ហេតុផល ៣ យ៉ាងបញ្ជាក់ច្បាស់ថាចង់ជោគជ័យ ឈប់ខ្លាចបរាជ័យហើយរារាំងខ្លួនឯងទៀត
មនុស្សប៉ុន្មាននាក់ដែលមិនចង់បានភាពជោគជ័យសម្រាប់ខ្លួនឯង តែមានមនុស្សប៉ុន្មាននាក់ដែលតែងបណ្តោយពេលវេលាឲ្យកន្លងហួស ដោយយកលេសបរាជ័យមកដាក់រារាំងមុខ?
ខាងក្រោមនេះជាហេតុផល ៣ យ៉ាងដែលអាចបញ្ជាក់បានថា បើអ្នកចង់ជោគជ័យពិតប្រាកដឈប់យកការខ្លាចបរាជ័យមករារាំងអ្វីដែលជាគោលដៅរបស់អ្នកទៀត៖
១) បរាជ័យបានបង្កើតឡើងដើម្បីឲ្យអ្នករឹងមាំ
ដដែល គឺគ្មាននរណាម្នាក់ចង់ជួបរឿងបរាជ័យទេ ព្រោះពេលជួបរឿងបរាជ័យម្តងៗវាពិតជាឈឺចាប់។ តែធាតុពិតរឿងបរាជ័យជាមេរៀនមួយដែលមិនមែនគ្រប់គ្នាសុទ្ធតែអាចជួប និងរៀនសូត្របាននោះទេ។ បរាជ័យមិនមែនជាកំហុសដែលធ្វើឲ្យអ្នកអាប់ឱនទេ តែវាធ្វើឲ្យអ្នកដឹងថាអ្វីដែលអ្នកគួរធ្វើ ហើយផ្លូវណាដែលអ្នកត្រូវដើរបន្ត។
២) បរាជ័យជាអ្នកត្រួសត្រាយផ្លូវអ្នក
ពិតណាស់ថា ទោះមិនបានជួបរឿងបរាជ័យក៏មិនប្រាកដថាអ្នកមិនអាចទទួលបានភាពជោគជ័យនោះដែរ ។ តែថាបើមិនបានជួបរឿងបរាជ័យក្នុងការងារអ្វីមួយនោះទេ អ្នកក៏មិនបានស្គាល់ផ្លូវច្រើនសម្រាប់ដើរនោះដែរ ព្រោះអ្នកស្គាល់តែផ្លូវមួយប្រកបដោយភាពស្រណុកសុខសប្បាយនាំអ្នកទៅកាន់គោលដៅនៃភាពជោគជ័យ ខណៈដែលអ្នកធ្លាប់បរាជ័យបានស្គាល់ផ្លូវវាងបី បួន ប្រាំផ្សេងទៀត។
៣) ជាអ្នកពិសោធន៍ច្បាស់ថាអ្វីជាភាពជោគជ័យ និងគោលដៅរបស់អ្នកពិតប្រាកដ
ភាពបរាជ័យបានឲ្យខ្លួនឯងយើងដឹងច្បាស់ពីអ្វីដែលជាគោលដៅ ចំណង់ចំណូលចិត្ត ការស្រលាញ់ និងការតាំងចិត្តពិតប្រាកដដើម្បីសម្រេចបានភាពជោគជ័យមួយ។ មានន័យថា បើគ្មានបរាជ័យជាមេរៀនដើម្បីសាកល្បង អ្នកអាចនឹងមិនបានរកឃើញពីអ្វីដែលអ្នកស្រលាញ់ពិតប្រាកដ ពេលខ្លះអ្នកអាចចង់ឲ្យសម្រេចការងារមួយដោយការស្រលាញ់មួយឆាវ តែបន្ទាប់ពីជួបបញ្ហា ឧបសគ្គ ឬភាពបរាជ័យហើយអ្នកអាចនៅបន្តចិត្តស្រលាញ់ និងនៅតែជំនះចង់ឲ្យគោលដៅអ្នក នោះទើបអ្នកអាចរកឃើញពីគោលដៅអ្នកពិតប្រាកដ៕