រដ្ឋាភិបាលកម្ពុជាបានបញ្ចុះតម្លៃប្រេងឥន្ធនៈ ខណៈប្រេងនៅទីផ្សារអន្តរជាតិឡើងថ្លៃនៅខែមិថុនានេះ​



ភ្នំពេញ៖ រដ្ឋាភិបាលបានសម្រេចបញ្ចុះតម្លៃប្រេងឥន្ធនៈចំនួន ៤ សេនដុល្លារក្នុងមួយលីត្រ គិតចាប់ពីថ្ងៃទី១៦ ខែមិថុនា ដល់ ថ្ងៃទី៣០ ខែមិថុនា ខណៈពេលដែលតម្លៃប្រេងនៅទីផ្សារអន្តរជាតិឡើងថ្លៃ បើប្រៀបធៀបកាលពីខែមិថុនា។ 

នេះបើយោងតាម សេចក្តីដំណឹងស្តីពី ថ្លៃលក់រាយប្រេងឥទ្ធនៈនៅតាមស្ថានីយ របស់ក្រសួងពាណិជ្ជកម្ម  កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ នេះ។ 

នៅក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី ១៦ ដល់ ៣០ ខែមិថុនា ឆ្នាំ ២០២០ នឹងត្រូវលក់ ៣០១០ រៀលក្នុងមួយលីត្រសម្រាប់សាំងធម្មតានិង ២៧៧៤ រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត។

បើប្រៀបធៀបតម្លៃប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ កាលពីខែមុន ថ្លៃលក់រាយប្រេងឥន្ធនៈ លក់ ២៦៦០ រៀលក្នុងមួយលីត្រសម្រាប់សាំងធម្មតានិង ២៤៦០ រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត មានន័យថា តម្លៃប្រេងសាំងធម្មតាឡើង ៣៥០ រៀល និងប្រេងម៉ាស៊ូតឡើង ៣១៤ រៀលក្នុងមួយលីត្រសម្រាប់ខែមិថុនានេះ។ 

ក៏ប៉ុន្តែ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន សម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៤ សេនដុល្លារក្នុងមួយលីត្រ។

ដូចច្នេះ តម្លៃលក់រាយដែលចុះរួចសម្រាប់អនុវត្តរួមមាន សម្រាប់សាំងធម្មតា ២៨៥០ រៀលក្នុងមួយលីត្រ និង សម្រាប់ប្រេងម៉ាស៊ូត ២៦០០ រៀលក្នុងមួយលីត្រ។

ដោយ៖ នូ វិរៈ

 

X
5s