​​បើ​ចង់​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​​គណិតវិទ្យា​ កុំ​ភ្លេច​ចំណុច​ទាំង​នេះ​​ឲ្យ​សោះ​



គណិតវិទ្យា​គឺជា​មុខវិជ្ជា​ដ៏​សំខាន់​បំផុត​មួយ​នៅ​ក្នុង​ចំណោម​មុខវិជ្ជា​ដទៃ​ៗទៀត។ ទោះ​តិច​ក្ដី​ច្រើន​ក្ដី គ្រប់​គ្នា​ពិត​ជា​ពិបាក​នឹង​ចៀស​ពី​ការ​មិន​ប្រើប្រាស់​ចំណេះដឹង​ទាក់ទង​នឹង​គណិតវិទ្យា​ក្នុង​ការ​អនុវត្ត​ជាក់ស្ដែង​ជា​ប្រចាំ​ថ្ងៃ​ណាស់។ ដូច្នេះ ការ​សិក្សា​នៅ​ក្នុង​សាលា​អំពី​មុខវិជ្ជា​នេះ គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​មួយ​ដែល​អ្នក​សិក្សា​គ្រប់​គ្នា​ត្រូវ​យកចិត្តទុកដាក់ និង​ដុសខាត់​ចំណេះដឹង​នេះ​ឲ្យ​ល្អ​ប្រសើរ​ជាប់​ជានិច្ច។

បញ្ហា​ជា​ឧបសគ្គ​ក្នុង​ដំណើរការណ៍​ទទួល​យក​ចំណេះដឹង​នេះ ក៏​តែងតែ​កើតឡើង​មិន​អាច​ចៀស​បាន​ដូច​មុខវិជ្ជា​ផ្សេងៗ​ដែរ ហើយ​ខាងក្រោម​នេះ​គឺជា​គន្លឹះ​មួយ​ចំនួន​ដែល​នឹង​មាន​ប្រយោជន៍​សម្រាប់​ដោះស្រាយ​បញ្ហា​ទាំងនោះ។

១) បណ្ដុះ​ទម្លាប់​ហ្វឹកហាត់​ដោះស្រាយ​លំហាត់​ជា​ប្រចាំ៖ ការ​អង្គុយ​ស្ដាប់​គ្រូ​ពន្យល់​ពី​ទ្រឹស្ដី​នីមួយៗ វា​មិន​គ្រប់គ្រាន់​សម្រាប់​ធានា​បាន​ពី​ភាព​រីកចម្រើន​នៃ​ចំណេះដឹង​របស់​អ្នក​ក្នុង​មុខវិជ្ជា​គណនា​ដែល​ទាមទារ​ការ​អនុវត្ត​ដោយ​ចាំបាច់​មួយ​នេះ​ទេ។ ចូរ​សម្ដែង​ការ​ស្មោះត្រង់​ចំពោះ​ខ្លួនឯង នរណា​ក៏​ធ្លាប់​យក​លេស​មក​ការពារ​ខ្លួនឯង​ពេល​មិន​ចង់​ធ្វើ​អ្វី​មួយ​ដែរ។ ប៉ុន្តែ តើ​អ្នក​អាច​ដឹកនាំ​ខ្លួនឯង​ជាមួយ​វិន័យ​តឹងរ៉ឹង​ដោយ​ការ​រៀន​ហ្វឹកហាត់​ដោះស្រាយ​លំហាត់​គណិត​ជា​ប្រចាំ ដើម្បី​ជំរុញ​សមត្ថភាព​ឲ្យ​ដល់​កម្រិត​ខ្ពស់​បាន​ទេ ? បើ​អ្នក​អាច​ធ្វើ​បាន នោះ​លទ្ធផល​វិជ្ជមាន​នឹង​ធានា​សម្រាប់​អ្នក។

២) មើល​ឃើញ​ពី​សារសំខាន់​នៃ​ការ​សួរ​នាំ៖ សុភាសិត​បុរាណ​ជប៉ុន​មួយ​ពោល​ថា "បើ​អ្នក​សួរ​គេ អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ល្ងង់​មួយ​ថ្ងៃ ប៉ុន្តែ​បើ​អ្នក​មិន​សួរ​គេ​វិញ អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ល្ងង់​អស់​មួយ​ជីវិត"។ នៅ​ពេល​អ្នក​ស្រពិចស្រពិល មិន​ទាន់​យល់​ច្បាស់​ក្នុង​ការ​ដោះស្រាយ​លំហាត់​គណិត​នានា ឬ​ទ្រឹស្ដី​ណាមួយ ហើយ​បើ​អ្នក​មិន​ស្វះស្វែង​រក​ជំនួយ​ពី​អ្នក​ដែល​ចេះ​ជាង​អ្នក មិន​ថា​ជា​គ្រូ ឬ​មិត្តភ័ក្ដិ​នោះ​ទេ អ្នក​នឹង​នៅ​តែ​មាន​ភាព​មិន​ច្បាស់លាស់ ហើយ​វា​នឹង​ធ្វើឲ្យ​អ្នក​បង្កើត​កំហុស​ចំពោះ​ការ​អនុវត្ត​ជាក់ស្ដែង​របស់​អ្នក​មិន​ខាន។

៣) ត្រូវ​ចាប់ផ្ដើម​ដោយ​ភាព​ស្ទាត់​ជំនាញ​ទៅលើ​មូលដ្ឋាន​គ្រឹះ​នៃ​គណិតវិទ្យា​សិន៖ មូលដ្ឋាន​គ្រឹះ​នៃ​គណិតវិទ្យា សំដៅ​ទៅលើ​មេគុណ ឬ​ការ​សូត្រ​មេលេខ បន្ទាប់​មក​ចាំ​សាកល្បង​ជាមួយ​ការ​ដោះស្រាយ​លំហាត់​ពីជគណិត​ដូចជា សមភាព ចំណោទ រ៉ាឌីកាល់ និង​ក្រាប​ជា​ដើម។ បើ​អ្នក​ធ្វេស​ប្រហែស​ទៅលើ​មេគុណ វា​មិន​ចម្លែក​នោះ​ទេ​ដែល​អ្នក​នឹង​ជួប​បញ្ហា​នៅ​ពេល​ដោះស្រាយ​លំហាត់​ផ្សេងៗ​ពេល​ក្រោយ​មកទៀតនោះ។

៤) សាងទំនាក់ទំនងល្អជាមួយគ្រូរបស់អ្នក៖ ទំនាក់ទំនង​ល្អ នឹង​បង្កើត​នូវ​អារម្មណ៍​ស្និទ្ធស្នាល​ជាមួយ​គ្នា​ទៅវិញ​ទៅមក ហើយ​អ្នក​នឹង​មាន​ភាព​បើក​ចំហ​ក្នុង​ការ​សាក​សួរ​នាំ​ទៅ​គ្រូ​របស់​អ្នក ដើម្បី​ឲ្យ​ពួកគាត់​ស្រាយ​ចម្ងល់​និង​ជម្រះ​នូវ​ភាព​ស្រពិចស្រពិល​ទាំងឡាយ​របស់​អ្នក​បាន។ គ្រូ​សប្បាយ​ចិត្ត​បំផុត នៅ​ពេល​ពួកគាត់​ដឹង​ថា​សិស្ស​របស់​ខ្លួន​ចាប់​អារម្មណ៍​នឹង​អ្វី​ដែល​ពួកគេ​កំពុង​រៀន ហើយ​ពួកគាត់​នឹង​ពេញចិត្ត​ខ្នះខ្នែង​ជួយ​អ្នក​ជានិច្ច៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ www.education.com

X
5s