ការស្រាវជ្រាវ៖ ជនជាតិអាមេរិកកាំងស្បែកខ្មៅមានអត្រាឆ្លងកូវីដ១៩ ខ្ពស់ជាងពួកស្បែកស
ជនជាតិអាមេរិកាំងស្បែកខ្មៅនិងជនជាតិភាគតិចមួយចំនួនទៀតក្នុងសហរដ្ឋអាមេរិកមានចំនួនឆ្លងជំងឺកូវីដ១៩ច្រើនជាងជនជាតិស្បែកស។ នេះបើយោងតាមការស្រាវជ្រាវមួយក្នុងទីក្រុង Houston ក្នុងរដ្ឋតិកសាស (Texas) ដែលចុះផ្សាយដោយកាសែត SCMP។
ការសិក្សាស្រាវជ្រាវមួយដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត Farhaan Vahidy និងមន្ទីពេទ្យ Houston Methodist Hospital បានចុះផ្សាយក្នុងគេហទំព័រ medRxiv.org កាលពីថ្ងៃអង្គារកន្លងទៅរកឃើញថា ជនជាតិអាមេរិកស្បែកខ្មៅមានអត្រានៃការឆ្លងជំងឺកូវីដរហូតដល់ទៅ ៨០ភាគរយ និងអ្នកជនជាតិអាមេរិកនិយាយអេស្ប៉ាញ (Hispanics) មានចំនួន ៧០ភាគរយច្រើនជាងជនជាតិស្បែកស។
ក្នុងការសិក្សាស្រាយជ្រាវនោះបានវិភាគទៅលើអ្នកជំងឺ ៤ ៥០០នាក់ក្នុងរយៈពេល៥សប្ដាហ៍ ចាប់ពីថ្ងៃទី០៥ មីនា ហើយបានរកឃើញថាជនជាតិអាមេរិកកាំងស្បែខ្មៅមានអត្រាប្រឈមក្នុងការឆ្លងជំងឺកូវីដ១៩ខ្ពស់ជាងគេ ដែលនេះអាចដោយសារតែកត្ដាស្ថានភាពរស់នៅរបស់ពួកគេ។
បន្ថែមពីនេះស្ថានភាពសេដ្ឋកិច្ចទាប កង្វះការទទួលបានការថែទាំសុខភាព អាចជាហេតុផលចម្បងដែលធ្វើឲ្យមានការឆ្លងនេះក្នុងសហគមជនជាតិស្បែកខ្មៅផងដែរ។ បន្ថែមពីនេះ កត្តាសុខភាពដូចជាការផ្ទុកជំងឺលើសសម្ពាធឈាម ទឹកនោមផ្អែម និងធាត់លើសទម្ងន់ជាដើម ធ្វើឲ្យប្រព័ន្ធការពាររាងកាយខ្សោយដែលអាចងាយប្រឈមនឹងជំងឺផងដែរ។
បើតាមការអង្គការសុខភាពពិភពលោក (WHO) ជនជាតិអាមេរិកស្បែកខ្មៅរស់នៅក្នុងតំបន់ដែលមានប្រជាជនច្រើនដែលនេះហើយធ្វើឲ្យការរក្សាគម្លាតសង្គមមិនអាចរក្សាបាន។
ក្នុងនោះដែរក៏មានភស្ដុតាងបង្ហាញផងដែរថាជនជាតិអាមេរិកស្បែកខ្មៅមានការស្លាប់ដោយសារកូវីដ១៩ច្រើនជាងប្រជាជនជនជាតិភាគតិចផ្សេងៗបន្ទាប់ពីឆ្លងជំងឺនេះ។ ក្នុងរដ្ឋចំនួន ៣០ ជនជាតិស្បែកខ្មៅមានអត្រា ២,៧ដងនៃការស្លាប់ជាងជនជាតិអាមេរិកស្បែកស បើយោងតាមមន្ទីពិសោធន៍ស្រាវជ្រាវ APM (APM Research Lab) ដែលចេញផ្សាយកាលពីថ្ងៃអង្គារ។ ក្នុងរដ្ឋ Kansas និង Wisconsin អត្រានៃការស្លាប់អាចនឹងមានរហូតដល់ ៧ដងឯណោះ។
បើយោងតាមការសិក្សាមួយទៀតដែលបានចុះផ្សាយក្នុងគេហទំព័រមជ្ឈមណ្ឌលការពារនិងទប់ស្កាត់ជំងឺឆ្លង (Centres for Disease Control and Prevention ) ក្នុងរដ្ឋ Georgia អ្នកជំងឺជាង ៨០ភាគរយដែលទទួលការព្យាបាលក្នុងមន្ទីពេទ្យគឺសុទ្ធតែជាជនជាតស្បែកខ្មៅ។
ជាមួយគ្នានេះដែរកាសែត rfi ក៏បានចុះផ្សាយដែលថា ៦៨ភាគរយនៃអ្នកស្លាប់ក្នុង Chicago គឺជាជនជាតិស្បែកខ្មៅអាមេរិកកាំង ដែលចំនួននេះស្មើនឹង៣០ភាគរយនៃចំនួនប្រជាជនសរុបរបស់ទីក្រុងនេះប៉ុណ្ណោះ៕
អត្ថបទទាក់ទង៖
- សេដ្ឋកិច្ចអាមេរិកធ្លាក់ចុះជាង -៤ភាគរយក្នុងត្រីមាសទី១ កំឡុងរលកកូវីដ១៩វាយប្រហារ
- ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩នៅអាមេរិកមានចំនួនច្រើនជាងទាហានខ្លួនដែលស្លាប់ក្នុងសង្គ្រាមវៀតណាម
- ហេតុអ្វីអាមេរិកផុងខ្លួនខ្លាំងជាងគេ ធ្លាក់ចូលក្នុងវិបត្តិជំងឺកូវីដ១៩?
ដោយ៖ លង់ វណ្ណៈ
ប្រភព៖ SCMP, RFI