ចំណុចគោលសំខាន់ចំនួន ៤ ដែលអ្នកត្រូវដឹងពេលធ្វើជំនួញជាមួយមិត្តភក្តិ
ការធ្វើជំនួញគឺជាកិច្ចការមួយស្មុគស្មាញខ្លាំងណាស់។ ចុះអ្នកយល់យ៉ាងម៉េចដែរ ប្រសិនបើអ្នកចាប់ដៃមិត្តភក្តិរកស៊ីចូលគ្នា? ជាការពិត ចំណងមិត្តភាពដ៏ស្អិតល្មួត ដ៏រឹងមាំរវាងអ្នក និងមិត្តភក្តិរបស់អ្នកដែលធ្លាប់មាននៅពេលកន្លងមក ទំនងជាគ្រឹះដ៏សំខាន់មួយដែលធ្វើឲ្យ អ្នកទាំងពីរហ៊ានសម្រេចចិត្តដើរចូលក្នុងវិថីជំនួញជាមួយគ្នា។ ទោះបីជាយ៉ាងនេះក្តី រឿងសំខាន់ដែលអ្នកត្រូវស្វែងយល់ជាងនេះគឺថា អ្វីៗទាំងនេះនឹងមានការផ្លាស់ប្ដូរនៅពេលដែលអ្នកប្រែក្លាយពីមិត្តភាពទៅជាដៃគូអាជីវកម្ម។
ថ្វីត្បិតតែមានចម្លើយពីរដែលថា ការរកស៊ីជាមួយមិត្តភក្តិ អាចល្អអាចអាក្រក់ ដូចនេះមុននឹងសម្រេចចិត្តឈានចូលក្នុងអាជីវកម្មមួយរួមគ្នា អ្នកត្រូវស្វែងយល់ពីកត្តាមួយចំនួនខាងក្រោមនេះជាមុនសិន។
១.សាកល្បងជាមួយដើមទុនតិចជាមុនសិនដើម្បីស្ទាបស្ទង់ការរកស៊ីជាមួយគ្នា
ហានិភ័យនឹងមានច្រើននៅពេលធ្វើជំនួញ ជាពិសេសប្រសិនបើអ្នកចាប់ផ្តើមធ្វើវាជាមួយដើមទុនច្រើន។ ដូច្នេះហើយដើម្បីសិក្សាស្វែងយល់មុនពេលដាក់ទុនធំរបស់អ្នកទៅវិនិយោគអាជីវកម្មជាមួយមិត្តភក្តិ អ្នកអាចសាកល្បងដាក់ទុនបន្តិចបន្តួចជាមុនសិន។ ថ្វីត្បិតតែអ្នកគិតថា អ្នកទាំងពីរមានបទពិសោធន៍ និងមានសមត្ថភាពខ្ពស់ក្នុងការធ្វើជំនួញដូចគ្នាក៏ពិតមែន ក៏ប៉ុន្តែទាំងនេះវាមិនគ្រប់គ្រាន់ដើម្បីធានាបានថា អ្នកទាំងពីរនឹងអាចដើររួមគ្នាទៅមុខបាននៅពេលធ្វើជំនួញរួមគ្នាឡើយ។ ប៉ុន្តែប្រសិនបើអ្នក និងមិត្តភក្តិរបស់អ្នកបានសហការ និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងពេញទំហឹងនាពេលកន្លងមក នេះវាអាចមានលទ្ធភាពខ្ពស់ដែលបញ្ជាក់ថា អ្នកនឹងអាចធ្វើការជាមួយគ្នាបានល្អនៅក្នុងអាជីវកម្មរបស់អ្នកទាំងពីរ។
២.មានបេសកកម្មរួមគ្នា
នៅពេលដំណើរការអាជីវកម្មពីដើមទីទៅ អ្នកត្រូវតែបង្កើតគុណតម្លៃរួមមួយដើម្បីនាំផ្លូវឆ្ពោះទៅដល់ការសម្រេចចិត្តរួមមួយក្នុងមុខជំនួញរបស់អ្នក។ នៅពេលអ្នកទាំងពីរបានបង្កើតគុណតម្លៃរួមគ្នា នៅពេលដែលអាជីវកម្មរបស់អ្នកកាន់តែរីកចម្រើន អ្នកនឹងដឹកនាំ និងធ្វើការសម្រេចចិត្តក្នុងកិច្ចការជំនួញរបស់អ្នកដោយឈរលើគុណតម្លៃនោះជាសំខាន់។ នេះជាមូលហេតុសំខាន់ដែលអ្នកទាំងពីរត្រូវពិភាក្សាថា តើគុណតម្លៃបែបណាដែលជារឿង អាទិភាពអ្នកទាំងពីរត្រូវធ្វើក្នុងដំណើរបេសកកម្មរួមគ្នានៅពេលអនាគត? សូមចាំថា នៅពេលដែលអ្នកទាំងពីរមានបេសកកម្មជាធ្លុងមួយ ការសម្រេចចិត្តផ្សេងៗនឹងមិនមែនជាបញ្ហាចោទរបស់អ្នកទាំងពីរនោះទេ។
