តើ​អ្នក​អាច​ចាប់​ផ្តើម​បើក​ជំនួញ​នៅ​មុន​អាយុ ២៥​ឆ្នាំ​ដោយ​​វិធី​ណា?​



មាន​យុវជន​វ័យក្មេង​​មិន​តិច​ទេ​នៅ​ពេល​បច្ចុប្បន្ន​នេះ​​ដែល​មាន​ក្តី​ស្រមៃ​​ចង់​ធ្វើ​ជា​អ្នក​ជំនួញ​ដ៏​ជោគជ័យ​មួយ​នៅ​ពេល​អនាគត។ ពួកគេ​យល់​ថា វិធី​នេះ​​បើ​ជោគ​ជ័យ​​​នឹង​ធ្វើ​ឲ្យ​​ពួកគេ​ក្លាយ​ជា​អ្នក​មាន មាន​សេរីភាព​ហិរញ្ញវត្ថុ និង​អាច​រួមចំណែក​អភិវឌ្ឍ​សង្គម​បាន​ទៀត​ផង។ សូម​មិន​​បដិសេធន៍​ទេ​ចំពោះ​គំនិត​ផ្តួចផ្តើម​រកស៊ី​របស់​អ្នក ក៏ប៉ុន្តែ​វិថី​មួយ​នេះ គឺ​មាន​​ហានិភ័យ និង​ឧបសគ្គ​ច្រើន​ណាស់ មិន​ងាយស្រួល​ដូច​អ្នក​គិត​នោះ​ឡើយ។ 

យ៉ាងណាក៏ដោយ អត្ថបទ​នេះ​ព្យាយាម​លើក​យក​ចំណុច​ចំនួន ៧ សម្រាប់​និស្សិត ឬ​ប្រិយមិត្ត​ដែល​មាន​បំណង​ចង់​បើក​ជំនួញ​ទាំង​វ័យក្មេង ដើម្បី​​យក​ទៅពិចារណា​ដូច​ខាងក្រោម។ 

១.ជ្រើសរើស​ការងារ​ល្អ​មួយ​ដែល​ទាក់ទង​នឹង​​ជំនួញ​ដែល​អ្នក​ចង់​ធ្វើ
ប្រសិន​បើ​អ្នក​ចង់​បើក​ជំនួញ​លក់​សំលៀកបំពាក់ អ្នក​គួរ​​​តែ​មាន​បទពិសោធន៍ក្នុង​វិស័យ​នេះ។ អ្នក​គួរ​ធ្វើ​ការ​ឲ្យ​​ហាង​លក់​សំលៀកបំពាក់​​បណ្ដើរ​រៀនសូត្រ​បណ្ដើរ​ដើម្បី​ដកស្រង់​យក​ចំណេះដឹង និង​បទពិសោធន៍​ជាមុន​សិន​មុន​នឹង​ចេញ​រកស៊ី​ខ្លួនឯង​។ បទពិសោធន៍ និង​ចំណេះដឹង​ជួយ​ឲ្យ​អ្នក​​យល់​ច្បាស់​​ពី​របៀប​គ្រប់គ្រង ដំណើរការ ទិញ​លក់ និង​​គន្លឹះ​រកស៊ី​ក្នុង​វិស័យ​របស់​អ្នក។

២.មាន​សហប្រតិបត្តិការ​ល្អ​ពី​គំនិត​ជំនួញ​របស់​អ្នក 
នៅ​ពេល​អ្នក​​មាន​គំនិត​ចង់​បើក​អាជីវកម្ម​មួយ​ជាមួយ​មិត្តភក្តិ ឬ​ដៃគូ​អាជីវកម្ម​ផ្សេងៗ​ទៀត អ្នក​ត្រូវ​ប្រាកដថា ពួកគេ​យល់ស្រប​គំនិត​របស់​អ្នក និង​មាន​ការ​ប្តេជ្ញាចិត្ត​បំពេញ​កិច្ចការ​នេះ​ឲ្យ​បាន​ជោគជ័យ​តាម​គោលដៅ​កំណត់។ អ្នក​ត្រូវ​មាន​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​បេសកកម្ម​ក្រុមហ៊ុន ការ​សម្រេចចិត្ត និង​សកម្មភាព​ផ្សេងៗ​ទៀត​ ត្បិតអី​ការ​សហការ​គ្នា​ជា​ធ្លុង​មួយ​នៅ​ក្នុង​ក្រុម​ការងារ នឹង​ជំរុញ​ឲ្យ​អាជីវកម្ម​របស់​អ្នក​មាន​ភាព​រីកចម្រើន។

៣.មាន​ទេពកោសល្យ ឬ​ជំនាញ​ក្នុង​មុខ​ជំនួញ​របស់​អ្នក​ច្បាស់លាស់​
ប្រសិន​បើ អ្នក​​​យល់​ថា ខ្លួន​ឯង​មិន​សូវ​មាន​ជំនាញ​ ឬ​ចំណេះដឹង​ច្បាស់​លាស់​ពីមុខ​ជំនួញ​ដែល​អ្នក​នឹង​ធ្វើ​នោះ​ទេ អ្នក​មិន​គួរ​ហ៊ាន​ប្រថុយ​ពេក​នោះ​ឡើយ។ ចំណុច​នេះ​គឺ​ចាំបាច់​ណាស់​ពីព្រោះ​​ថា ​បើ​អ្នក​មិន​មាន​ជំនាញ​ដ៏​ប៉ិនប្រសព្វ​ក្នុង​មុខ​ជំនួញ​របស់​អ្នក​ទេ អ្នក​នឹង​ប្រឈមមុខ​នឹង​ហានិភ័យ​ខ្ពស់ និង​ងាយ​បរាជ័យ។

