ក្រសួងសុខាភិបាល និងវិទ្យាស្ថានប៉ាស្ទ័របកស្រាយពីការរកឃើញវីរុស SARS-Cov លើសត្វប្រចៀវក្នុងប្រទេសកម្ពុជា​



កាលពីពេលថ្មីៗនេះ មានការចេញផ្សាយថា វីរុសកូវីដ ១៩ បានរកឃើញក្នុងលើសត្វប្រចៀវក្នុងប្រទេសកម្ពុជា តាមការបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាកាលពីឆ្នាំ ២០១០។ តែព័ត៌មាននេះត្រូវបានក្រសួងសុខាភិបាលបដិសេធ ហើយធ្វើសន្និសិទ្ធសារព័ត៌មាននៅថ្ងៃទី ២៣ ខែកុម្ភៈ ២០២១នេះ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិកា និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ការសិក្សានោះវាធ្វើឡើងលើសត្វប្រចៀវចំនួន ២ក្បាល និងទំហំនៃការសិក្សានោះគឺតូចបំផុត ហើយលទ្ធផលដែលរកឃើញលើសត្វប្រចៀវនោះទៀតសោត គឺស្រដៀងទៅនឹង SARS- CoV តែមិនមែនជា Covid-19 ទេ។ ដូច្នេះមិនអាចនិយាយបានថា វីរុស Covid-19  ឬ SARS- CoV2 មានប្រភពចេញពីកម្ពុជាយើងនោះទេ។ 

លោកស្រីក៏បានបញ្ជាក់ថា ទោះបីវាជាប្រភេទនៃ Corona Virus មានផ្ទុកក្នុងខ្លួនសត្វប្រចៀវ តែវីរុសនេះ មិនមែនជាវីរុស Covid 19 នេះទេ៖ «និយាយឲ្យស្រួលស្ដាប់ វាជាអំបូរជាមួយគ្នា វាជាបងប្អូនជីដូនមួយជាមួយ Covid 19 តែវាមិនមែនជា Covid 19 នេះទេ»។

ជាមួយគ្នានេះ ប្រធានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លោកស្រី Luarence BARIL បានមានប្រសាសន៍ថា ចំពោះវីរុសដែលបានរកឃើញនេះ វាពិតជាស្រដៀងគ្នា តែវាខុសគ្នា។ ការរកឃើញវីរុសបែបនេះមិនមែនមានតែនៅកម្ពុជាទេ តែនៅតាមបណ្ដាប្រទេសមួយចំនួនទៀតក៏រកបានឃើញដែរ។ 

បន្ថែមពីនេះលោកស្រីក៏បានបញ្ជាក់ទៀតដែរថា វីរុសដែលបានរកឃើញក្នុងប្រទេសកម្ពុជានេះ គ្មានការបង្ហាញមួយណាថាមានលទ្ធភាពចម្លងទៅកោសិការបស់មនុស្សឡើយ។ 

ហេតុដូច្នេះហើយលោកជំទាវ ឱ វណ្ណឌីន ក៏បានធ្វើការស្នើសុំឲ្យគ្រប់បណ្ដាញសារព័ត៌មានទាំងអស់សិក្សា និងស្វែងយល់ឲ្យបានលម្អិតច្បាស់លាស់ មុនពេលចេញផ្សាយព័ត៌មាន៕

 

X
5s