តិកនិក៤យ៉ាង ដើម្បីរៀនពាក្យក្នុងភាសាផ្សេងឲ្យឆាប់ចេះ និង មិនខាតពេល
លោក Luca Lmpariello គឺជាអ្នកឯកទេសសិក្សាភាសាមួយរូប និងជាបុគ្គលម្នាក់ដែលបានលះបង់ពេលវេលាដ៏ច្រើននៃជីវិតក្នុងវ័យជំទង់របស់គាត់ ទៅលើការសិក្សាពីភាសា និងការបង្វឹកបង្ហាត់ភាសា។ តាមការអះអាងដោយផ្អែកទៅលើបទពិសោធន៍របស់លោក ដែលបានទទួលជោគជ័យក្នុងការសិក្សា១១ភាសា និងអភិវឌ្ឍនូវជំនាញនិយាយរបស់ខ្លួននូវភាសាទាំង១១នោះរហូតឈានដល់អាចនិយាយចាប់ពីកម្រិតមធ្យមដល់កម្រិតខ្ពស់នៃភាសានីមួយៗ លោកបានផ្ដល់នូវបំណកស្រាយជាការចែករំលែកពីគោលការណ៍ទាំង៤យ៉ាង ដើម្បីរៀនពាក្យក្នុងភាសានានាបានឆាប់រហ័សនិងប្រកបដោយប្រសិទ្ធភាព។
១) ការជ្រើសរើស៖ សម្រាប់ការយល់ដឹងជាទូទៅ អ្នកត្រូវដឹងថាពាក្យពេចន៍របស់ភាសានីមួយៗមានចំនួនរាប់រយរាប់ពាន់ពាក្យ ដែលទោះជាអ្នកចំណាយពេលសិក្សាពីវាពេញមួយជីវិត ក៏វានៅតែមិនអស់ដែរ ទោះជាយ៉ាងណា តាមធម្មតា ពាក្យដែលត្រូវបានគេឧស្សាហ៍ប្រើប្រាស់ចំនួន៣០០០ពាក្យ ភាគច្រើនបង្កើត៩០%នៃភាសាទាំងមូល ដែលជនជាតិដើមប្រើប្រាស់ជាប្រចាំ។ បញ្ហាដែលគាត់ចង់សង្កត់ធ្ងន់ គឺនៅត្រង់ការចងចាំរបស់មនុស្ស ដែលមានដែនកំណត់ក្នុងការកត់ត្រាទុកបាននូវចំណេះដឹងដែលខ្លួនបានសិក្សា ដោយក្នុងរយៈពេលកំណត់មួយប៉ុណ្ណោះ ដូច្នេះ សម្រាប់ការចាប់ផ្ដើមដំបូង ជាប្រការសំខាន់បំផុត ក្នុងការដឹងយ៉ាងច្បាស់នូវពាក្យណាដែលសំខាន់ត្រូវបានគេប្រើប្រាស់ជាញឹកញាប់ក្នុងការប្រាស្រ័យទាក់ទង ព្រមទាំងប្រភេទពាក្យបែបណាដែលអ្នកចាំបាច់ត្រូវចេះ ដើម្បីយកមកប្រើប្រាស់នៅក្នុងតម្រូវការផ្ទាល់ខ្លួនរបស់អ្នក រួចមកអ្នកអាចអភិវឌ្ឍចំណេះដឹងរបស់អ្នក ដោយរៀនពីប្រភេទផ្សេងៗនៃពាក្យជាច្រើនទៀតបានដោយសន្សឹមៗ។
២) ភាពជាប់ពាក់ព័ន្ធគ្នា៖ ត្រឹមតែដឹងថាពាក្យណាជាជម្រើសសម្រាប់ការសិក្សាភាសាគោលដៅរបស់អ្នក នៅមិនទាន់គ្រប់គ្រាន់នោះទេ ដើម្បីទប់ទល់ជាមួយការភ្លេចភ្លាំងរបស់ធម្មជាតិនៃមនុស្ស និងការយល់បានយ៉ាងសីុជម្រៅពីអត្ថន័យនៃពាក្យនៅពេលប្រើប្រាស់នៅក្នុងអត្ថបទដែលផ្ដល់នូវខ្លឹមសារ និងបរិបទនៃពាក្យនោះ។ វិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយទៀត គឺជាការសាកល្បងប្រើប្រាស់ការស្រមៃ បង្កើតជាឃ្លាដោយប្រើប្រាស់នូវពាក្យដែលអ្នកទើបនឹងរៀនរួចនោះ ព្រោះថាព័ត៌មានបង្ហាញពីប្រធានបទណាមួយ នឹងបំផុសដល់ការចងចាំ អារម្មណ៍ បទពិសោធន៍ទទួលដឹងបានដោយញាណទាំង៥ ព្រមទាំងតថភាពជាក់ស្ដែងផងដែរ។
៣) ការប្រមូលទុកនូវព័ត៌មាននិងការរំលឹកឡើងវិញ៖ តាមការបកស្រាយរបស់គ្រូពេទ្យចិត្តសាស្ត្រជនជាតិអាល្លឺម៉ង់មួយរូបកាលពីជាងមួយសតវត្សកន្លងទៅ លោក Ebbinghaus បានរកឃើញថា មនុស្សយើងម្នាក់ៗតែងភ្លេចនូវព័ត៌មានដែលខ្លួនបានទទួលដឹងរួច ដែលគាត់ហៅវាថាជា ដំណើរធម្មជាតិដ៏ជាក់លាក់នៃការភ្លេចភ្លាំងរបស់មនុស្ស។ ហេតុនេះ អ្នកត្រូវប្រមូលទុកនូវព័ត៌មាននូវរាល់ពាក្យថ្មីៗទាំងឡាយ រួចកត់ត្រាវាទុកយ៉ាងមានរបៀបរៀបរយនៅក្នុងសៀវភៅកត់ត្រារបស់អ្នក។ ក្រោយមក អ្នកអាចយកសៀវភៅនោះមករំលឹកពីពាក្យទាំងនោះឲ្យបានជាប់លាប់ ព្រមទាំងរៀនសូត្របន្ថែមនូវពាក្យថ្មីៗផងដែរ។
៤) ការយកមកប្រើប្រាស់អនុវត្តជាក់ស្ដែង៖ ដើម្បីរក្សាបាននូវការចងចាំចំពោះពាក្យដែលអ្នកបានរៀនសូត្រមកយ៉ាងលំបាកកន្លងមកនោះ ការចាប់ផ្ដើមប្រើប្រាស់ពាក្យទាំងនោះនៅក្នុងការសន្ទនាដ៏មានតម្លៃជាមួយអ្នកដទៃ ពិតជាជួយអភិវឌ្ឍនូវភាពស្ទាត់ជំនាញ ការចងចាំនៃភាសា និងពង្រឹងដល់ចំណេះដឹងនូវពាក្យចាស់ៗ ព្រមទាំងពាក្យថ្មីៗផងដែរ។ មិនតែប៉ុណ្ណោះ ក្រៅពីការសន្ទនា អ្នកអាចអានអត្ថបទណាមួយ និងកត់សម្គាល់នូវពាក្យថ្មីៗ សិក្សាពីវា រួចប្រើប្រាស់ពាក្យទាំងនោះ មកសង្ខេបនិយាយឡើងវិញឲ្យនរណាម្នាក់ស្ដាប់ក្រោយពីរំលឹកវារួចមក៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ babbel