ការពិត១០ចំណុចអំពីភាពអស្ចារ្យរបស់មហាកំផែងចិន ដែលអ្នកគួរដឹង
បេតិកភណ្ឌជាតិមួយរបស់ពិភពលោកដែលជាស្ថាបត្យកម្មដ៏មហស្ចារ្យនៃប្រទេសចិន មហាកំផែងចិន គឺជាកំផែងប្រវត្តិសាស្ត្រដ៏ចំណាស់ និងអច្ឆរិយមួយ សាងសង់ឡើងក្នុងគោលបំណងការពារការចូលឈ្លានពានទឹកដីពីអ្នកចាំឆ្មក់ទាំងឡាយមកលើទឹកដីដ៏មានអានុភាពមួយនេះ។
បើទោះជាមហាកំផែងនេះមិនបានការពារទឹកដីរបស់ខ្លួនឲ្យមានប្រសិទ្ធភាពក៏ដោយ ក៏ក្នុងចន្លោះសតវត្សទី១៨ដល់សតវត្សទី២០ មហាកំផែងនេះបានក្លាយជានិមិត្តរូបរបស់ប្រទេសចិនបង្ហាញទៅកាន់លោកខាងលិច ទាំងផ្នែករូបរាងកាយពីភាពខ្លាំងក្លារបស់ចិន និងទាំងផ្នែកចិត្តដែលមហាកំផែងគឺជាការតំណាងឲ្យរនាំងសម្រាប់បណ្ដេញចេញនូវការជ្រៀតចូលនៃឥទ្ធិពលពីពួកបរទេសទាំងឡាយ។
១០ចំណុចអំពីការពិតរបស់មហាកំផែងចិនខាងក្រោម នឹងធ្វើឲ្យអ្នកបើកភ្នែកឃើញកាន់តែច្បាស់ពីភាពអស្ចារ្យរបស់បេតិកភណ្ឌពិភពលោកមួយនេះ៖
១) ប្រវែងជាផ្លូវការរបស់មហាកំផែងយក្សនេះ មានប្រវែង២១,១៩៦.១៨ គីឡូម៉ែត្រ និងមានអាយុកាលជាង២,៣០០ឆ្នាំមកហើយ។
២) ការសាងសង់ភាគច្រើនត្រូវបានសម្រេចនៅក្នុងរាជវង្សមីុង ចាប់ពីឆ្នាំ១៣៦៨ដល់ឆ្នាំ១៦៤៤ ដែលមានប្រវែង៨,៨៥១ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តនិងរាជធានីសរុបចំនួន៩។
៣) ផ្នែកដែលមានភាពល្បីល្បាញជាងគេក្នុងមហាកំផែងទាំងមូលដែលទាក់ទាញទាំងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិជារៀងរាល់ថ្ងៃ គឺជាBadaling ដែលត្រូវបានសាងសង់ និងការពារឡើងវិញចាប់ពីឆ្នាំ១៩៥៧ និងមានភ្ញៀវទេសចរណ៍រហូតដល់៦៣,០០០,០០០តែក្នុងឆ្នាំ២០០១ប៉ុណ្ណោះ។ បើនៅដើមសប្ដាហ៍ដំបូងនៃខែឧសភា និងខែតុលាវិញ ភ្ញៀវទេសចរណ៍អាចកើនឡើងរហូតដល់៧០,០០០នាក់ក្នុង១ថ្ងៃឯណោះ។
៤) នៅខែធ្នូ ឆ្នាំ១៩៨៧ និមិត្តរូបដ៏មានអំណាចរបស់ប្រជាជនចិនមួយនេះ ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកដោយអង្គការយូនេស្កូ UNESCO។
៥) មហាកំផែងចិន គឺជាសំណង់សាងសង់ដោយមនុស្សតែមួយគត់ដែលមិនអាចមើលឃើញពីលើអាកាសដោយភ្នែកទទេបានដោយមិនមានជំនួយពីឧបករណ៍នោះឡើយ។
៦) នៅក្នុងរាជវង្សដំបូងបង្អស់របស់ចិន គ្រប់គ្រងដោយអធិរាជ Qin Shi Huangកំឡុងឆ្នាំ២២០មុនគ.ស កម្លាំងពលកម្មភាគច្រើនសម្រាប់ការសាងសង់បានមកពីទាហាន អ្នកទោស និងជនតូចទាបដែលត្រូវបានបង្ខំ ថែមទាំងមានមនុស្ស៤០០,០០០នាក់បានស្លាប់បាត់បង់ជីវិតក្នុងពេលសាងសង់ និងត្រូវបានដុតចោលនៅក្នុងមហាកំផែងនោះតែម្ដង។
៧) អ្នកដំបូងដែលបានផ្ដួចផ្ដើមសាងសង់មហាកំផែងនេះឡើង មិនមែនជាអធិរាជនៃរាជវង្សទី១ Qin Shi Huangក្នុងសតវត្សទី៣នោះទេ ព្រោះថាការសាងសង់កំផែងមួយចំនួនបានចាប់ផ្ដើមតាំងពីរាប់រយឆ្នាំមុន កំឡុងសតវត្សទី៧មុនគ.សមកម្ល៉េះ។
៨) អំឡុងពេលការធ្វើបដិវត្តន៍វប្បធម៌របស់មេដឹកនាំផ្ដាច់ការ ម៉ៅ សេទុង ចន្លោះឆ្នាំ១៩៦៦ដល់ឆ្នាំ១៩៧៦ ឥដ្ឋពីមហាកំផែងជាច្រើនត្រូវបានយកមកប្រើប្រាស់សម្រាប់សាងសង់ផ្ទះ កសិដ្ឋាន និងអាងស្តុកទឹក។
៩) ផ្នែកខាងជើងភាគខាងលិចនៃមហាកំផែងចិន អាចនឹងត្រូវបានលេចបាត់រូបរាងក្នុងរយៈពេល២០ឆ្នាំខាងមុខ ដូចជាតាមខេត្តGansu និងខេត្ត Ningxia ក៏ដោយសារតែដំណើរការណ៍នៃការវិវត្តទៅរកភាពរហោស្ថាន និងការផ្លាស់ប្ដូរនៃរបៀបប្រើប្រាស់ដីរបស់មនុស្ស។
១០) ផ្នែកមួយនៃមហាកំផែងដែលមានឈ្មោះថា Jiankou ដែលមានទីតាំងស្ថិតក្នុងស្រុក Huairou ត្រូវបានគេស្គាល់ថាជាទីចោត និងមានខ្យល់បក់ខ្លាំង ព្រមទាំងមានទេសភាពស្រស់ស្អាតជាទីទាក់ទាញចិត្តរបស់អ្នកទស្សនាមកផ្ដិតយករូបភាពជាច្រើននាក់៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ www.chinahighlights.com & www.history.com