Facebook ត្រៀមផែនការប្រឆាំងនឹងរដ្ឋាភិបាលថៃដែលទាមទាររារាំងការរិះគន់របស់ក្រុមរាជាធិបតេយ្យ
ទីក្រុងបាងកក៖ Facebook បានឲ្យដឹងកាលពីថ្ងៃអង្គារ ថាខ្លួនគ្រោងនឹងប្រឆាំងជាមួយរដ្ឋាភិបាលថៃដោយស្របច្បាប់ បន្ទាប់ពីត្រូវបានបង្ខំឱ្យរារាំងដំណើរការរបស់ក្រុមមួយដែលមានសមាជិក ១ លាននាក់ដែលពួកគេនាំគ្នាពិភាក្សារិះគន់អំពីស្តេចក្នុងប្រទេសថៃ។
ប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ កាលពីល្ងាចថ្ងៃច័ន្ទបានរារាំងដំណើរការចូលទៅកាន់ក្រុម «Royalist Marketplace» បន្ទាប់ពីរដ្ឋាភិបាលថៃបានគំរាមចាត់វិធានការផ្លូវច្បាប់ចំពោះការខកខានមិនបានយកខ្លឹមសារ ដែលចាត់ទុកថាជាការបរិហារកេរ្តិ៍ដល់របបរាជានិយម។
អ្នកនាំពាក្យហ្វេសប៊ុកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់រ៉យទ័រថា «ការស្នើរសុំបែបនេះគឺធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងដែលធ្វើឲ្យប៉ះពាល់ដល់សេរីភាពរបស់មនុស្សក្នុងការបញ្ចេញមតិ»។ «យើងធ្វើការ គឺដើម្បីការពារសិទ្ធិរបស់អ្នកប្រើប្រាស់អ៊ីនធឺណេតទាំងអស់ ហើយពួកយើងកំពុងរៀបចំដើម្បីជំទាស់នឹងសំណើនេះដោយស្របច្បាប់» អ្នកនាំពាក្យបានបន្ថែម។
គួរបញ្ជាក់ផងដែរថា ការជេរប្រមាថរបបរាជានិយមគឺខុសច្បាប់នៅក្នុងប្រទេសថៃ។ ក្រុម «Royalist Marketplace» ត្រូវបានបង្កើតឡើងនៅក្នុងខែមេសា ឆ្នាំ២០២០ ដោយលោក Pavin Chachavalpongpun ដែលជាអ្នកសិក្សានិរទេសខ្លួននៅក្រៅប្រទេស និងជាអ្នករិះគន់ពីរបបរាជានិយម។រីឯសេចក្តីថ្លែងការណ៍ គឺមិនបានផ្តល់ព័ត៌មានលម្អិតអំពីបញ្ហាប្រឈមផ្នែកច្បាប់នៃការប្ដឹងផ្ដល់នេះនៅឡើយនោះទេ ប៉ុន្តែសម្រាប់ប្រទេសថៃការរិះគន់ ឬប្រមាថព្រះមហាក្សត្រត្រូវមានទោសជាទម្ងន់៕
ដោយ៖ សុធារ៉ា
ប្រភព៖ Channel News Asia, New Man Dala, The New York Time