កុំធ្លាក់ចូល​ក្នុង​អន្ទាក់​ចិត្តសាស្ត្រ ​​នៃ​ការ​ប្រើ​ប្រាស់​លុយ​ទាំង​ ៤ ​នេះ​ឲ្យ​សោះ​



លុយជាអាវុធមុខពីរ ព្រោះថាវាអាចជួយយើងតែក៏អាចសម្លាប់យើងបានផងដែរ ដូចនេះវាត្រូវការឲ្យអ្នកមានការយល់ឃើញឲ្យបានទូលំទូលាយនិងម៉ត់ចត់ចំពោះវា។ ខាងក្រោមនេះគឺជាអន្ទាក់មួយចំនួនដែលអ្នកមិនគួរចាញ់បោកងាយៗនោះទេ៖

១) គ្រាន់តែចង់បំពេញឲ្យគ្រប់៖ នេះក៏ជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនទៀតដែលធ្វើឲ្យអ្នកមិនសូវខំប្រឹងធ្វើការងារ។ ក្នុងជីវិតយើង យើងមិនអាចមើលឃើញពីអនាគតបាននោះទេ ហេតុនេះហើយនៅពេលដែលអ្នកមានឱកាស អ្នកគួរតែចាប់ឱកាសនោះឲ្យបានជាប់ បើពុំនោះទេ ថ្ងៃដែលយើងត្រូវការលុយ ទើបយើងដឹងថាអ្វីៗប្រហែលជាហួសពេលទៅហើយ។

២) ត្រូវតែរកលុយ៖ ការគិតបែបនេះធ្វើឲ្យផលិតភាពរបស់អ្នកមានការអន់ថយ ព្រោះអ្នកមិនបានគិតថាការងារអ្វីដែលសមឬមិនសមសម្រាប់អ្នកនោះទេ ផ្ទុយទៅវិញគឺអ្នកគិតតែរឿងប្រាក់ខែឬប្រាក់ចំណេញប៉ុណ្ណោះ ដែលគេហៅថាធ្វើការដោយមិនមានភាពវ័យឆ្លាត។

៣) មានលុយរឹតតែច្រើន កាន់តែលំបាក៖ នេះគឺជាការគិតមួយដែលពោរពេញទៅដោយភាពអវិជ្ជមាន ព្រោះថាអ្វីៗស្ថិតនៅក្នុងការគ្រប់គ្រងរបស់អ្នកទាំងអស់។ នៅពេលដែលអ្នកមានលុយច្រើន អ្នកក៏ត្រូវតែមានការគិតឲ្យបានវែងឆ្ងាយផងដែរដើម្បីឲ្យសាកសមទៅនឹងតម្លៃលុយដែលអ្នកមាន។

៤) ទាល់តែមានលុយទើបអាចបង្កើតលុយថែមបាន៖ គំនិតបែបនេះវិញបានធ្វើឲ្យសហគ្រិនមួយចំនួនទទួលនូវភាពបរាជ័យហើយមួយចំនួនទៀតមិនទាន់មានភាពក្លាហានក្នុងការបើកអាជីវកម្មផ្ទាល់ខ្លួនផង ព្រោះពួកគេគិតថាទាល់តែមានលុយទើបអាចដោះស្រាយបញ្ហាបាន តែពេលវាមិនមែនបែបនេះទាំងស្រុងទេ គឺវាត្រូវការគំនិតប៉ិនប្រសប់ ភាពក្លាហាន និងទំនាក់ទំនងល្អជាដើម៕

ដោយ៖ តូច ម៉ាយ៉ារស្មី  

X
5s