លោក អ៊ឹង សុខេង ស្ថាបនិកសាលារៀនភាសាថៃក្រុងថេប៖ ពីដើមទុន៥០០០ដុល្លារខ្ចីធនាគារ រហូតបើកសាលាពីរសាខានៅភ្នំពេញ​



លោកអ្នកមួយចំនួនធំពិតជាបានស្គាល់ហើយនូវសាលារៀនភាសាថៃក្រុងថេប គឺជាសាលារៀនភាសាថៃមួយឈានមុខគេនិងកំពុងមានការគាំទ្រច្រើនពីអ្នកសិក្សានៅក្នុងប្រទេសកម្ពុជា។ គិតមកដល់ពេលនេះ សាលារៀនភាសាថៃក្រុងថេបបានដំណើរការអស់រយៈពេល ៦ ឆ្នាំមកហើយ និងមានពីរសាខានៅក្នុងរាជធានីភ្នំពេញ។ ថ្ងៃនេះ BizKhmer នឹងនាំលោកអ្នកមកស្គាល់ពីស្ថាបនិក ការវិវត្តន៍នូវដំណើរការនានារបស់សាលារៀនភាសាថៃក្រុងថេប។

លោក អ៊ឹង សុខេង ស្ថាបនិកសាលារៀនភាសាថៃក្រុងថេប

លោក អ៊ឹង សុខេង ស្ថាបនិកសាលារៀនភាសាថៃក្រុងថេប បានមានប្រសាសន៍ថា សាលារៀនភាសាថៃក្រុងថេបនេះចាប់ផ្ដើមដំណើរការនៅឆ្នាំ ២០១៤ ដោយមានរូបលោកតែម្នាក់គត់ជាគ្រូបង្រៀនភាសាថៃ។ លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «មានមូលហេតុពីរ ដែលនាំឲ្យខ្ញុំសម្រេចចិត្ត និងឈានដល់ការបង្កើតសាលារៀនភាសាថៃក្រុងថេបនេះឡើង៖» 

ទី១. ខ្ញុំមើលឃើញថានៅក្នុងពេលនោះ មិនទាន់មានសាលាភាសាថៃពិតប្រាកដនៅឡើយនោះទេ ស្របពេលដែលមានការគាំទ្រ និងមានអ្នកចង់រៀនភាសាថៃជាខ្លាំង។

ទី២. វាកើតចេញពីការមើលឃើញនូវការគាំទ្រការបង្រៀនរបស់ខ្ញុំផ្ទាល់ ទើបធ្វើឲ្យខ្ញុំសម្រេចចិត្តបើកសាលារៀនភាសាថៃក្រុងថេបនេះ។ 

ការបើកអាជីវកម្មលើវិស័យអប់រំ ដែលបើកជាសាលាបង្រៀនភាសាបរទេសដែលមានភាសាថៃជាគោលនេះពីដំបូងឡើយគឺជាអាជីវកម្មលក្ខណៈគ្រួសារតែប៉ុណ្ណោះ ដែលមានតែលោក អ៊ឹង សុខេង មួយរូបទេដែលជាគ្រូបង្រៀនភាសាថៃ។ ក្រោយមកការបង្រៀនចេះតែទទួលបានការគាំទ្រច្រើនឡើងច្រើនឡើងពីសំណាក់សិស្សដែលចូលមកសិក្សានៅទីនេះ តម្រូវការមកសិក្សាក៏កាន់តែកើនឡើងទើបធ្វើឲ្យលោកសម្រេចចិត្តបន្ថែមប្អូនស្រីរបស់លោកម្នាក់ទៀត ហើយមកជួយបង្រៀនក្នុងរយៈពេលពីរខែ។ គិតមកដល់ពេលនេះសាលារៀនភាសាថៃក្រុងថេបមានគ្រូបង្រៀនចំនួន ២៤ រូបហើយ។

លោក សុខេង ក៏បានមានប្រសាសាន៍បន្ថែមថា៖ «វាជាភាពចៃដន្យមួយដែរ ដែលកាលពីដើមឡើយខ្ញុំធ្លាប់ធ្វើការជាមួយជនជាតិថៃធ្វើការបានមួយរយៈ គាត់ក៏បានហៅខ្ញុំឲ្យទៅក្រុងថេប (បាងកក) ជាមួយគាត់ដើម្បីទៅធ្វើការនៅទីនោះ ហើយក៏ព្រោះតែខ្ញុំចេះនិយាយថៃដែរ។ គាប់ជួនអីពេលនោះត្រូវបានគ្រួសារបដិសេធពិសេសម្តាយខ្ញុំ ព្រោះខ្ញុំទើបតែរៀបការបានប៉ុន្មានខែ។ បន្ទាប់ពីត្រូវក្រុមគ្រួសារបដិសេធ និងពិចារណាឡើងវិញម្តងហើយម្តងទៀត លោក អ៊ីង សុខេង ក៏បាបចាប់អារម្មណ៍លើការបង្រៀនភាសាថៃដោយខ្លួនឯង។ លោកគិតថា លោកចេះភាសាថៃ រហូតជនជាតិថៃចង់នាំលោកទៅធ្វើការនៅប្រទេសគេ ចុះបើលោកយកចំណេះនោះមកបង្រៀនកូនខ្មែរក្នុងប្រទេសមិនល្អជាង»។ 

