តើនៅក្រោមការគ្រប់គ្រង​របស់ស្ដេចក្រិកបុរាណរូបណា ដែលធ្វើឲ្យទឹកដីនេះបានស្គាល់ពីភាពរុងរឿង ?​



ទឹកដី​ដ៏​ចំណាស់​មួយ​របស់​ប្រវត្តិសាស្ត្រ​ពិភពលោក​នៃ​ក្រិក​បុរាណ ដែល​ថ្វីត្បិតតែ​មាន​អាយុកាល​ត្រឹមតែ​ពី​សតវត្ស​ទី៩​មុន​គ.ស ដល់​សតវត្ស​ទី៦​នៃ​គ.ស​ក្ដី ក៏​ភាព​អច្ឆរិយ និង​ភាព​រុងរឿង​នា​សម័យកាល​របស់​ក្រិក បាន​បន្សល់​ទុក​នូវ​កិត្តិនាម​ល្បីល្បាញ និង​ស្រូប​ទាញ​នូវ​សេចក្ដី​គោរព​របស់​មនុស្សជាតិ​គ្រប់​សម័យកាល​ទៅលើ​ភាព​អស្ចារ្យ​របស់​ទឹកដី​នេះ​ជាប់​រហូត​មក​ទល់​បច្ចុប្បន្ន​ជានិច្ច។

មិនតែប៉ុណ្ណោះ ទស្សនវិទូ និង​អ្នក​រិះគិត​ប្រកប​ដោយ​បញ្ញាញាណ ដែល​ជា​បុគ្គល​ដ៏​សំខាន់​របស់​ពិភពលោក ដូចជា​តាលែស អារីស្តូត សូក្រាត ប្លាតុង​ជាដើម សុទ្ធតែ​មាន​ប្រភព​ចេញ​មក​ពី​ក្រិក​បុរាណ​ទាំងអស់។ ពំនោល​ដ៏​មាន​គតិបណ្ឌិត​គួរ​ពិចារណា​មួយ​របស់​ទស្សនវិទូ​អារីស្តូត មាន​សេចក្ដី​ដូច្នេះ​ថា "មនុស្ស​ជា​ច្រើន​មិន​អាច​ឈាន​ផុត​ទៅ​ដល់​សក្ដានុពល​ដ៏​កំពូល​របស់​ខ្លួន​នោះ​ឡើយ។ ដើម្បី​ក្លាយ​ជា​មនុស្ស​ដ៏​មាន​សុភមង្គល​មួយ​រូប បុគ្គល​ម្នាក់​នោះ​ត្រូវ​ថែ​រក្សា​ដួងវិញ្ញាណ​របស់​ពួកគេ​ឲ្យ​មាន​សុខភាព​ល្អ​ជានិច្ច។ ហើយ​វា​អាច​ធ្វើ​ទៅ​បាន​ដោយ​ទាមទារ​នូវ​ការ​រិះគិត​ត្រួតពិនិត្យ​ទៅលើ​ខ្លួនឯង និង​ការ​បង្កើន​នូវ​គតិបណ្ឌិត​ជាប់​ជានិច្ច"

ប្រភព​នៃ​ទ្រឹស្ដី​គណិតវិទ្យា វិទ្យាសាស្ត្រ និង​ទស្សនវិជ្ជា​ទាំងឡាយ​ក៏​សុទ្ធតែ​ចេញ​ពី​ក្រិក​បុរាណ​ដូច​គ្នា​ដែរ។ តើ​ទឹកដី​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង​មួយ​នេះ ស្ថិត​នៅ​ក្រោម​ភាព​ជា​អ្នក​ដឹកនាំ​របស់​ស្ដេច​រូប​ណា ដែល​បាន​បង្កើត​កិត្យានុភាព​សម្រាប់​ទឹកដី​នេះ​យ៉ាង​ដូច្នេះ ? បន្ទាប់​ពី​ជ័យជម្នះ​ក្នុង​សង្គ្រាម​ដ៏​មាន​កិត្តិយស​របស់​រដ្ឋ​ឯករាជ្យ​មួយ​របស់​ទឹកដី​ក្រិក​បុរាណ គឺ​រដ្ឋ​Athens​ទៅលើ​ពួក​ពែក្ស​ដែល​មាន​បំណង​សងសឹក​ចំពោះ​ការ​ស្លាប់​បាត់បង់​ជីវិត​នៃ​ស្ដេច​អធិរាជ​គ្រប់គ្រង​មុន​របស់​ខ្លួន និង​ភាព​អាម៉ាស់​ពី​ការ​បរាជ័យ​របស់​ទីក្រុង​ដ៏​សំខាន់​មួយ​របស់​ពួក​ពែក្ស រដ្ឋ​របស់​Athens បាន​ក្លាយ​ជា​រដ្ឋ​ដ៏​មាន​ឥទ្ធិពល​ជាង​គេ​លើ​រដ្ឋ​ឯករាជ្យ​ដទៃ​ទៀត​របស់​ក្រិក។

