គន្លឹះសំខាន់ៗ ជួយឲ្យអ្នកក្លាយជាបុគ្គលិកឆ្នើម ប្រចាំក្រុមហ៊ុន!
សម្រាប់អ្នកធ្វើការទាំងអស់ សុទ្ធសឹងតែចង់ក្លាយជាបុគ្គលិកឆ្នើមប្រចាំក្រុមហ៊ុន ដើម្បីទទួលបានឋានៈល្អ ប្រាក់ខែខ្ពស់ និង ការផ្តល់តម្លៃពីក្រុមហ៊ុន។ ប៉ុន្តែក្លាយទៅជាបុគ្គលិកឆ្នើម មិនមែនជារឿងងាយនោះឡើយ ពោលគឺត្រូវតែមានលក្ខណៈពិសេសជាច្រើន ដែលបុគ្គលិកដទៃទៀតធ្វើមិនបាន។ ដូច្នេះហើយ បើចង់ក្លាយជាបុគ្គលិកឆ្នើមប្រចាំក្រុមហ៊ុន អ្នកគួរធ្វើដូចខាងក្រោមនេះ៖
១) ការគោរពពេលវេលា
ពេលវេលាគឺជាមានតម្លៃបំផុត ដូច្នេះហើយបើត្រូវតែធ្វើការឲ្យបានទៀងម៉ោង ព្រោះថា ក្រុមហ៊ុន ឬ ថ្នាក់លើមិនចង់ឲ្យបុគ្គលិកណាមួយមកធ្វើការយឺតយ៉ាវនោះឡើយ។ ដូច្នេះហើយ អ្នកត្រូវព្យាយាមធ្វើយ៉ាងណា ទៅធ្វើការកុំឲ្យខកម៉ោងឲ្យសោះ។
២) ចេះជួយបុគ្គលិកផ្សេងទៀត
នៅកន្លែងធ្វើការ គឺជៀសមិនផុតពីការពឹងពាក់គ្នាទៅវិញទៅមក ប៉ុន្តែត្រូវព្យាយាមធ្វើយ៉ាងណាឲ្យខ្លួនអ្នកក្លាយជាមនុស្សដែលជាទីពឹងរបស់អ្នកដទៃឲ្យបានច្រើន មិនមែនក្លាយជាមនុស្សដែលចាំតែពឹងគេនោះឡើយ។ ការជួយអ្នកដទៃច្រើននេះ នឹងបង្ហាញថា អ្នកគឺជាមនុស្សចិត្តល្អម្នាក់ដែលអាចជួយអ្នកដទៃ មិនគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន និង ដើម្បីជំរុញឲ្យការងារក្រុមឆាប់ទទួលបានជ័យជ័យ។
៣) បញ្ចេញយោបល់ដែលមានប្រយោជន៍
មានមនុស្សជាច្រើន ចូលចិត្តនិយាយច្រើន ប៉ុន្តែពេលខ្លះសម្ដីទាំងនោះ គឺគ្មានប្រយោជន៍ទាល់តែសោះ ហើយពេលខ្លះបែរជាបង្កបញ្ហាទៅវិញ។ ដូច្នេះហើយ អ្នកមិនចាំបាច់ក្លាយជាមនុស្សដែលនិយាយច្រើននោះទេ ប៉ុន្តែត្រូវតែនិយាយអ្វីដែលមានប្រយោជន៍ ដើម្បីបង្ហាញទៅកាន់តែអ្នកដទៃ និង ថ្នាក់លើថា អ្នកគឺជាមនុស្សដែលម៉ត់ចត់ និង មិនឡេះឡោះច្រើន។
៤) គោរពអ្នកដទៃ៖
មនុស្សគ្រប់គ្នាសុទ្ធតែមានតម្លៃរៀងៗខ្លួន ដូច្នេះទោះបីជា អ្នកមានឋានៈខ្ពស់ជាងអ្នកផ្សេងក៏ដោយ ក៏ត្រូវតែបង្ហាញនូវការគោរពផងដែរ។ មានន័យថា អ្នកត្រូវចេះផ្តល់តម្លៃឲ្យមនុស្សទាំងនោះក្នុងនាមជាសមាជិកក្រុម ដែលមិនអាចខ្វះបានក្នុងការជំរុញឲ្យការងារឆាប់ទទួលបានជោគជ័យ។ បើអ្នកផ្តល់ការគោរពដល់អ្នកដទៃ នោះអ្នកក៏ទទួលបានការគោរពពីគេដែរ។
៥) ប្រកាន់ភាពស្មោះត្រង់៖
ភាពស្មោះត្រង់គឺពិតជាមិនអាចខ្វះបាននោះឡើយ ព្រោះអ្នកណាក៏ត្រូវការមនុស្សដែលមានចំណុចនេះដែរ។ ដូច្នេះហើយ អ្នកត្រូវតែជាមនុស្សស្មោះត្រង់ មិនមែននិយាយបោកប្រាស់ និង បន្លំអ្នកដទៃដើម្បីប្រយោជន៍ខ្លួនឡើយ។
៦) ធ្វើការឲ្យអស់ពីសមត្ថភាព
បើទោះបីជា ការងារនោះស្រូលក្តីលំបាកក្តី អ្នកត្រូវតែធ្វើវាឲ្យអស់ពីចិត្ត និង អស់ពីសមត្ថភាព ទើបអាចទទួលបានលទ្ធផលល្អប្រសើរបាន។ សូមកុំធ្វើការឲ្យរួចតែពីដៃ និង គ្មានទំនួលខុសត្រូវឲ្យអស់ ព្រោះបើធ្វើបែបនេះ អ្នកនឹងក្លាយជាមនុស្សដែលគេដាក់ចូលក្នុងបញ្ជីខ្មៅ សម្រាប់ពិចារណា ថាគួរដកចេញឬយ៉ាងណាហើយ៕
ដោយ៖ អ៊ុន ភក្តី
ប្រភព៖ career-advice.monster.ca & www.lifehack.org