លោកស្រី​ឱ វណ្ណឌីន៖ អ្នក​ជាប់​ឃុំនៅ​ព្រះ​វិហារមានជំងឺ​ផ្តាសាយធំ មិន​ទាក់​ទង​នឹង​កូវីដ ១៩ ទេ​



ក្រសួងសុខាភិបាល​នា​ព្រឹក​ថ្ងៃទី ០១ ខែ​កញ្ញា ឆ្នាំ ២០២០ បានចេញសេក្តីប្រកាសអំពីជំងឺគ្រុនផ្ដាសាយធំ ដែលបានកើតឡើងលើមនុស្សក្នុងពន្ធធនាគារខេត្តព្រះវិហារ ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា ដោយ​លោក​ស្រី ឱ វណ្ណឌីន​៖

ករណីជំងឺគ្រុនផ្តាសាយធំ (Influenza A) បានកើតឡើងលើក្រុមមនុស្សនៅក្នុងពន្ធធនាគារខេត្តព្រះវិហារដោយមានការចម្លងបន្តគ្នា៖

ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ នាព្រឹកវេលាម៉ោង ០៧និង១៥នាទីនៃថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានទទួលព័ត៌មានអំពី មានហេតុការណ៌ករណីសង្ស័យជំងឺគ្រុនផ្ដាសាយធំ ជាច្រើននាក់ បានកើតឡើងលើក្រុមអ្នកកំពុងជាប់ក្នុងមណ្ឌលឃុំឃាំង នៃពន្ធធនាគារខេត្តព្រះវិហារ។   ភ្លាមៗនោះ  ក្រោយពីការចុះស្រាវជ្រាវ និងពិនិត្យស្ថានភាពជំងឺ ដោយក្រុមការងារឆ្លើយតបបន្ទាន់ និងក្រុមគ្រូពេទ្យពិនិត្យព្យាបាលរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ  តាមលក្ខណ:បច្ចេកទេស អ្នកជំងឺ  និងអ្នកសង្ស័យថាឆ្លងជំងឺ ត្រូវបានធ្វើការបែងចែកចេញដូចខាងក្រោមៈ

១. អ្នកជំងឺចំនួន ១៤៧នាក់ (ស្រ្តី ១៩នាក់) ដាក់ក្នុងបន្ទប់ដាច់ដោយឡែក ផ្តល់ការព្យាបាល និងបានយកវត្ថុសំណាកដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ 

២. អ្នកសង្ស័យឆ្លងជំងឺផ្តាសាយធំចំនួន ១១នាក់ ត្រូវបានដាក់ឲ្យនៅបន្ទប់ដាច់ដោយឡែកផ្សេងមួយទៀត និង

៣. អ្នកដែលមិនសង្ស័យឆ្លងជំងឺចំនួន ៣២៦នាក់ (ស្រ្តី ២០នាក់) ត្រូវបានដាក់ក្នុងបន្ទប់ដាច់ដេាយឡែកផ្សេងៗគ្នា។

នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ លទ្ធផលវិភាគវត្ថុសំណាកទទួលបានពីវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណ: បានបង្ហាញថា អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់គ្នា ដូច្នេះ មិនមែនជាករណីជំងឺកូវីដ-១៩ នោះទេ ហើយលទ្ធផលវិភាគមន្ទីរពិសោធន៌ ក៏បានបញ្ជាក់ដែរថា ជាករណីជំងឺផ្តាសាយធំ (Influenza A) ដែលជាជំងឺអាចឆ្លងបន្តគ្នាបានក្នុងទ្រង់ទ្រាយបែបនេះដែរ ប្រសិនបើបុគ្គលម្នាក់ៗ មិនបានអនុវត្តកិច្ចការពារខ្លួនបានត្រឹមត្រូវទេនោះ។ ក្រុមការងារ ក៏បានធ្វើការអប់រំសុខភាព  ដើម្បីឲ្យអ្នកនៅក្នុងពន្ធគារទាំងអស់ចេះការពារខ្លួន កុំឲ្យមានការចម្លងបន្តគ្នាបន្ថែមទៀត។    

បច្ចុប្បន្ន ស្ថានភាពសុខភាពរបស់អ្នកជំងឺ មានសភាពល្អប្រសើរជាបណ្តើរៗ និងស្ថិតក្រោមការតាមដានដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ។ 

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមអនុវត្តវិធានការការពារកុំឲ្យមានការចម្លងជំងឺកូវីដ-១៩ផង និងការពារជំងឺផ្តាសាយធំផង ដែលជាជំងឺអាចឆ្លងពីបុគ្គលម្នាក់ទៅម្នាក់ទៀត ឫឆ្លងនៅក្នុងក្រុមគ្រួសារ ឫនៅក្នុងក្រុមមនុស្សណាមួយនោះដែរ។  

អរគុណច្រើន

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

ប្រភព៖ក្រសួងសុខាភិបាលកម្ពុជា

អត្ថបទ៖ ស្រីណា

X
5s