ខឹងខុសខឹងខាត៖ ទោះបីជាខឹងប៉ុណ្ណាក៏ដោយ សូមកុំធ្វើរឿងទាំងនេះឲ្យសោះ
លោក Thomas Jefferson បិតាស្ថាបនិករបស់សហរដ្ឋអាមេរិកបានលើកឡើងថា៖ «បើអ្នកខឹងល្មមៗ អ្នកគួររាប់លេខឲ្យដល់១០ រួចសឹមនិយាយ តែបើខឹងខ្លាំងដល់កំពូលហើយ គួររាប់ឲ្យដល់លេខ១០០ រួចចាំនិយាយ»។ វាគឺជាឃ្លាដ៏មានន័យបំផុត ព្រោះថា អ្នកអាចឲ្យពេលវេលាមកធ្វើឲ្យអារម្មណ៍ល្អវិញបាន តែអ្នកមិនអាចឲ្យពេលវេលា មកជួសជុលពាក្យដែលអ្នកបាននិយាយទាំងកំហឹងនោះ កើតទេ។
ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹង ថាតើពេលខឹងមិនគួរធ្វើអ្វីខ្លះ៖
១) លាក់អារម្មណ៍ខឹង៖ កុំព្យាយាមលាក់កំហឹង ដែលអ្នកមាន ព្រោះថា វាមិនល្អឡើយសម្រាប់សុខភាព។ ការសិក្សាមួយបានបង្ហាញថា « អ្នកងាយនឹងប្រឈមមុខ នឹងជំងឺបេះដូង បើ អ្នកចូលចិត្តបៀមទុក្ខ និងលាក់អារម្មណ៍ខឹង។»
២) ចូលគេងទាំងចិត្តនៅខឹង៖ តាមពិតទៅ ចូលគេងទាំងខ្លួនមិនទាន់បាត់ខឹង គឺវាកាន់តែធ្វើឲ្យកំហឹងអ្នកងំលើសដើម។ ហេតុនេះហើយ បើអ្នកនៅមានកំហឹង អ្នកគួរនិយាយគ្នាដោះស្រាយបញ្ហាឲ្យបានហើយ ឬមួយទៅធ្វើអ្វីមួយដើម្បីរំសាយកំហឹងឲ្យបាត់សិនទៅទើបល្អ។
៣) កុំបន្តការឈ្លោះគ្នាទៀត៖ មនុស្សដែលខឹង គឺនិយាយតាមតែចិត្តខឹងទេ។ ហេតុនេះហើយបើអ្នកនៅមានចិត្តខឹងនៅឡើយ កុំបន្តការឈ្លោះគ្នាទៅមុខទៀតអី។ ពេលខ្លះអ្នកអាចធ្លោយមាត់និយាយអ្វីដែលអ្នកមិនគួរនិយាយក៏ថាបាន។
៤) កុំឲ្យចិត្តបិសាចមកក្របដណ្ដប់អ្នកបាន៖ រាល់ពេលដែលអ្នកខឹងអ្វីមួយ អ្នកគួររៀនប្រាប់ខ្លួនឯងថា ក្នុងនាមអ្នកជាមនុស្យម្នាក់ដែរ អ្នកមិនគួរណាឲ្យចិត្តបិសាចមកបញ្ជាអ្នក និងគ្របដណ្ដប់អ្នកបានស្រួលយ៉ាងនេះទេ។
៥) កុំព្យាយាមនៅតែម្នាក់ឯងអី៖ កុំព្យាយាមនៅតែឯង អ្នកគួររកមិត្ត គ្រួសារឬក៏អ្នកណាក៏បានដើម្បីនិយាយពីកំហឹងដែលអ្នកមាន ដើម្បីឲ្យវាបានធូរខ្លះ។ ថាមិនបានពួកគេអាចជួយដោះស្រាយបញ្ហាអ្នកឲ្យធូរស្រាលជាងមុនទៀតក៏ថាបាន។
៦) កុំដាច់ចិត្តសេពគ្រឿងស្រវឹង ៖ វាហាក់ដូចជាដាក់សម្ពាធ ហើយធ្វើបាបខ្លួនជាងមុនទៀត។ អ្នកមិនអាចពិបាកទាំងចិត្ត ហើយ ខាតសុខភាពហើយ អស់ថវិកាទៀតនោះទេ។ នេះគេហៅថា ទុក្ខលើទុក្ខហើយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.chasejarvis.com