ប្រទេសអាស៊ាន៥នេះនឹងជាប់ឈ្មោះក្នុងចំណោមមហាអំណាចសេដ្ឋកិច្ចទាំង៣២របស់ពិភពលោកក្នុងឆ្នាំ ២០៥០​



នៅ​ក្នុង​ឆ្នាំ ២០៥០ ខាងមុខ​ ពិភពលោក​ទាំងមូល​ទំនងជា​មាន​ការ​ផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង​​​ជាង​​អ្វី​ដែល​មាន​នៅ​ពេល​បច្ចុប្បន្ន​នេះ ហើយ​ក្នុង​នោះ​វិស័យ​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​​បណ្ដា​ប្រទេស​នានា​គឺ​ជា​អ្វី ដែល​មាន​ការ​ប្រែប្រួល​មិន​អាច​ប្រកែក​បាន។ ​ក្រុមហ៊ុន​ស្រាវជ្រាវ​របស់​អង់គ្លេស  PwC បាន​ស្រាវជ្រាវ និង​ប្រមើល​​មើល​អនាគត​​របស់​បណ្ដា​ប្រទេស​​ទាំង​នោះ​ថា តើ​ប្រទេស​ណា​ខ្លះ​​មាន​ឥទ្ធិពល​ខ្លាំង​ជាងគេ និង​ជា​មហាអំណាច​សេដ្ឋកិច្ច​នៅ​ក្នុង​​រយៈពេល ៣០​ឆ្នាំ​រាប់​ចាប់​ពី​ពេល​នេះ​តទៅ?

ក្នុង​របាយការណ៍​របស់​ខ្លួន​ដែល​មាន​​ចំណងជើង​ថា “ ទស្សនៈ​វែងឆ្ងាយ ឬ The Long View៖  តើ​បទដ្ឋាន​សេដ្ឋកិច្ច​សកលលោក​នឹង​ផ្លាស់ប្ដូរ​យ៉ាង​ដូចម្ដេច​នៅ​ឆ្នាំ ​២០៥០?” ក្រុមហ៊ុន​នេះ​បាន​ធ្វើ​ចំណាត់ថ្នាក់​​ប្រទេស​ចំនួន​ ៣២ ដោយ​មាន​ទំហំ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) ​ធំ​ជាងគេ​នៅ​លើ​ពិភពលោក​​ក្នុង​ឆ្នាំ ២០៥០ ខាងមុខ។ នៅ​ក្នុង​នោះ​មាន​ប្រទេស​អាស៊ាន​ចំនួន ៥ ដែល​នឹង​ក្លាយ​ជា​មហាអំណាច​​សេដ្ឋកិច្ច​ក្នុង​ចំណោម​ប្រទេស​ទាំង ៣២ នេះ។ 

សូម​បញ្ជាក់​ថា ទំហំ​សេដ្ឋកិច្ច​​ GDP របស់​បណ្ដា​ប្រទេស​ទាំង​នេះ​គិត​ជា PPP (យុគភាព​នៃ​អំណាច​ទិញ) តែប៉ុណ្ណោះ។ ប្រទេស​​អាស៊ាន​ទាំង​ ៥ នោះ​រួមមាន៖

៥.ប្រទេស​ថៃ
ថៃ​នឹង​ជាប់​ឈ្មោះ​ជា​មហាអំណាច​សេដ្ឋកិច្ច​ធំ​ជាងគេ​បំផុត​ទី ២៥ នៅ​ក្នុង​ចំណោម​មហាអំណាច​សេដ្ឋកិច្ច​ធំ​ជាងគេ​បំផុត​ចំនួន ៣២ នៅ​ក្នុង​ឆ្នាំ ២០៥០ ខាងមុខ និង​ធំ​ជាងគេ​បំផុត​ទី​៥​នៅ​ក្នុង​តំបន់​អាស៊ាន។ ទំហំ​ GDP (PPP) របស់​ខ្លួន​នៅ​ពេល​នោះ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​មាន​ទំហំ ២,៧៨២ ពាន់​ពាន់​លាន​ដុល្លារ។ 


