តើ​សហគ្រិន​អាច​ចូលរួម​ដោះស្រាយ​បញ្ហា​ពិភពលោក​ធំៗ​ដោយ​របៀបណា?​



ពិភពលោក​កំពុង​​ប្រឈមមុខ​ទៅ​នឹង​​បញ្ហា​ធំៗ​ជា​ច្រើន​នៅ​ពេល​បច្ចុប្បន្ន​នេះ​។ ​គម្លាត​សង្គម (Social Distancing)  ផ្សារភាគហ៊ុន និង​ការ​ផ្អាក​ប្រតិបត្តិការ​អាជីវកម្ម​​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​ដោយសារ​ជំងឺ​កូវីដ ១៩ ​បាន​បង្កើត​បរិយាកាស​មិន​ប្រាកដប្រជា​​។ ទន្ទឹម​នឹង​នេះ​​បម្រែបម្រួល​អាកាសធាតុ ​វិសមភាព​នៃ​​ប្រាក់ចំណូល  ភាព​វឹកវរ​នៃ​​ការ​រើសអើង​ពូជសាសន៍ និង​បញ្ហា​ជា​​ច្រើន​ទៀត​នៅតែ​បន្ត​​ការ​ព្រួយបារម្ភ​​សម្រាប់​មនុស្ស​ជាតិ​ទាំងមូល ។

យ៉ាងណាមិញ បើ​ទោះបី​ជា​​បញ្ហា​​ទាំងនេះ​មើល​ទៅ​វា​ហាក់បីដូចជា​​គួរ​ឲ្យ​ភ័យខ្លាច ប៉ុន្តែ​​ប្រវត្តិសាស្ត្រ​បាន​បង្រៀន​​ម្តង​ហើយ​ម្តង​ទៀត​ថា​ គ្មាន​ហេតុផល​ណា​មួយ​ដែល​មនុស្ស​នៅ លើ​ភព​ផែនដី​នេះ​ត្រូវ​បោះបង់​ក្តី​សង្ឃឹម​​នោះ​ឡើយ។​ មនុស្ស​​នៅតែ​​អាច​រក​ឃើញ​ជា​ប្រចាំ​នូវ​ដំណោះស្រាយ​ចំពោះ​បញ្ហា​ធំ​ៗ​​របស់​ពិភពលោក​ទាំង​​នោះ  ហើយ​ជា​ទូទៅ​គេ​សង្កេត​ឃើញ​ថា សហគ្រិន​ច្រើន​តែ​ស្ថិតនៅ​ជួរ​មុខ​គេ​​​ជានិច្ច​។

ជាមួយ​នឹង​មធ្យោបាយ​ជា​ច្រើន  បច្ចេកវិទ្យា​ និង​ធនធាន​សព្វថ្ងៃ​​បាន​ផ្ដល់​ឱកាស​កាន់តែ​ប្រសើរ ឡើង​​ដល់​សហគ្រិន​ជាង​ពេល​ណាៗ​ទាំងអស់​ដើម្បី​​ចូលរួម​ជួយ​​ទប់ទល់​នឹង​​នឹង​បញ្ហា​​នានា​របស់​ពិភពលោក​​ដ៏​គួរ​ឲ្យ​ខ្លាច​។  តើ​សហគ្រិន​ម្នាក់ៗ​នៅ​យុគសម័យ​ថ្មី​នេះ ត្រូវ​ចូលរួម​ដោះស្រាយ​បញ្ហា​ទាំងនោះ​ដោយ​របៀបណា? 

