អ្នកមិនត្រូវធ្វើចំណុចអវិជ្ជមាន៦យ៉ាងនេះដាច់ខាត នៅថ្ងៃធ្វើការដំបូងរបស់អ្នក
នៅថ្ងៃដំបូងនៃការចាប់ផ្តើមនៅកន្លែងធ្វើការ ជារឿងដ៏សំខាន់សម្រាប់មនុស្សគ្រប់រូប ព្រោះថា វាជាថ្ងៃបើកទំព័រថ្មីនៃជីវិតការងាររបស់អ្នក។ ប៉ុន្តែអ្នកចាប់ផ្តើមមិនបានល្អនៅថ្ងៃទីមួយនោះ វាអាចជះឥទ្ធិពលមិនល្អសម្រាប់អ្នក នៅថ្ងៃបន្តបន្ទាប់។
ដូច្នេះហើយ អ្នកត្រូវតែរៀបចំខ្លួនឲ្យបានល្អ និង មិនគួរនិយាយអ្វីដែលគ្មានប្រយោជន៍នោះឡើយ ។ ត្រូវចាំថា អ្នកស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ ដូច្នេះហើយ ឱកាសធ្វើជាបុគ្គលិកពេញសិទ្ធិនៅមិនទាន់មាននៅឡើយ។ ខាងក្រោមនេះ ជាចំណុច៦យ៉ាងដែលមិនត្រូវធ្វើនៅថ្ងៃធ្វើការដំបូងរបស់អ្នកឡើយ៖
១) មិនគោរពពេលវេលា៖
ទោះបីជារវល់ប៉ុណ្ណាក៏ដោយ តែអ្នកត្រូវតែទៅដល់កន្លែងធ្វើការឲ្យបានមុនគេនៅថ្ងៃទីមួយ ដើម្បីបង្ហាញថា អ្នកជាមនុស្សដែលមានវិន័យល្អ និង ផ្តល់តម្លៃខ្លាំងលើពេលវេលា។ ប៉ុន្តែបើថ្ងៃទីមួយដែលត្រូវធ្វើការនោះ អ្នកបែរជាទៅដល់យឺតយ៉ាវទៅវិញ វាអាចនឹងធ្វើឲ្យថ្នាក់លើវាយតម្លៃអ្នកក្នុងផ្លូវមិនល្អច្រើន។
២) សួរបុគ្គលិកផ្សេងទៀតអំពីប្រាក់ខែ៖
ថ្ងៃទីមួយនៅកន្លែងធ្វើការ អ្នកមិនត្រូវសួរបុគ្គលិកផ្សេងទៀតអំពីប្រាក់ខែរបស់ពួកគេនោះទេ ព្រោះវាជារឿងសម្ងាត់ដែលក្រុមហ៊ុនមិនចង់ឲ្យបុគ្គលិកដឹងច្រើនពីគ្នាទៅវិញទៅមក។ ម្យ៉ាងវិញទៀត នៅពេលអ្នកសួរបែបនេះ អាចនឹងធ្វើឲ្យបុគ្គលិកផ្សេងៗចាប់ផ្តើមមានអារម្មណ៍មិនល្អជាមួយអ្នក។ ដូច្នេះត្រូវជៀសវាងការសួរបែបនេះ។
៣) ពេលណាអាចឡើងតំណែង
តំណែងខ្ពស់ គឺសម្រាប់តែមនុស្សដែលមានសមត្ថភាពប៉ុណ្ណោះ ដូច្នេះហើយបើអ្នកចង់ឡើងតំណែងមែន គឺមិនបាច់សួរនោះឡើយ ជាពិសេសនៅថ្ងៃដំបូង ព្រោះវាអាចធ្វើឲ្យថ្នាក់លើ និង បុគ្គលិកផ្សេងៗទៀតគិតថា អ្នកជាមនុស្សដែលស្រលាញ់តែតំណែង។ ដូច្នេះមិនត្រូវសួរបែបនេះទេ ប៉ុន្តែអ្វីដែលអ្នកត្រូវធ្វើនោះ គឺត្រូវបង្ហាញពីសមត្ថភាពពិតៗរបស់អ្នកក្នុងការធ្វើកិច្ចការជាច្រើនដែលអ្នកដទៃមិនអាច។
៤) និយាយរឿងមិនល្អពីក្រុមហ៊ុនចាស់របស់អ្នក
ទោះបីជា អ្នកធ្លាប់មានបញ្ហាច្រើនជាមួយនឹងក្រុមហ៊ុនចាស់របស់អ្នកក៏ដោយ ក៏មិនត្រូវយកថ្ងៃទីមួយនៃការធ្វើការនៅក្រុមហ៊ុនថ្មីរបស់អ្នក ធ្វើជាវេទិកានិយាយអាក្រក់ពីក្រុមហ៊ុនចាស់របស់អ្នកឡើយ។ ការនិយាយអាក្រក់ពីក្រុមហ៊ុនចាស់នោះ វាអាចធ្វើឲ្យថ្នាក់លើយល់ឃើញថា អ្នកជាមនុស្សដែលមិនល្អនោះឡើយ។
៥) រិះគន់លើរបៀបធ្វើការ
ថ្ងៃទីមួយ គឺជាថ្ងៃដែលអ្នកត្រូវស្គាល់មនុស្សឲ្យបានច្រើន និង ត្រូវស្វែងយល់អំពីរបៀបរបធ្វើការនៅក្នុងក្រុមហ៊ុន ដូច្នេះហើយអ្នកមិនត្រូវបញ្ចេញគំនិតឬយោបល់ណាមួយដែលនាំឲ្យប៉ះពាល់ដល់អ្នកដទៃឡើយ ជាពិសេសការរិះគន់លើរៀបធ្វើការ។ ការរិះគន់បែបនេះ នឹងអាចធ្វើឲ្យអ្នកក្លាយជាមនុស្សដែលត្រូវបានអ្នកដទៃមិនពេញចិត្ត ជាពិសេសថ្នាក់លើ ព្រោះថា បុគ្គលចាស់ៗប្រាកដជា មានអារម្មណ៍ថា អ្នកហាក់ដូចជា មានអំនួតជ្រុលពេកចំពោះខ្លួនឯង។
៦) ត្អូញត្អែរថា ការងារលំបាកពេក
ទោះបីជា ការងារថ្មីរបស់អ្នកមានលក្ខណៈស្មុគស្មាញក្តី ប៉ុន្តែសូមកុំនិយាយប្រាប់អ្នកដទៃ ឬ ប្រាប់ថ្នាក់លើថា វាលំបាកធ្វើ ព្រោះវាបង្ហាញថា អ្នកជាមនុស្សដែលគ្មានការតស៊ូនិង អត់ធ្មត់ក្នុងការងារ។
ដោយ៖ អ៊ុន ភក្តី
ប្រភព៖ www.businessinsider.com & www.independent.co.uk