សេដ្ឋកិច្ចអាមេរិកធ្លាក់ចុះជាង -៤ភាគរយក្នុងត្រីមាសទី១ កំឡុងរលកកូវីដ១៩វាយប្រហារ
សេដ្ឋកិច្ចអាមេរិកមានការធ្លាកចុះក្នុងត្រីមាសទី១ ដែលនេះជាការធ្លាក់ចុះខ្លាំងបំផុតចាប់ពីវិបត្តិ (Great Recession ) នាចុងឆ្នាំ២០០០មក ខណៈកំពុងទប់ទល់នឹងជំងឺរាតត្បាតកូវីដ១៩។ នេះបើយោងតាមវេទិកាសេដ្ឋកិច្ចពិភពលោក។
នាយកដ្ឋានពាណិជ្ជកម្ម (Commerce Department) បានឲ្យដឹងថាផលិតផលក្នុងស្រុកសរុប (gross domestic product) ធ្លាក់ចុះប្រមាណ -៤,៨ភាគរយ ចាប់ពីខែមករា ដល់មីនា បន្ទាប់ពីកំណើន ២,១ភាគរយនាត្រីមាសចុងក្រោយឆ្នាំ២០០៩មក។
ការធ្លាក់ចុះរបស់មហាអំណាចពិភពលោកមួយនេះដោយសារតែសកម្មភាពសេដ្ឋកិច្ចក្នុងរយៈពេល២សប្ដាហ៍ចុងក្រោយក្នុងខែមីនា។ ធាតុសំខាន់មួយនៃការធ្លាក់ចុះនៃដោយសារតែ ចំណាយរបស់អ្នកប្រើប្រាស់ (Consumer spending) ដែលស្មើនឹង២ភាគ៣នៃសកម្មភាពសេដ្ឋកិច្ច ធ្លាក់ចុះខ្លាំង ចាប់ពីឆ្នាំ១៩៨០មក នេះបើយោងតាម ការិយាល័យវិភាគសេដ្ឋកិច្ច
(Bureau of Economic Analysis )។
ការនាំចូលធ្លាក់ចុះ ១៥,៣ភាគរយ ខណៈការនាំចេញធ្លាក់ចុះ ៨,៧ភាគរយ និង ការវិនិយោគធ្លាក់ចុះ ៨,៦ភាគរយដោយសារតម្រូវការសកលនៅទ្រឹងក្នុងការផ្ទុះជំងឺរាតត្បាតកូវីដ១៩។
លោក Sung Won Sohn សាស្រ្តាចារ្យសេដ្ឋកិច្ចអាជីវកម្មសកលវិទ្យាល័យ Loyola Marymount University បានមានប្រសាសន៍ថា៖ «សេដ្ឋកិច្ចអាមេរិកធ្លាក់ចុះ។ យើងមើលឃើញថានឹងមានភាពកាន់តែអាក្រក់។ យើងឃើញថាសហគ្រាសខ្នាតតូចនិងមធ្យមនឹងស្លាប់ក្ស័យធុន»។
រោងចក្រ ភោនីយដ្ឋាន និងអាជីវកម្មមួយចំនួនត្រូវបិទ ឬដំណើរការក្នុងកម្រិតទាបជាងមុនកំឡុងការបិទការដើរហើររបស់ប្រជាជនដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
គួរបញ្ជាក់ផងដែរថាសភាអាមេរិកបានអនុម័តកញ្ចប់ថវិការ ៣ពាន់លានដុល្លារ (ទ្រីលាន) និងធនាគារបម្រុងសហព័ន្ធ(Federal Reserve) បានធ្វើការកាត់បន្ថយការប្រាក់រហូតដល់ជិតសូន្យភាគរយ និងដើរតួជាធនាគារដើម្បីជួយសម្រួលបន្ថែម។ ប៉ុន្តែសេដ្ឋកិច្ចវិទូបាននិយាយថាទាំងនេះមិនទាន់គ្រប់គ្រាន់នោះទេ៕
អត្ថបទទាក់ទង៖
- កម្មករជាង ១ពាន់លាននាក់ទូទាំងពិភលោក ប្រឈមនឹងបញ្ហាជីវភាពរស់នៅ ខណៈមានការផ្ទុះកូវីដ១៩
- ប្រទេសអាស៊ាន៥នេះនឹងជាប់ឈ្មោះក្នុងចំណោមមហាអំណាចសេដ្ឋកិច្ចទាំង៣២របស់ពិភពលោកក្នុងឆ្នាំ ២០៥០
- COVID-19 ធ្វើឲ្យសេដ្ឋកិច្ចតំបន់អាស៊ីធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល ៦០ឆ្នាំ
ដោយ៖ លង់ វណ្ណៈ
ប្រភព៖ WEF, Aljazeera