ទោះមិនទាន់មានការវិនិច្ឆ័យពី WHO តែវៀតណាមកំពុងចចារទិញវ៉ាក់សាំង COVID19 ពីរុស្ស៊ី និង អង់គ្លេស​


ប្រភព​រូបពី​ Reuter

ទូរទស្សន៍រដ្ឋបានរាយការណ៍កាលពីថ្ងៃសុក្រនេះថា ប្រទេសវៀតណាមបានចុះឈ្មោះដើម្បីទិញវ៉ាក់សាំង COVID19  របស់រុស្ស៊ីនៅពេលដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងសារជាថ្មីជាច្រើនករណីកូវីដ ១៩ និងមានការរាយការណ៍ពីករណីឆ្លងក្នុងសហគមន៍នៅក្នុងទីក្រុងដាណាង ក្នុងរយៈពេលថ្មីៗនេះ នេះបើយ៉ោងតាមប្រភពពីសារព័ត៌មាន រ៉យទ័រ។

ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងចាប់ផ្តើមចាក់វ៉ាក់សាំងការពារ COVID19 ដំបូងបង្អស់របស់ពិភពលោកក្នុងរយៈពេលពីរសប្តាហ៍ ដោយបដិសេធការព្រួយបារម្ភរបស់អ្នកជំនាញដែលបាននិយាយថាវាមិនគួរត្រូវបានអនុម័តមុនពេលបញ្ចប់ការសាកល្បងទ្រង់ទ្រាយធំ។

អ្នកកាសែត ទូយ ទ្រេ(Tuoi Tre) បានរាយការណ៍ថាប្រទេសវៀតណាមបានចុះហត្ថលេខាលើវ៉ាក់សាំងចំនួន ៥០ លានទៅ ១៥០ លានដូស។ លោក Tuoi Tre បាននិយាយថា មានចំនួនខ្លះនៃវ៉ាក់សាំងជា «អំណោយ» ពីប្រទេសរុស្ស៊ី ដោយផ្នែកដែលនៅសេសសល់វៀតណាមនឹងធ្វើការបង់ថ្លៃ។

ជាមួយគ្នានេះផងដែរក្រសួងសុខាភិបាលវៀតណាម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រទេសវៀតណាមក៏នឹងទិញវ៉ាក់សាំងពីចក្រភពអង់គ្លេសបន្ថែមដែរ ដែលប្រទេសនេះមានភាពជាដៃគូដើម្បីអភិវឌ្ឍវ៉ាក់សាំងក្នុងស្រុកជាមួយសាកលវិទ្យាល័យ Bristol»។ ក្រសួងមិនបានបញ្ជាក់ថា នៅពេលណាដែលខ្លួនរំពឹងថានឹងទទួលវ៉ាក់សាំងឬថាតើពួកគេត្រូវចំណាយប៉ុន្មាននោះទេ។ វាមិនច្បាស់ទេថា តើវ៉ាក់សាំងមួយណាដែលវៀតណាមមានបំណងទិញពីអង់គ្លេស។

គួររំឮកបន្តិចថា កាលពីខែមុនក្រសួងបាននិយាយថាប្រទេសវៀតណាមនឹងមានវ៉ាក់សាំងក្នុងស្រុកដែលអាចរកបាននៅចុងឆ្នាំ ២០២១។ ប្រទេសវៀតណាមធ្លាប់ត្រូវបានគេកោតសរសើរចំពោះការលុបបំបាត់ការផ្ទុះឡើងមុននេះតាមរយៈចំណាត់ការនានាដូចជា ការដាក់ឲ្យនៅដាច់ដោយឡែកពីគ្នាជាដើម ប៉ុន្តែឥឡូវនេះវៀតណាមកំពុងប្រឈមការឆ្លងក្នុងសហគមន៍ បន្ទាប់ពីបើកឲ្យមានការចរាចរណ៍នានាក្នុងក្រុង ពិសេសនៅដាណាង ហើយក៏ជាទីក្រុងទេសចរណ៍ដ៏សំខាន់មួយ ការផ្ទុះឡើងថ្មីនេះចាប់ផ្តើមនៅថ្ងៃទី ២៥ ខែកក្កដា។

គិតត្រឹមថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២០ វៀតណាមមានអ្នកឆ្លងវីរុសកូវីដ ១៩ សរុបចំនួន ៩៣០ នាក់ដោយមានអ្នកស្លាប់ចំនួន ២២ នាក់។ នាយករដ្ឋមន្រ្តីង្វៀនស្វឹនភុកបាននិយាយថា ហានិភ័យនៃការឆ្លងរាលដាលកាន់តែធំ។

គួរបញ្ជាក់ថា រដ្ឋាភិបាលបាននិយាយថាអាជ្ញាធរបានដាក់ទីក្រុង ហៃ ដុង (Hai Duong) ជាទីក្រុងមួយដែលមានប្រជាជនកន្លះលាននាក់នៅប៉ែកខាងកើតនៃរដ្ឋធានីហាណូយ ស្ថិតក្រោមការបិទទ្វារអស់រយៈពេល ១៥ ថ្ងៃកាលពីថ្ងៃសុក្របន្ទាប់ពីមានករណីចំនួន ៣ ត្រូវបានរកឃើញនៅទីនោះ។

ប្រធានក្រុមការងារទទួលបន្ទុកមេរោគឆ្លងCOVID19 វៀតណាមលោក វ៉ូ ឌុក ឌាម (Vu Duc Dam) បាននិយាយនៅថ្ងៃសុក្រថា «ប្រទេសវៀតណាមឥឡូវនេះគ្មានជំរើសអ្វីក្រៅពីរស់នៅជាមួយវីរុសនោះទេ»។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋលោក Dam បាននិយាយថា «យើងកំពុងអនុវត្តវិធានការប្រឆាំងនឹងមេរោគរបស់ប្រទេសក្រីក្រដូច្នេះអ្នករាល់គ្នាត្រូវប្រុងប្រយ័ត្ននិងដឹងពីវិធីការពារខ្លួនពីវីរុស»។

ដោយ៖ ស្រីណា

 

X
5s