ទីក្រុង​បាងកក ប្រភពរូបភាព៖ takemetour

៤.ម៉ាឡេស៊ី
ងាក​មក​មើល​ម៉ាឡេស៊ី​វិញ ប្រទេស​នេះ​នឹង​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ធំ​ជាងគេ​បំផុត​​ទី ២៤ នៅ​ក្នុង​ចំណោម​មហាអំណាច​សេដ្ឋកិច្ច​កំពូលៗ​ទាំង ៣២ របស់​ពិភពលោក។ ​ ប្រទេស​នេះ​នឹង​ក្លាយ​ជា​មហាអំណាច​ធំ​ជាងគេ​បំផុត​ទី​៤នៅ​ក្នុង​តំបន់​​ដែល​​នឹង​មាន​ទំហំ​ GDP (PPP) ​សរុប ២,៨១៥ ពាន់​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ ២០៥០ ខាងមុខ។ ​


ទីក្រុងកូឡាឡាំពួរឡាំពួរ ប្រភពរូបភាព៖ new7wonders

៣.វៀតណាម
|វៀតណាម​ដែល​ស្ថិត​នៅ​​ជាប់​របង​កម្ពុជា ហើយ​កំពុង​មាន​សន្ទុះ​សេដ្ឋកិច្ច​ខ្លាំងក្លា​គួរឲ្យ​ចាប់អារម្មណ៍​នៅ​ពេល​បច្ចុប្បន្ន នឹង​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ធំ​ជាងគេ​ទី៣​នៅ​ក្នុង​តំបន់​អាស៊ាន​ក្នុង​ឆ្នាំ ២០៥០ ខាងមុខ។ ដោយ​​ជាប់​ចំណាត់ថ្នាក់​​លេខរៀង​ទី ២០ ជា​មហាអំណាច​​សេដ្ឋកិច្ច​ធំ​ជាងគេ​ក្នុង​ចំណោម​មហាអំណាច​សេដ្ឋកិច្ច​ទាំង ៣២ ទំហំ GDP (PPP) របស់​ប្រទេស​​កុម្មុយនិស្ត​មួយ​​នេះ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា ​នឹង​កើន​ឡើង​ដល់​ ៣,១៧៦ ពាន់​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​រយៈពេល​៣០​ឆ្នាំ​ខាងមុខ។ 


ទីក្រុងហាណូយ  ប្រភពរូបភាព៖ erasmusu

២.ហ្វីលីពីន
ជាមួយ​នឹង​ការ​ព្យាករណ៍​ថា ទំហំ GDP (PPP) របស់​ខ្លួន នឹង​កើន​ឡើង​ដល់ ៣,៣៣៤ ពាន់​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ ២០៥០ ខាងមុខ ហ្វីលីពីន​នឹង​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ធំ​ជាងគេ​បំផុត​ទី២​នៅ​ក្នុង​តំបន់។  ចំណែក​នៅ​លើ​ពិភពលោក​វិញ នៅ​ពេល​នោះ ប្រទេស​នេះ​នឹង​​​ជាប់​ចំណាត់ថ្នាក់​ជា​មហាអំណាច​​សេដ្ឋកិច្ច​​ធំ​ជាងគេ​បំផុត​ទី ១៩ ក្នុង​ចំណោម​មហាអំណាច​សេដ្ឋកិច្ច​ទាំង ៣២ ពោល​គឺ​ស្ថិត​​នៅ​លើ​​វៀតណាម​មួយ​លេខ។


ទីក្រុងម៉ានីល ប្រភពរូបភាព៖ theitalianeyemagazine

១.ឥណ្ឌូណេស៊ី
ដោយឡែក​ត្រឡប់​​​មក​មើល​ឥណ្ឌូណេស៊ី​វិញ អនាគត​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​នឹង​កាន់តែ​ខ្លាំងក្លា​ជាង​ពេល​បច្ចុប្បន្ន​ ​ត្បិតអី ទំហំ​សេដ្ឋកិច្ច​របស់​ខ្លួន​​នឹង​វ៉ាដាច់​មហាអំណាច​សេដ្ឋកិច្ច​ជា​ច្រើន​​ទៀត​នៅ​ក្នុង​ឆ្នាំ ២០៥០ ខាងមុខ។ ប្រទេស​ដែល​មាន​​ជនជាតិ​ឥស្លាម​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​មួយ នឹង​ជាប់​ចំណាត់ថ្នាក់​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី១​ក្នុង​តំបន់ និង​ទី ៤​នៅ​លើ​ពិភពលោក​ដែល​ទំហំ​ GDP (PPP) របស់​ខ្លួន​ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​កើន​ឡើង​ដល់​ ១០,៥០២ ពាន់​ពាន់​លាន​ដុល្លារ៕


ទីក្រុង​ហ្សាការតា ប្រភពរូបភាព៖ The Week 

ដោយ៖ Kevin
ប្រភព៖ Businessinsider

X
5s