នៅ​ក្រោម​ភាព​ជា​អ្នកដឹកនាំ​ប្រកប​ដោយ​គុណ​តម្លៃ​ល្អ​ខ្ពង់ខ្ពស់​របស់​អ្នកដឹកនាំ Pericles (គ្រប់គ្រង​ពី​ឆ្នាំ៤៦១​រហូត​ដល់​ស្លាប់​ក្នុង​ឆ្នាំ៤២៩​មុន​គ.ស) រដ្ឋ​Athens​បាន​ស្គាល់​និង​ភ្លក់​រសជាតិ​នៃ​សេចក្ដី​ចម្រើន​រុងរឿង និង​ការ​ទទួល​ស្គាល់​នូវ​តម្លៃ​ក្នុង​នាម​ជា​ប្រជាជន​របស់​AthensPericles ត្រូវ​បាន​គេ​រៀបរាប់​ថា​ជា​អ្នកដឹកនាំ​ប្រជាធិបតេយ្យ​ប្រកប​ដោយ​តម្លាភាព សច្ចធម៌ និង​យុត្តិធម៌​មួយ​រូប និង​ជា​អ្នក​រិះគិត​ដ៏​ប្រាកដប្រជា​មួយ​រូប​ផង​ដែរ។ លទ្ធិប្រជាធិបតេយ្យ​ដែល​មាន​ប្រភព​កំណើត​ចេញ​មក​ពី​ទឹកដី​នេះ ត្រូវ​បាន​មនុស្ស​ក្នុង​ប្រវត្តិសាស្ត្រ​ទទួល​ស្គាល់​ថា​ជា​លទ្ធិប្រជាធិបតេយ្យ​ដែល​ល្អ​បំផុត និង​មាន​កម្រិត​ខ្ពស់​បំផុត​ជាង​សម័យកាល​ណាៗ​ទាំងអស់​ក្នុង​សម័យ​គ្រប់គ្រង​របស់Pericles​នេះ ព្រម​ទាំង​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​សម័យកាល​គ្រប់គ្រង​នេះ​ថា The Golden Ages​ផង​ដែរ។

ប្រព័ន្ធ​ដឹកនាំ​របស់​ពួកគេ​បាន​បង្កើត​នូវ​ការ​ប្រមូល​ផ្ដុំ​មួយ ជា​ទី​កន្លែង​ផ្ដល់​សិទ្ធិ​សេរីភាព​សម្រាប់​ប្រជាពលរដ្ឋ​របស់​ពួកគេ​គ្រប់​រូប​ដែល​មាន​អាយុ​ចាប់ពី​២០ឆ្នាំ​ឡើង​ទៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​អ្នកដឹកនាំ ព្រមទាំង​ការ​បញ្ចេញ​មតិ​របស់​ពួកគេ​ផង​ដែរ។ រីឯ​សេចក្ដី​លម្អិត​គ្រប់​យ៉ាង​អំពី​រាជរដ្ឋាភិបាល​របស់​Athens​ត្រូវ​បាន​ធ្លាក់​លើ​ក្រុមប្រឹក្សា​ទាំង៥០០​របស់​ពួកគេ​ជា​អ្នក​កាន់កាប់។ ម្យ៉ាងទៀត តួនាទី​ដ៏​ខ្ពស់​បំផុត​ក្នុង​រដ្ឋាភិបាល​Athens គឺជា​ការ​ទទួល​ខុសត្រូវ​របស់​ឧត្ដមសេនីយ៍​១០​រូប ដែល​មាន​កាតព្វកិច្ច​ការពារ​ទឹកដី និង​កាន់តែ​សំខាន់​ជាង​នេះ​ទៅទៀត អ្នក​ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​មក​ទទួល​ខុសត្រូវ​លើ​តួនាទី​នេះ​គឺ​ស្ថិត​នៅ​ក្រោម​ការ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ ដែល​ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ។

យ៉ាងណាមិញ មិនមែន​គ្រប់​ប្រជាជន​ក្នុង​សង្គម​នេះ​ទាំងអស់​សុទ្ធតែ​ទទួល​បាន​នូវ​សិទ្ធិ​សេរីភាព​បែប​នេះ​ដូចៗ​គ្នា​ឡើយ ព្រោះ​ថា​ស្ត្រី​ដែល​ពេល​នោះ​មាន​ការ​សិក្សា​ទាប មិន​ត្រូវ​បាន​គេ​ផ្ដល់​សិទ្ធិ​ទាំងនោះ​ដូច​បុរស​ឡើយ មតិ​របស់​ពួកគេ​មិន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ឡើយ មាន​តែ​បុរស​ប៉ុណ្ណោះ។ បើ​ទោះជា​ក្រោយមក​ទឹកដី​ក្រិក​បុរាណ​ត្រូវ​បញ្ចប់​ដោយ​សេចក្ដី​ច្រណែន​របស់​ពួក​Athens​ទៅលើ​រដ្ឋ​ឯករាជ្យ​ដទៃ​ទៀត កង្វះ​អនាម័យ ការ​ឆ្លៀត​ឱកាស​ឈ្លានពាន​ពី​ជន​បរទេស​ក្រោយពី​បាត់បង់​ភាព​ជា​អ្នកដឹកនាំ​ដ៏​រឹងមាំ​រួច​ហើយ​ក្ដី ក៏​អំឡុង​ពេល​ក្រោម​សម័យកាល​របស់​Pericles សេរីភាព​និង​គតិបណ្ឌិត​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ថ្លៃថ្លា​របស់​អ្នកដឹកនាំ បាន​សាង​ឡើង​នូវ​គំនិត​របស់​ទស្សនវិទូ​ដ៏​ល្អ​លើ​លោក ស្នាដៃ​នៃ​ទ្រឹស្ដីបទ​គណិតវិទ្យា​តាលែស អក្សរសាស្ត្រ​ដែល​ពាក្យ​របស់​អង់គ្លេស​ភាគច្រើន​សុទ្ធតែ​បាន​កំចាយ​មក​ពី​ភាសា​ក្រិក​ទាំងអស់ និង​មាន​កេរដំណែល​សំខាន់ៗ​ទៀត​ជា​ច្រើន​បន្សល់​ទុក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ៕

ប្រែសម្រួល៖​ ស្រីពៅ ប្រភព៖ www.sophia-project.org

X
5s