រឿងសាមញ្ញ ៤ យ៉ាងដែលអ្នកអាចធ្វើបានដើម្បីធ្វើឱ្យអាជីវកម្មខ្នាតតូចរបស់អ្នកមានស្ថេរភាពកំឡុងពេលកូវីដ​



ការរាតត្បាតនៃជំងឺកូវីត បានធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់អាជីវកម្មនានានៅទូទាំងពិភពលោក។ បើទោះបីជាមានក្រុមហ៊ុនខ្លះនៅតែដំណើរការដូចធម្មតាក៏ដោយ ក៏បញ្ហាប្រឈមនៅតែមាន ព្រោះមនុស្សភាគច្រើនព្យាយាមនៅតែផ្ទះ ដើម្បីកាត់បន្ថយការរាលដាលនៃមេរោគកូវីតនេះ។

ក្រៅពីការព្រួយបារម្ភទាំងនេះ យើងងាកមកស្វែងយល់ចំណុច ៤ យ៉ាងដែលអាចជួយឱ្យអាជីវកម្មខ្នាតតូចរបស់អ្នកមានស្ថេរភាពអំឡុងពេលកូវីត។

១. រក្សាទំនាក់ទំនងជាប្រចាំជាមួយអតិថិជន 

អតិថិជន អាចនិងឆ្ងល់ថាតើអ្នកនៅបំរើសេវាកម្មទៀតទេកំឡុងពេលនៃការរាលដាលនៃជំងឺនេះ។ អ្នកគួរផ្ដល់ព័ត៌មានជាប្រចាំទៅកាន់អតិថិជន ដើម្បីឱ្យពួកគាត់ដឹងពីបម្រែបម្រួលនៃការងាររបស់អ្នក។ ឧទាហរណ៍ អ្នកកាត់បន្ថយម៉ោងការងារ ឬ អ្នកឈប់ទទួលការទិញទំនិញនៅហាង តែទទួលការកម្មង់តាម អនឡាញ ដើម្បីធានាសុវត្ថិភាពអតិថិជន ជាដើម។ 

ការប្រាស្រ័យទាក់ទងជាប្រចាំ អាចផ្តល់ឱ្យអតិថិជននូវទំនុកចិត្ត និងជួយពួកគេឱ្យចងចាំម៉ាកអាជីវកម្មរបស់អ្នក។

២. ពិចារណាផលិតផលថ្មីដើម្បីជំនួសសេវាកម្មចាស់

ប្រសិនបើផ្នែកខ្លះនៃអាជីវកម្មរបស់អ្នកលែងមានដំណើរការហើយ អ្នកគួរតែគិតពិចារណា រិះរកគំនិតថ្មីៗ ដើម្បីមកជំនួស។ ការបង្រៀនអនឡាញ ការធ្វើវីដេអូ ឬការលក់សៀវភៅ e-book ជាដើម អាចជាផ្នែកមួយដែលអាចជំនួសសេវាកម្មដែលលែងត្រូវការនាពេលបច្ចុប្បន្ន។ ក្រៅពីនេះ អ្នកអាចធ្វើការងារមួយចំនួនដោយផ្ដោតលើ ការប្រើប្រាស់បច្ចេកវិទ្យា ដូចជាការផ្សព្វផ្សាយ ការប្រជុំជាមួយក្រុមការងារ និងការជួបអតិថិជនតាមអនឡាញជាដើម។

៣. ម៉ត់ចត់ពីរបៀបដែលអ្នកគ្រប់គ្រងការចំណាយ

ការគិតគូរពីចំណូលនិងចំណាយជាផ្នែកមួយយ៉ាងសំខាន់ក្នុងអាជីវកម្ម។ ខណៈពេលដែលប្រាក់កម្ចីអាជីវកម្មខ្នាតតូចដែលអាចរកបានតាមរយៈកញ្ចប់កម្ចី វាពិតជាអាចជួយបាន។ ម្ចាស់អាជីវកម្មគួរតែយកចិត្តទុកដាក់បន្ថែមលើស្តុកនិងការគ្រប់គ្រងគម្រោងដោយវាយតម្លៃជម្រើសហិរញ្ញប្បទានបច្ចុប្បន្នរបស់ពួកគេនិងសវនកម្មចំណាយថេរនិងអថេរ។ ចំណាយទៅលើតែអ្វីដែលចាំបាច់ និងអាចផ្ដល់ផលប្រយោជន៍ដល់ការរីកចម្រើនអាជីវកម្មរបស់អ្នក។

៤. រៀនសម្របខ្លួន និងត្រៀមផែនការអនាគត

អ្នកមិនអាចស្មានដឹងទេថាតើការរាតត្បាតនៃកូវីត១៩នេះនឹងចប់នៅពេលណា ដូច្នេះហើយអ្នកគួរតែត្រៀមខ្លួនបត់បែនតាមស្ថានភាព។ ការចេះសម្របខ្លួននឹងធ្វើឱ្យការគ្រប់គ្រងអាជីវកម្មរបស់អ្នកមានស្ថេរភាព មិនថាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។ 

ក្រៅពីចំណុចទាំង៤ ដែលបានរៀបរាប់អ្នកអាចព្យាយាមសិក្សាស្វែងយល់ពីការគ្រប់គ្រងអាជីវកម្មនានា ដែលនៅជុំវិញខ្លួនអ្នក ដែលទាំងនោះអាចជាគំនិតល្អៗដើម្បីរក្សាអាជីវកម្មរបស់អ្នកឱ្យមានស្ថេរភាពកំឡុងពេលកូវីតនេះ៕

ដោយ៖ សុធារ៉ា

 

X
5s