គន្លឹះសំខាន់ៗ ជួយឲ្យអ្នកក្លាយជាមនុស្សពូកែគិត ទោះបញ្ហាអ្វីក៏អាចដោះស្រាយចេញ
តើអ្នកកំពុងតែព្យាយាមស្វែងរកអំណាចមកពីណា ? អំណាចទាំងឡាយគឺស្ថិតនៅក្នុងខ្លួនអ្នកនេះហើយ។ អំណាចបង្កប់នៅក្នុងខ្លួនគឺជាការគិតរបស់អ្នកនេះឯង។ គ្រប់គ្នាសុទ្ធតែមានអំណាចបង្កប់នៅក្នុងខ្លួនពួកគេ ប៉ុន្តែពួកគេចេះតែព្យាយាមបង្ខាតពេលវេលាស្ទើរតែមួយជីវិតរបស់ខ្លួនឥតប្រយោជន៍ ដើម្បីស្វែងរកអំណាចពីខាងក្រៅដើម្បីអាចដោះស្រាយបញ្ហាអ្វីៗបាន នោះជីវិតនឹងមានសុភមង្គល។
ថ្វីត្បិតតែ មនុស្សគ្រប់គ្នាមានអំណាចនេះផ្ដល់ពីធម្មជាតិមកដូចៗគ្នាមែន ប៉ុន្តែវានឹងបំផ្លាញអ្នកឲ្យរងទុក្ខវេទនា នៅពេលអ្នកមិនយល់ពីធម្មជាតិរបស់វានិងមិនចេះប្រើប្រាស់វាឲ្យបានត្រឹមត្រូវ។ ផ្ទុយទៅវិញ វានឹងផ្ដល់សេចក្ដីស្ងប់សុខនិងជីវិតដ៏រលូនដល់អ្នក នៅពេលអ្នកយល់ពីដំណើរការណ៍ធម្មជាតិរបស់វា។ ធម្មជាតិនៃអំណាចនេះគឺសាមញ្ញនោះទេ គឺថាអ្វីដែលអ្នកគិត នឹងបង្កើតជាអ្វីដែលអ្នកមានអារម្មណ៍ ហើយអ្វីដែលអ្នកមានអារម្មណ៍ នឹងបង្កើតជាឥរិយាបថឬទង្វើដែលអ្នកឆ្លើយតបទៅកាន់រាល់ស្ថានការណ៍កើតឡើងក្នុងជីវិតអ្នក ហើយឥរិយាបថរបស់អ្នកទាំងនោះហើយ ដែលជាលទ្ធផលនៃអ្វីៗគ្រប់យ៉ាងដែលកើតមានមកលើជីវិតអ្នក។ សំណួរសួរថា បើដូច្នេះ តើអ្នកត្រូវមានទម្លាប់គិតបែបណា នៅពេលបញ្ហាបង្ហាញខ្លួនឡើងមក ដើម្បីអាចទម្លុះរនាំងរារាំងអស់ទាំងនោះបានដោយរលូន?
១) កត់សម្គាល់ពីបញ្ហានៅចំពោះមុខនេះ៖ ដំណើរការណ៍គិតបែបនេះ នឹងធ្វើឲ្យអ្នកអាចមើលឃើញពីរូបភាពពិតនៃបញ្ហានោះ ថាតើវាពិតជាបញ្ហាប្រឈមមែនឬគ្រាន់តែជាការយល់ច្រឡំទេ ? បើគ្រាន់តែជាការយល់ច្រឡំ ដូច្នេះអ្នកអាចចាប់ផ្ដើមជម្រះការយល់ច្រឡំនោះបានហើយ។ ប៉ុន្តែ បើវាពិតជាបញ្ហាមែន ដូច្នេះតើវាមានឫសគល់ចេញមកពីណា ? ថ្លឹងថ្លែងទៅមើលថា តើបញ្ហានោះជះផលវិជ្ជមាននិងអវិជ្ជមានដូចម្ដេចខ្លះសម្រាប់អ្នកនិងអ្នករួមចំណែកទាំងអស់ ?
២) វិភាគទៅលើបញ្ហាដោយសម្លឹងឲ្យបានគ្រប់ជ្រុងជ្រោយ៖ អ្នកមិនអាចឈានទៅដល់ការសម្រេចចិត្តដ៏ត្រឹមត្រូវនិងវៃឆ្លាតមួយបានឡើយ បើអ្នកមានផ្នត់គំនិតលម្អៀងមកខាងខ្លួនឯង និងគ្រាន់តែឈរនៅជ្រុងម្ខាងរបស់ខ្លួន សម្លឹងមើលបញ្ហា ដោយមិនបើកចិត្តទូលាយ ទទួលស្ដាប់ទស្សនៈឬការយល់ឃើញរបស់អ្នកផ្សេងទៀត ដើម្បីមើលឃើញពីរូបភាពពិតជាក់លាក់បង្កប់នៅក្នុងបញ្ហាមួយនោះ។ ក្រោយពីស្ដាប់ការយល់ឃើញផ្សេងៗគ្នារបស់មនុស្សជាច្រើន នោះអ្នកនឹងអាចឈានដល់ការសំយោគយករូបភាពរួមពិតមួយនៃបញ្ហាបានហើយ។
៣) តើមានដំណោះស្រាយដែលអាចទៅរួចអ្វីខ្លះ ? ៖ ដោយសួរខ្លួនឯងនូវសំណួរមួយនេះ អ្នកនឹងចាប់ផ្ដើមមានស្មារតីសុទិដ្ឋិនិយមចំពោះការដោះស្រាយបញ្ហា ដូច្នេះអ្នកនឹងនឹកឃើញនូវផ្លូវដើរជាច្រើនចាកចេញពីបញ្ហាប្រឈមនោះ។ បន្ទាប់មកត្រូវឈានទៅរកការគិតពីដំណោះស្រាយមួយណាដែលល្អបំផុតសម្រាប់ស្ថានភាពលំបាកមួយនោះ ព្រោះថាមិនមែនគ្រប់កូនសោសុទ្ធតែចាក់ត្រូវនឹងមេសោមួយនោះឡើយ។
៤) ចាប់ផ្ដើមចេញសកម្មភាពអនុវត្ត៖ នៅពេលសម្រិតសម្រាំងរកឃើញនូវកូនសោត្រឹមត្រូវមួយហើយ ជំហានបន្ទាប់គឺត្រូវតែជាការចេញសកម្មភាពទម្លុះរនាំងឧបសគ្គនោះ ដើម្បីបន្តដំណើរការណ៍ផ្សេងៗឲ្យបានរលូនទៅមុខទៀត៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ www.essentiallifeskills.net