ខាងក្រោម​នេះ​​នឹង​បង្ហាញ​ពី​វិធី មួយ​ចំនួន​ដែល​សហគ្រិន​អាច​ចូលរួម​ដោះស្រាយ​បញ្ហា​ពិភពលោក​ធំៗ​បាន៖ 
១.បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ជា​សកល
ប្រជាជាតិ​នីមួយៗ​មាន​ទំនាក់ទំនង​គ្នា​កាន់តែ​ជិតស្និទ្ធ​ឡើង​ជាង​ពេល​ណាៗ​ទាំងអស់​។ សូម្បីតែ​មុន​ឆ្នាំ​ ២០២០ ទីផ្សារ​​ភាគហ៊ុន​សាកល​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​​ទៅ​នឹង​ការ​បិទ​រោងចក្រ​នៅ​ចិន​ដែល​នឹង​ជះឥទ្ធិពល​ដល់​ខ្សែ​ច្រវ៉ាក់​​ផ្គត់ផ្គង់​របស់​ពិភពលោក។ ទោះ​ជាយ៉ាង​ណា​ក៏ដោយ ការ​កើន​ឡើង​​នៃ​ចរន្ត​សកលភាវូបនីយកម្ម​ក៏​បង្កើត​ឱកាស​​ឲ្យ​មាន​ការ​សហប្រតិបត្តិការ​ថ្មី​ៗ​ដែល​ផ្ដល់​លទ្ធភាព​ដល់​សហគ្រិន​នូវ​ធនធាន​កាន់តែ​សំបូរ​បែប​សម្រាប់​ដោះស្រាយ​បញ្ហា​ធំៗ​ចំពោះ​មុខ​​។ កិច្ច​សហប្រតិបត្តិ​ការ​ជា​សកល​អនុញ្ញាត​ឲ្យ​សហគ្រិន​ទទួល​បាន​ការ​ឱកាស​ចូលរួម​​ស្វែងយល់​ដកស្រង់​បទពិសោធន៍ ​​វប្បធម៌ និង​​បរិបទ​សង្គម​នីមួយៗ​ដែល​មិន​​ធ្លាប់​ធ្វើ​បាន​កាល​ពី​ប៉ុន្មាន​ទសវត្ស​កន្លង​ទៅ។

២.ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឆ្លាតវៃ
តាមរយៈ​ការ​ប្រើប្រាស់​ធនធាន​ដែល​អ្នកដទៃ​បាន​បង្កើត​ឡើង​ ឬ​បង្កើត​​ឧបករណ៍​បច្ចេកវិទ្យា​​ដោយ​ខ្លួនឯង​ សហគ្រិន​អាច​​ចូលរួម​បង្កើត​ដំណោះស្រាយ​ថ្មី​ដែល​មាន​ប្រសិទ្ធភាព​ជាង​មុន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំងនោះ។ ការ​បង្កើតដំណោះស្រាយ​​ដោយ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ជាច្រើន​នៅ​ពេល​សព្វថ្ងៃ​នេះ ​​មិន​ត្រឹមតែ​ជួយ​សហគ្រិន​​ឲ្យ​មាន​ភាព​ច្នៃប្រឌិត​ជាមួយ​នឹង​ផលិតផល និង​សេវាកម្ម​ថ្មីៗ​ប៉ុណ្ណោះ​ទេ​   ប៉ុន្តែពួកគេ​ថែម​ទាំង​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ឲ្យ​អាជីវកម្ម​ដំណើរការ​ទៅ​ដោយ​រលូន​​ជាង​មុន​ផង​ដែរ។ ការ​កាត់បន្ថយ​ការ​ចំណាយ និង​ការ​​ទុក​ឲ្យ​ប្រព័ន្ធ​បច្ចេកវិទ្យា​ធ្វើការ​ជំនួស​អ្នក​ដោយ​ស្វ័យប្រវត្តិ នឹង​​ធ្វើ​ឲ្យ​អ្នក​មាន​ពេល​បន្ថែម​ទៀត​ដើម្បី​ផ្តោត​លើ​ការ​ខិតខំ​ប្រឹងប្រែង​​ក្នុង​ការ​​​ផ្ដួចផ្ដើម​​សម្រាប់​ដោះស្រាយ​បញ្ហា​សំខាន់ៗ​ដទៃ​ទៀត​។