៤.យកចិត្ត​ទុកដាក់​ឲ្យ​បាន​​ខ្លាំង​បំផុត​លើ​គំនិត​ជំនួញ​របស់​អ្នក
តើ​អ្នក​ចង់​រកស៊ី​អ្វី? ចង់​លក់​ផលិតផល ឬ​សេវាកម្ម​អ្វី? តើ​អ្នក​មាន​ដឹង​ថា ផលិតផល​​ ឬ​សេវាកម្ម​របស់​អ្នក​មាន​តម្រូវ​ការ​ខ្ពស់​ដែរ​ឬទេ? នរណា​ខ្លះ​ជា​អតិថិជន​គោលដៅ?  តើ​អ្វី​ទៅ​ជា​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​នៃ​គំនិត​​អាជីវកម្ម​របស់​អ្នក? តើ​អ្នក​អាច​ប្រកួតប្រជែង​ជាមួយ​គូប្រជែង​នៅ​លើ​ទីផ្សារ​ដែរ​ឬទេ? នេះ​ជា​សំនួរ​សំខាន់ៗ​ដែល​អ្នក​ត្រូវ​វិភាគ​ឲ្យ​បាន​ស៊ី​ជម្រៅ​ជាទីបំផុត​មុន​នឹង​ឈាន​ជើង​​ហក់​ប្រឡូក​ក្នុង​អាជីវកម្ម។ 

៥.បង្កើត​បណ្ដាញ​ទំនាក់ទំនង​ជាមួយ​អ្នក​ជំនួញ​ដូចគ្នា​ឲ្យ​បាន​ច្រើន
ការ​បង្កើត​ទំនាក់ទំនង​​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​មុខ​ជំនួញ​គឺ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់។ អ្នក​ត្រូវ​ពិនិត្យ​មើល​ថា នរណា​ខ្លះ​ដែល​អ្នក​គួរ​ជ្រើសរើស​ធ្វើ​ជា​ដៃគូ​ទំនាក់ទំនង? តើ​ពួកគេ​អាច​ជួយ​ផ្តល់​ចំណេះដឹង និង​បទពិសោធន៍​ជា​ច្រើន​នៅ​ក្នុង​មុខ​ជំនួញ​របស់​អ្នក​ដែរ​ឬទេ? តើ​ពួកគេ​មាន​សក្ដានុពល​អ្វី​ដែល​​ជួយ​ឲ្យ​អ្នក​ជោគជ័យ​ក្នុង​មុខ​ជំនួញ? មធ្យោបាយ​ដ៏​ល្អ​មួយ​គឺ​អ្នក​គួរ​​បង្កើត​ទំនាក់ទំនង​ឲ្យ​បាន​ច្រើន​ជាមួយ​អ្នក​ជំនួញ​នានា ជា​ពិសេស​អ្នក​ជំនួញ​ដែល​រកស៊ី​នៅ​ក្នុង​វិស័យ​របស់​អ្នក​តែម្ដង។ 

៦.មាន​ភាព​ជឿជាក់​លើ​គំនិត​ជំនួញ​របស់​អ្នក
មុន​ពេល​អ្នក​ចាប់​ផ្តើម​រកស៊ី អ្នក​ត្រូវ​​ប្រាកដ​ខ្លួនឯង​ថា គំនិត​រកស៊ី​របស់​អ្នក​នឹង​ដំណើរ​ការ​ទៅ​រលូន ហើយ​នឹង​មាន​សក្ដានុពល​កាន់តែ​ខ្លាំង​ឡើង​នៅ​ពេល​អនាគត​។  អ្នក​មិន​គួរ​មាន​ភាព​សង្ស័យ​លើ​គំនិត​ជំនួញ​របស់​អ្នក​ ហើយ​ត្រូវ​ធ្វើ​ឲ្យ​វា​អាច​ដំណើរ​ការ​បាន​យ៉ាង​ពិតប្រាកដ។ អ្នក​អាច​សាកល្បង​ធ្វើតេស្ត​វា​​នៅ​លើ​ទីផ្សារ​ជា​មុន​សិន ឬ​ស្នើ​សុំ​គំនិត​យោបល់​ពី​មិត្ត​ភក្តិ ឬ​អ្នក​ជំនាញ​ដើម្បី​កែលំអ​​​រក​មើល​ចំណុច​ខ្វះ​ខាត​បន្ថែម។

៧.ព្យាយាម​ប្រឹងប្រែង​ឲ្យ​អស់​សមត្ថភាព
អ្នក​ត្រូវ​ទទួលស្គាល់​ថា ភាព​ជា​អ្នក​ជំនួញ អ្នក​នឹង​ត្រូវ​លះបង់​ពេលវេលា​​ច្រើន​​ណាស់​ដើម្បី​ផ្ដោត​លើ​កិច្ចការ​មួយ​នេះ។ វា​​ត្រូវ​ការ​ចក្ខុវិស័យ​ច្បាស់លាស់​ ខិតខំ​ប្រឹងប្រែង​ព្យាយាម តស៊ូ អត់ធ្មត់ ភាព​ច្នៃប្រឌិត និង​បត់បែន​ច្រើន​ដើម្បី​គ្រប់គ្រង​វា​​។ នេះ​ជា​អ្វី​ដែល​​អ្នក​ជំនួញ​នៅ​លើ​សាកលលោក​បាន​​ដើរ និង​កំពុង​បន្ត​ធ្វើ​វា​ត​ទៅ​មុខ​ទៀត៕

ដោយ៖ ខេវិន
ប្រភព៖ Businessnewsdialy ​​

 

X
5s