្គមទាំងដឹងខ្លួន ឬមិនដឹងខ្លួន ឲ្យរំពឹងនិងទាមទារពីខ្លួនឯងនូវភាពល្អឥតខ្ចោះ។ អ៊ីចឹងហើយ ខ្លាចក្នុងការសាងកំហុស វាស្មើនឹងមិនហ៊ានធ្វើអ្វីដែលថ្មី។
ផ្លូវត្រង់ក្នុងឃ្លាខាងលើនេះ មានន័យថា ជាផ្លូវដែលត្រូវដើរ ដោយបានគូសបន្ទាត់ដោយ គ្រួសារ ឬ សង្គម ដែលអ្នកមិនអាចដកខ្លួនដើម្បីធ្វើអ្វីថ្មីនោះទេ ព្រោះបើធ្វើខុសពីនេះ ប្រាកថជា ទទួលរងនូវការរិះគន់ ស្តីបន្ទោស ឬ សើចចំអក។ បើធ្វើតាមគំនិតគ្រួសារ ឬ សង្គមនោះ គឺមិនសូវខុសនោះទេ ព្រោះអ្វីៗត្រូវបានកំណត់ និង គូសជាស្រេចទៅហើយ។ មជ្ឈមណ្ឌលអប់រំដំបូងរបស់មនុស្សម្នាក់ៗ គឺជាក្រុមគ្រួសារ។ ដោយហេតុថាពួកគាត់តែងចូលចិត្តស្ដីបន្ទោសពេលឃើញពួកយើងប្រព្រឹត្តមិនត្រឹមត្រូវ ដែលវាស្ដែងចេញពីផ្នត់គំនិតយល់ឃើញចំពោះការសាងកំហុសគឺជារឿងមិនល្អ ហើយផ្នត់គំនិតនេះក៏បញ្ជ្រាបចូលក្នុងជម្រៅការគិតរបស់យើងម្នាក់ៗ រហូតដល់ពេញវ័យ ឬពេញមួយជីវិតរបស់យើង អាចផ្លាស់ប្ដូរបានទាល់តែយើងដឹងខ្លួននៅពេលក្រោយនិងមានឆន្ទៈផ្លាស់ប្ដូរ។
ដល់ពេលចម្រើនវ័យដែលតម្រូវឲ្យចូលរួមក្នុងសង្គមទំនាក់ទំនងរបស់មនុស្ស ពួកយើងក៏ទទួលឥទ្ធិពលមួយជាន់ទៀតពីមជ្ឈដ្ឋានសង្គមនេះ ដូចជានៅតាមសាលា ទីកន្លែងធ្វើការ និងមិត្តភ័ក្ដិជាដើម ដោយឲ្យតម្លៃទៅលើភាពល្អឥតខ្ចោះហួសហេតុប្រៀបប្រដូចទៅនឹងគោលការណ៍សម្រាប់ដឹកនាំជីវិតដូច្នោះ។ ដូចជាអ្នកសម្ភាសការងារសម្លឹងមើលទៅលើពិន្ទុ និងសមិទ្ធផលជោគជ័យដែលអ្នកមាននៅក្នុងសាលា ជាជាងផ្ដល់តម្លៃទៅលើអត្តចរិតនិងឥរិយាបថដែលជាគុណសម្បត្តិដ៏ប្រណិតនិងអមតរបស់បុគ្គលម្នាក់ៗ ដែលនឹងបម្រើប្រយោជន៍ទៅដល់ស្ថាប័នរបស់ពួកគេបានយូរអង្វែងជាងអ្នកដែលមានត្រឹមតែពិន្ទុល្អក្នុងសាលា។
ផ្នត់គំនិតអន់ថយដ៏ពេញនិយមនេះ បានបង្វឹកការគិតរបស់មនុស្សឲ្យយល់ឃើញអវិជ្ជមានទៅលើការសាងកំហុស ដែលវារាំងស្ទះការបើកចំហចិត្តក្នុងការរៀនសូត្រពីកំហុស និងអាចអភិវឌ្ឍខ្លួនឯងឲ្យល្អប្រសើរជាងមុន និងកាន់តែធ្ងន់ធ្ងរទៅទៀត គឺផលលំបាករបស់ពួកគេក្នុងការមានភាពក្លាហានហ៊ានទទួលស្គាល់នូវកំហុសខ្លួនឯង និងកែប្រែវាឡើងវិញ ព្រោះបើពួកគេទទួលស្គាល់នូវកំហុសខ្លួន អ្នកដទៃនឹងចាំបន្ទោសនិងរិះគន់ចំពោះលទ្ធផលកើតឡើងមិនខាន។
អាល់ប៊ឺត អាញស្តាញ បាននិយាយថា៖ «បើអ្នកមិនដែលមានកំហុស នោះអ្នកមិនធ្លាប់សាកល្បងអ្វីថ្មីនោះទេ»។ តើអ្នកអាចរីកចម្រើនបានដោយអវត្តមាននូវការសាកល្បងអ្វីថ្មីដែរទេ ? ការសាកល្បងអ្វីថ្មីៗ នឹងពង្រីកបើកចំហការគិតរបស់អ្នកទៅកាន់ពិភពលោកបានកាន់តែទូលំទូលាយជាងមុន និងសុក្រឹតជាងមុន ហើយការសាកល្បងអ្វីថ្មីដែលអ្នកមិនធ្លាប់ធ្វើពីមុនមក វាចៀសមិនផុតឡើយថាអ្នកមិនបង្កើតកំហុសនោះ សំខាន់បំផុតត្រង់ថាតើអ្នកមានសមត្ថភាពកត់សម្គាល់ពីកំហុសរបស់ខ្លួន និងដឹងថាតើគួររៀនពីវានិងកែលម្អវាយ៉ាងដូចម្ដេចដើម្បីចៀសវាងកំហុសដដែលនាពេលក្រោយទៀតដែរឫទេ។
ការផ្លាស់ប្ដូរផ្នត់គំនិតចាស់មិនត្រឹមត្រូវចោល អាចធ្វើបានឬមិនបាន សរុបសេចក្ដីមកនៅត្រឹមឃ្លាមួយថា «តើអ្នកមានសមត្ថភាពអាចយកឈ្នះខ្លួនឯងបានទេ»? យកឈ្នះដោយមានចិត្តរឹងប៉ឹងមិនទម្លាក់កំហុសទៅលើកត្តាខាងក្រៅ ហើយក្លាហានព្រមទទួលសារភាពនូវកំហុសខ្លួន និងសម្លឹងឃើញផ្លូវវិជ្ជមានសម្រាប់កែប្រែខ្លួនឯងឲ្យល្អជាងមុន៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ lifehacker.com