WHO៖ ករណីឆ្លងកូវីដ១៩កើនជាង ១សែននាក់ក្នុងមួយថ្ងៃ ច្រើនបំផុតមិនធ្លាប់មាន
អង្គការសុខភាពពិភពលោក (WHO) បង្ហាញការព្រួយបារម្ភកាលពីថ្ងៃពុធកន្លងទៅអំពីការកើនឡើងនៃចំនួនអ្នកឆ្លងកូវីដ១៩ថ្មីក្នុងប្រទេសក្រីក្រ បើទោះបីប្រទេសអ្នកមានមួយចំនួនចាប់ផ្ដើមបើប្រទេសទេសរបស់ខ្លួនឡើងវិញ។ នេះបើយោងតាមកាសែត CNN ចុះផ្សាយនាថ្ងៃនេះ។
អង្គការនេះបានលើកឡើងថា អ្នកឆ្លងថ្មីកូវីដ១៩ចំនួន ១០៦ ០០០ នាក់ក្នុងរយៈពេល២៤ម៉ោង ដែលជាការឆ្លងក្នុងមួយថ្ងៃដែលច្រើនបំផុតចាប់ពីការផ្ទុះជំងឺនេះមក។
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានមានប្រសាសន៍ថា៖ «យើងមានការព្រួយបារម្ភខ្លាំងអំពីការកំណើនករណីនេះក្នុងប្រទេសដែលមានចំណូលទាបនិងមធ្យម»។
លោកវេជ្ជបណ្ឌិត Mike Ryan ប្រធានផ្នែកកម្មវិធីសង្រ្គោះបន្ទាន់ WHO បានមានប្រសាសន៍ដែលថា៖ «យើងនឹងអាចឈានដល់ចំនួន ៥លានករណីនាពេលឆាប់ៗនេះ»។
គួរបញ្ជាក់ផងដែរថាមនុស្សជាង ៣២៥ ០០០នាក់ទូទាំងពិភពលោកបានស្លាប់ ដោយក្នុងនោះ៣ភាគ៤ស្ថិតក្នុងតំបន់អ៊ឺរ៉ុបនិងសហរដ្ឋអាមេរិក ចាប់តាំងពីការរកឃើញជំងឺនេះក្នុងប្រទេសចិនក្នុងខែធ្នូកន្លងទៅ។
អាមេរិកនៅតែជាប្រទេសដែលទទួលរងការវាយប្រហារដោយកូវីដ១៩ខ្លាំងជាងគេ ដែលមានករណីអ្នកឆ្លងជាង ១,៥លាននាក់ និងអ្នកស្លាប់ ៩២ ០០០ករណី៕
អត្ថបទទាក់ទង៖
- ការស្រាវជ្រាវ៖ ជនជាតិអាមេរិកកាំងស្បែកខ្មៅមានអត្រាឆ្លងកូវីដ១៩ ខ្ពស់ជាងពួកស្បែកស
- អ្នកជំងឺកូវីដ១៩ជាសះស្បើយ ធ្វើតេស្តវិជ្ជមានម្ដងទៀត តើមូលហេតុអ្វី?
- អង់គ្លេសដាក់បញ្ចូលការបាត់បង់សមត្ថភាពស្រង់ក្លិន ជារោគសញ្ញាជំងឺកូវីដ១៩
ដោយ៖ លង់ វណ្ណៈ
ប្រភព៖ CNN, SCMP