តើលទ្ធិកុម្មុយនិស្ត និង សង្គមនិយមកើតចេញពីទស្សនវិទូកាលម៉ាក្សឬ?
លោក កាលម៉ាក្ស គឺជាទស្សនវិទូអាល្លឺម៉ង់ (អម្បូរជនជាតិជ្វីហ្វ) មួយរូបដែលប្រកបដោយគំនិតយល់ដឹងស៊ីជម្រៅ និងបានផ្លាស់ប្ដូរទាំងស្រុងនូវប្រព័ន្ធគ្រប់គ្រងរបស់សង្គមមួយចំនួនទាំងក្នុងពេលអតីតកាល និងបច្ចុប្បន្នកាលតាមរយៈមនោគមវិជ្ជារបស់ខ្លួន ដែលត្រូវបានគេស្គាល់យ៉ាងល្បីល្បាញថាជា លទ្ធិសង្គមនិយម ឬលទ្ធិកាលម៉ាក្សនិយម។ យ៉ាងណាមិញ ស្របពេលដែលលោកត្រូវបានគេគោរពចំពោះទស្សនរបស់លោក ទស្សនវិទូដ៏ល្បីល្បាញរូបនេះក៏ត្រូវបានគេរិះគន់នូវគំនិតរបស់គាត់ផងដែរ។ ដោយហេតុថា គោលដៅនៃលទ្ធិសង្គមនិយម និងលទ្ធិកុម្មុយនិស្ត គឺជាសមភាពរវាងប្រជាជនទាំងអស់នៅក្នុងសង្គមមួយ ចម្ងល់ក៏ផុសឡើងចំពោះសំណួរថា តើការកកើតនៃលទ្ធិកុម្មុយនិស្ត គឺជាគោលបំណងរបស់លោក កាលម៉ាក្សឫ ?
ពិតណាស់ថាលទ្ធិកាលម៉ាក្សនិយមមានឫសគល់ចេញពីទស្សនវិទូរូបនេះ ដែលមានគោលដៅតម្រង់ឆ្ពោះទៅរកការធ្វើបដិវត្តសង្គមមួយដែលដឹកនាំតាមលទ្ធិមូលធននិយម ព្រោះពួកវណ្ណៈកណ្ដាល និងពួកអ្នកមានក្ដោបក្ដាប់ស្ទើរទាំងស្រុង ចំណែកពួកអ្នកក្រ និង កម្មករវិញគឺរស់នៅយ៉ាងវេទនាបង្កជាភាពអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរ ជាហេតុនាំឲ្យមានវិសមភាពកើតឡើង ពោលគឺអ្នកមានកាន់តែមាន ឯអ្នកក្រក៏កាន់តែក្រ។
ឯលទ្ធិកុម្មុយនិស្ត វិញ កើតចេញមកពីអនុវត្តរបស់លោក វ្លាឌីមៀ លេនីន (Vladimir Lenin)ដែលជាអតីតមេដឹកនាំរបស់អតីតសហភាពសូវៀត ដោយឈ្វេងយល់ប្រាសចាកពីគោលគំនិតដើមរបស់កាលម៉ាក្ស ធ្វើឲ្យគំនិតនៃការចង់លុបបំបាត់ទ្រព្យកម្មសិទ្ធិឯកជនមានភាពជ្រុលនិយមហួសហេតុ បង្កជាលទ្ធិកុម្មុយនិស្តឡើង ជាលទ្ធិបែបផ្ដាច់ការស្ថិតលើអ្នកគ្រប់គ្រងអំណាចតែម្នាក់(ផ្អែកលើបក្សជាធំ) ដែលគ្មានឡើយទ្រព្យកម្មសិទ្ធិឯកជន ហើយអ្វីៗគ្រប់យ៉ាងត្រូវស្ថិតនៅលើរដ្ឋជាអ្នកកាន់កាប់។ គ្រប់គ្នាមានសិទ្ធិស្មើៗគ្នា គ្មានការបែងចែកវណ្ណៈនោះឡើយ។ ជាភស្តុតាងសម្រាប់បញ្ជាក់កាន់តែច្បាស់ថាកាលម៉ាក្សមិនមែនជាអ្នកបង្កើតលទ្ធិកុម្មុយនិស្ត ទៀតនោះ គឺគោលគំនិតនៃលទ្ធិសង្គមនិយម និងលទ្ធិកុម្មុយនិស្ត បានកកើតឡើងតាំងពីយូរលង់មកហើយ មុនការកកើតឡើងនៃលទ្ធិកាលម៉ាក្សនិយមទៅទៀត។
អស់រយៈកាលជាច្រើនសតវត្សដែលអឺរ៉ុបត្រូវបានគ្រប់គ្រងក្រោមអំណាចរបស់ស្ដេចតែមួយគត់ តែក្រោយមកប្រជាជនចាប់ផ្ដើមមិនទុកចិត្តចំពោះរបៀបនៃការគ្រប់គ្រងបែបនេះ។ ជំនឿចំពោះការដឹកនាំដោយស្ដេចចាប់ផ្ដើមថយចុះបន្តិចម្ដងៗ រហូតដល់ក្នុងឆ្នាំ១៧៦២ ទស្សនវិទូជនជាតិបារាំងមួយរូប លោក ហ្សង់ ហ្សាក់រ៉ូសូ (Jean-Jacques Rousseau) បានចេញផ្សាយនូវទស្សនរបស់ខ្លួនមួយឈ្មោះថា The Social Contract ដែលមានខ្លឹមសារថា ការដឹកនាំតាមបែបសមូហភាព (Collective Rulership) គឺជាទម្រង់នៃការដឹកនាំដែលមានភាពល្អវិសេសជាងការផ្ដល់ការជឿទុកចិត្តចំពោះជោគវាសនារបស់ប្រទេសមួយទៅលើស្ដេច។ គំនិតនេះក៏ក្លាយជាឫសគល់ដុតបញ្ឆេះភ្លើងនៃការធ្វើបដិវត្តន៍របស់ប្រទេសបារាំងឡើង។ រហូតដល់ឆ្នាំ១៨៤២ឯណោះ ដែលអ្នកបង្កើតលទ្ធិកាលម៉ាក្សនិយមរូបនេះ ចាប់ផ្ដើមសិក្សាពីលទ្ធិសង្គមនិយម និងលទ្ធិកុម្មុយនិស្ត និងបន្ទាប់មកក៏បានរួមដៃជាមួយមិត្តភ័ក្ដិជនជាតិអាល្លឺម៉ង់ម្នាក់ គឺលោក Friedrich Engels ធ្វើការកែសម្រួលលទ្ធិកុំមុយនិសឲ្យមានលក្ខណៈវិទ្យាសាស្ត្រជាងមុន។ ជាចុងក្រោយស្នាដៃឯកសាររបស់ពួកគេទាំងពីរក៏បានចេញផ្សាយក្នុងឆ្នាំ១៨៤៨ ក្រោមចំណងជើងថា Communist Manifesto៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ www.owlcation.com