គំនិតនេះបានធ្វើឲ្យលោកដក់ជាប់ ហើយក៏បើកបង្រៀនខ្លួនឯង អ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺការគាំទ្រទទួលបានច្រើន ពេលនោះលោកក៏បានចាប់ផ្ដើមពិភាក្សាជាមួយគ្រួសារ ដើម្បីបើកសាលារៀនមួយ។

លោក សុខេង មានប្រសាសន៍យ៉ាងដូច្នេះទៀតថា៖ «ទុនដែលប្រើដំបូងនោះគឺ ប្រមាណជា ៥០០០ ដុល្លារដែលបានពីកម្ចីធនាគារ ជាដើមទុនដំបូងដែលប្រើសម្រាប់ចាប់ផ្តើមអាជីវកម្មមួយ ហើយអាចនិយាយបានថាជាការចាប់ផ្ដើមពីក្រោមសូន្យ ដោយមិនមានអ្វីសោះ»។

ចំពោះផលវិបាកដែលលោកធ្លាប់ជួបប្រទះក៏មានច្រើន គួបផ្សំជាមួយនឹងការខ្វះជំនាញក្នុងការដឹកនាំ ក៏ដូចជាជំនាញគ្រប់គ្រង ជាពិសេសការបែងចែកតួនាទី ឋានៈការងារផ្សេងៗ។ តែដោយសារមានភាពជាអ្នកអប់រំ លោកក៏បាននិយាយចរចារជាមួយបុគ្គលិក ជាពិសេសគឺភរិយារបស់លោក ដែលជាអ្នករួមការងារជាមួយគ្នា ហើយលោកក៏បានព្យាយាមសិក្សាស្វែងយល់ ចូលរៀនវគ្គសិក្សាខ្លីៗ រួមទាំងចំណាយពេលរៀនតាមយូធូប នូវចំនេះដឹងដែលមានសារៈប្រយោជន៍លើអាជីវកម្មរបស់លោកផងដែរ។

លោកចែករំលែកសារមួយទៅកាន់អ្នកដែលចង់ចាប់ផ្ដើមអាជីវកម្ម កុំចាំទាល់តែចេះសិន ទាល់តែមានសិន មានបទពិសោធន៍គ្រប់គ្រាន់សិន ចេះច្រើនសិន ទើបចាប់ផ្ដើមធ្វើ។ បើមានឱកាសហើយ គឺគួរចាប់យកវា កុំឲ្យវាកន្លងផុតទៅ កុំគ្រាន់តែយកលេសថា យើងអត់លុយ មិនមានបទពិសោធន៍ មិនមានការចេះដឹងទាក់ទងនឹងផ្នែកដែលយើងចង់ធ្វើ។ ផ្ទុយទៅវិញយើងគួរតែចាប់ផ្ដើមធ្វើសកម្មភាព ឆ្ពោះទៅរកគោលដៅនោះ។

ក្នុងនាមជាសហគ្រិនមួយរូប យើងត្រូវតែមានផ្នត់គំនិត មានការគិតដែលត្រឹមត្រូវ។ ហើយដើម្បីមានការគិតដែលត្រឹមត្រូវ យើងត្រូវស្វែងយល់សិក្សាស្រាវជ្រាវផ្សេងៗ ហើយចៀសវាងការគិតខុសដែលនាំឲ្យខាតពេលវេលា។ បន្ថែមលើសពីនេះគឺ ត្រូវមានការអភិវឌ្ឍជំនាញ។ តាមរយៈការពង្រឹងជំនាញរបស់យើងដែលមានស្រាប់ ធ្វើឲ្យការអនុវត្តរបស់យើងកាន់តែស្ទាត់ជំនាញ និងអភិវឌ្ឍខ្លួនឯងឈានទៅរកគោលដៅមួយដែលល្អបំផុត។

លោកក៏បានបន្ថែមទៀតថា ក្នុងនាមជាម្ចាស់អាជីវកម្មក្នុងវិស័យអប់រំមួយរូប លោកលើកទឹកចិត្តឲ្យ ម្ចាស់អាជីវកម្មលើវិស័យអប់រំនេះ គួរតែអនុវត្តបង្កើនសមត្ថភាព ទៅលើការបណ្ដុះបណ្ដាលសិស្ស ជាជាងការប្រកួតប្រជែងទៅលើតម្លៃ ដែលធ្វើឲ្យការបង្វឹក ឬការបង្រៀន ក៏ដូចជាកម្មវិធីសិក្សារបស់យើងនៅទន់ខ្សោយ។ យើងគួរតែខិតខំ សិក្សាអនុវត្តកម្មវិធីសិក្សាពីក្រៅតំបន់ ដែលមានការអភិវឌ្ឍខ្លាំងលើវិស័យអប់រំ ដូចជាពីប្រទេសជប៉ុនជាដើម ដែលសុទ្ធសឹងតែអាចជួយដល់ភាពរីកចម្រើន លើផ្នែកសមត្ថភាពរបស់សិស្សានុសិស្សជំនាន់ក្រោយៗទៀត៕

ដោយ៖ សុធារ៉ា

 

X
5s