៣.បង្ហាញ​ឥទ្ធិពល​ជា​វិជ្ជមាន​នៃ​អាជីវកម្ម​របស់​អ្នក​​​​នៅ​ក្នុង​សង្គម​ឲ្យ​បាន​ច្រើន​​
អ្នក​ត្រូវ​ចាំថា អ្នក​កំពុង​រស់នៅ​ក្នុង​​បរិបទ​មួយ​ដែល​មនុស្ស​កាន់តែ​ច្រើន​ឡើង​ចង់​ដឹង​ថា​  ក្រុមហ៊ុន ឬ​អាជីវកម្ម​របស់​អ្នក​កំពុង​មាន​​​ឥទ្ធិ​ពល​​ជា​វិជ្ជមាន​កម្រិត​ណា​ដល់​ពិភពលោក និង​សហគមន៍​របស់​អ្នក។ យោង​តាម​របាយការណ៍​​សិក្សា​ឆ្នាំ ២០១៥ របស់​នីលែន (Nielsen study) បាន​រក​ឃើញ​ថា ក្រុមហ៊ុន​ដែល​​មាន​ម៉ាក ឬ​ប្រេនដ៍ (Brand) ផ្តោត​លើ​ «ការ​ប្ដេជ្ញា​ចិត្ត​​ដល់​និរន្តរភាព» ពិភពលោក​ មាន​កំណើន​ ៤% ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ បើ​ប្រៀបធៀប​ទៅ​នឹង​កំណើន​តិច​ជាង ១% សម្រាប់​​គូប្រជែង​របស់​ពួកគេ។ នេះ​​បាន​ឆ្លុះបញ្ចាំង​ពី​​វត្ថុ​បំណង និង​ទំនោរ​​របស់​អតិថិជន​ក្នុង​ការ​ទិញ​ផលិតផល​ពី​ម៉ាក​យីហោ​​ក្រុមហ៊ុន​ដែល​មាន​ឥទ្ធិពល​វិជ្ជមាន​ដល់​សង្គម​របស់​ពួកគេ។ សហគ្រិន​គឺ​ជា​អ្នក​ច្នៃប្រឌិត ដូច្នេះ​ហើយ​ការ​​ដែល ធ្វើ​ឲ្យ​​ម៉ាក​យីហោ​របស់​ពួកគេ​មាន​ឥទ្ធិពល​ក្នុង​សង្គម​​កាន់តែ​ច្រើន នឹង​​ជួយ​ជំរុញ​ឲ្យ​មាន​ការ​គាំទ្រ​ពី​អតិថិជន។

​៤.មាន​ផ្នត់​គំនិត​ជា​អ្នក​ដោះស្រាយ​បញ្ហា
ខណៈ​ដែល​ធនធាន និង​ឱកាស​ជា​ច្រើន​​នៅ​ពេល​បច្ចុប្បន្ន​អាច​ជួយ​ដល់​សហគ្រិន​​បាន​យ៉ាង​ច្រើន​សម្រាប់​ដោះស្រាយ​បញ្ហា​ធំៗ​របស់​ពិភពលោក គ្មាន​អ្វី​ដែល​អាច​យក​មក​ប្រៀប​បាន​ទៅ​នឹង​​ផ្នត់​គំនិត​​ជា​អ្នក​ដោះស្រាយ​បញ្ហា​ជា​​ធំ​​នោះ​ទេ។ ក្នុង​នាម​ជា​សហគ្រិន អ្នក​​​ត្រូវ​ដឹង​ថា អ្នក​ជា​មនុស្ស​កើត​មក​ជា​មួយ​ផ្នត់​គំនិត​អ្នក​រកស៊ី ផ្នត់​គំនិត​ដោះស្រាយ​បញ្ហា ហើយ​តែងតែ​សម្លឹង​មើល​អ្វី​ដែល​ថ្មី និង​វិធី​ដែល​កាន់តែ​ប្រសើរ​ជាង​នេះ​​ដើម្បី​​ធ្វើ​ ឬ​ដោះស្រាយ​បញ្ហា​អ្វី​​មួយ​ដែល​កំពុង​កើត​មាន​នៅ​ចំពោះ​មុខ៕

អត្ថបទទាក់ទង៖

ដោយ៖ ខេរិន
ប្រភព៖ Entrepreneurs 

 

X
5s