៣.បែងចែកទទួលខុសត្រូវ និងរចនាសម្ព័ន្ធក្រុមហ៊ុនឲ្យបានច្បាស់លាស់
តើនរណាក្នុងចំណោមអ្នកទាំងពីរជាអ្នកប្រធានក្រុមប្រឹក្សាភិបាល ឬសមាជិក? តើនរណាដែលមានជំនាញទំនាក់ទំនងជាមួយអតិថិជន? តើនរណាចេះជំនាញទីផ្សារ? ភាពជាដៃគូអាជីវកម្ម អ្នកនឹងមានចំណុចខ្វែងគ្នាជាច្រើន។ ដូច្នេះការចាត់តាំងការទទួលខុសត្រូវលើការងារផ្ទៃក្នុងក្រុមហ៊ុន គឺជារឿងសំខាន់ខ្លាំងណាស់នៅពេលដែលអ្នក និងមិត្តភក្តិរបស់អ្នកមានជំនាញ និងសមត្ថភាពផ្សេងគ្នា ។ អ្នកត្រូវព្រមព្រៀងថា នរណាស័ក្ដិសមកាន់តំណែងសំខាន់ និងជាអ្នកសម្រេចចិត្តចុងក្រោយ។ នេះវាជួយធានាបានថា អ្នកទាំងពីរមិនធ្វើការជាន់តួនាទី ទំនួលខុសត្រូវ ឬធ្វើការខុសពីសមត្ថភាពរបស់ខ្លួន។ ការធ្វើជំនួញជាមួយមិត្តភក្តិដោយមិនបានបែងចែកតួនាទី និងទំនួលខុសត្រូវក្នុងកិច្ចការជំនួញ អាចធ្វើឲ្យមិត្តភាពរបស់អ្នកដើរដល់ទីបញ្ចប់បាន។
៤.មានកិច្ចព្រមព្រៀងអាជីវកម្មរួមគ្នា
ការបង្កើតកិច្ចព្រមព្រៀងក្នុងអាជីវកម្ម គឺជារឿងខ្វះមិនបាន។ សូមកុំដោយសារតែមិត្តភាព និងទំនុកចិត្ត ធ្វើឲ្យអ្នកទាំងពីរមើលរំលងកិច្ចព្រមព្រៀងទាំងនោះ។ កិច្ចព្រមព្រៀងទាំងនោះនឹងជួយឲ្យអ្នកបែងចែកឲ្យដាច់ រវាងមិត្តភក្តិ និងដៃគូអាជីវកម្មសម្រាប់គ្រប់គ្រងលើប្រតិបត្តិការទាំងឡាយដែលកើតមាននៅក្នុងក្រុមហ៊ុនដូចជា ការពង្រីកក្រុមហ៊ុន ការបែងចែកប្រាក់ចំណេញ ការទទួលខុសត្រូវ និងការរំលាយក្រុមហ៊ុនជាដើម។ ថ្វីត្បិតតែវាមើលទៅដូចជាពិបាកមើលបន្តិចដែលត្រូវបង្កើតព្រមព្រៀងជាមួយមិត្តភក្តិ ក៏ប៉ុន្តែវាប្រៀបបានដូចជាអាវក្រោះដ៏រាំងមាំមួយសម្រាប់ការពារអ្នកទាំងពីរនៅពេលមានទំនាស់ផលប្រយោជន៍ ហើយវាមានលក្ខណៈវិជ្ជាជីវៈដែលគាំទ្រដោយច្បាប់។ សូមចាំថា បើអ្នកទាំងពីរបានបង្កើតវារួចហើយ ហើយអ្នកទាំងពីរបានសហការគ្នាយ៉ាងល្អក្នុងមុខជំនួញ អ្នកទាំងពីរមិនចាំបាច់ខ្វាយខ្វល់ ពីវាក៏បានដែរ៕
អត្ថបទដែលទាក់ទង៖
- ចង់ធ្វើជាអ្នករកស៊ីជោគជ័យម្នាក់ មានជំនាញទាំងអស់នេះនៅក្នុងខ្លួនហើយឬនៅ?
- ជំនាញទាំង ១២យ៉ាង ដែលសហគ្រិនគ្រប់រូបត្រូវតែមាន
ដោយ៖ខេវិន
ប្រភព៖ businessnewsdaily