អភិបាលរាជធានីភ្នំពេញជំរុញឱ្យអាជ្ញាធរគ្រប់ផ្នែក ពិនិត្យឱ្យបានច្បាស់លាស់មុននឹងអនុញ្ញាតិឱ្យមានការជីកឬខួងផ្លូវ​



ភ្នំពេញ- អភិបាលរាជធានីភ្នំពេញបានជំរុញឱ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការពិនិត្យរាល់ការខួងឆ្លងផ្លូវ ឬ ជីកកាយកប់ខ្សែកាប្លិ៍ក្រោមដី ដោយស្ថាប័នរដ្ឋនានា និងក្រុមហ៊ុនឯកជនទាំងនោះឡើងវិញ ដោយសារតែវាបង្កឲ្យមានភក់ ជ្រាំ គង្ហុក ទុកចោល និងដីហុយជាដើម ដែលទទួលរងនូវការរិះកន់ពីប្រជាពលរដ្ឋយ៉ាងខ្លាំង ។

ការជំរុញបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ ស្តីពីការជួសជុលគន្លងខ្សែកាប្លិ៍អាកាសដែលបានជីកកប់ក្រោមដី ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នេះ។

ឯកឧត្តមអភិបាលបញ្ជាក់ថា បើទោះជាមានលិខិតអនុញ្ញាតិក៏ដោយ ក៏ត្រូវតែចុះពិនិត្យស្ថានភាពជាក់ ស្តែងដែរ ដើម្បីដឹងថាការជីកឬខួងផ្លូវរបស់អង្គភាពទាំងនោះ មានផលប៉ះពាល់អ្វីខ្លះ និងមានការទទួលខុសត្រូវបែបណា ពីអង្គភាពទាំងនោះ ត្រូវតែមានកិច្ចសន្យាជាក់លាក់ថាក្រោយពេលជីកកាយកប់ឬឃួងផ្លូវហើយ ក្រុមហ៊ុនទាំងនោះ ត្រូវតែជួសជុលឱ្យបានត្រឹមត្រូវតាមបទដ្ឋានដើម ដោយធានានូវគុណភាពផ្លូវ។

ឯកឧត្តមអភិបាលក៏បាន ស្នើឱ្យអាជ្ញាធរមូលដ្ឋាន មាន សង្កាត់ ខណ្ឌ និងមន្ទីរជាដើម ត្រូវតែពិនិត្យមើលជាប្រចាំ ដើម្បីឱ្យបានដឹងថា ក្នុងមូលដ្ឋានរបស់ខ្លួន មានកន្លែងណាជីកកាយឬខួងផ្លូវធ្វើអ្វី ព្រោះថាកន្លងមកនេះ មានការលួចជីកកាយ និងឃួងផ្លូវ ហើយអាជ្ញាធរមិនបានដឹង ធ្វើឱ្យខូចផ្លូវហើយគ្មានអ្នកទទួលខុសត្រូវ ក្នុងការជួសជុលឡើងវិញ។

លើសពីនេះ ឯកឧត្តមអភិបាល ស្នើឱ្យពិនិត្យឡើងវិញចំពោះរថយន្តដឹកខ្សាច់ ដែលបង្ករឱ្យជ្រុះខ្សាច់ប្រឡាក់ផ្លូវ និងមានដីហុយ ធ្វើឱ្យប៉ះពាល់បរិស្ថាន និងសោភណ្ឌភាពក្នុងរាជធានីភ្នំពេញ បើរកឃើញក្រុមហ៊ុនដឹកដីឬខ្សាច់ណាមិនទទួលខុសត្រូវលើបញ្ហាបោសសំអាតត្រូវបញ្ឈប់ជាបន្ទាន់ ជាពិសេសតាមបណ្តោយផ្លូវជាតិលេខ៥។

ឯកឧត្តម ឃួង ស្រេង ក៏បានស្នើផងដែរថា រាល់សកម្មភាពការងារក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ត្រូវតែមានកិច្ចប្រជុំពិភាក្សាគ្នា និងមានរបាយការណ៍បញ្ជូនមកតាមឋានានុក្រម ឱ្យបានច្បាស់លាស់ និងជាប់លាប់ ដើម្បីបានដឹង និងពិនិត្យលទ្ធភាពក្នុងការដោះស្រាយ រាល់ផលប៉ះពាល់ ដែលបង្ករឡើង ដោយសកម្មភាពទាំងនោះ ក្រោមការទទួលខុសត្រូវរៀងៗខ្លួន ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ៕

ដោយ៖ នូ វិរៈ

X
5s