កម្មករជាង ១ពាន់លាននាក់ទូទាំងពិភលោក ប្រឈមនឹងបញ្ហាជីវភាពរស់នៅ ខណៈមានការផ្ទុះកូវីដ១៩​



កម្មករប្រមាណ ១,៦ពាន់លាននាក់ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ (informal economy) ដែលស្មើនឹងជិតពាក់កណ្ដាលនៃកម្លាំងពលកម្មសរុបរបស់ពិភពលោក កំពុងជួបបញ្ហាជីវភាពរស់នៅដោយសារតែជំងឺរាតត្បាតកូរ៉ូណា។ នេះបើយោងតាមអង្គការពលកម្មអន្តរជាតិ (International Labour Organization ) បានចេញផ្សាយកាលពីម្សិលមិញ ដែលចុះផ្សាយដោយវេទិការសេដ្ឋកិច្ចពិភពលោក។

លោក Guy Ryder ប្រធានអង្គការពលកម្មអន្តរជាតិ បានលើកឡើងក្នុងការប្រជុំមួយថា៖ «វិបត្តិអត់ការងារធ្វើនិងបញ្ហាផ្សេងៗកំពុងតែចាក់ឬសគល់កាន់តែខ្លាំងក្នុងរយៈពេល៣សប្ដាហ៍នៃការព្យាករណ៍ ហើយការព្យាករណ៍នេះមើលឃើញមានមានឥទ្ធិពលអាក្រក់ទៅលើភាពក្រីក្រ»។

វាបានកើតរួចហើយ ប្រាក់ឈ្នួលរបស់កម្មករក្រៅប្រព័ន្ធ ២ពាន់លាននាក់មានការធ្លាក់ចុះ ដែលស្មើនឹងធម្យម ៦០ភាគរយក្នុងរយៈពេលមួយខែដំបូងនៃវិបត្តិកូវីដ១៩ នេះបើយោងតាម ILO។

កម្មករធ្វើការក្រៅប្រព័ន្ធមានការរងផលប៉ះពាល់ខ្លាំងជាងគេក្នុងចំណោមកម្លាំងពលកម្មសរុប ៣,៣ពាន់លានក្នុងពិភពលោក ដោយការខ្វះខាតសុខុមាលភាព មិនអាចទទួលបានការថែទាំសុខភាព និងការខ្វះខាតមធ្យោបាយដែលត្រូវធ្វើការពីផ្ទះផងដែរ។

លោក Guy Ryder មានប្រសាសន៍ថា៖ «មនុស្សរាប់លាននាក់គ្មានប្រាក់ចំណូល គ្មានអាហារ គ្មានសុវត្តិភាព គ្មានអនាគត។ អាជីវកម្មរាបលាននៅជុំវិញពិភពលោកកំពុងត្រដរខ្យល់ផងដែរ ដោយសារអាជីវកម្មទាំងនោះគ្មានប្រាក់សន្សំបំរុង និងមិនអាចទទួលបានប្រាក់កម្ចីដើម្បីទប់ទល់។ ទាំងនេះគឺជាកត្តាប្រឈមជាក់ស្ដែង ដែលប្រសិនបើយើងមិនជួយពួកគេទេ ពួកគេនឹងស្លាប់មិនខាន»។

ILO បានបន្ថែមទៀតថាការពន្យារការធ្វើការ ការបិទរោងចក្រ និងការបិទមិនឲ្យមានការដើរហើរទៀតនោះអាចនឹងជុំរុញឲ្យមានវិបត្តិកាន់តែធ្ងន់ធ្ងរក្នុងត្រីមាសទី២នេះ។

វិស័យដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺវិស័យផលិតកម្ម សេវាកម្មស្នាក់នៅ ម្ហូបអាហារ ការលក់ដុំ ការលក់រាយ អចលនទ្រព្យ និងសកម្មភាពអាជីវកម្មនានា។

គួរបញ្ជាក់ផងដែរថា ក្នុងកំឡុងពេលយ៉ាប់យ៉ឺនបែបនេះ រដ្ឋាភិបាលប្រទេសមួយចំនួនក៏បានខិតខំជួយប្រជជននិងម្ចាស់អាជីវកម្មផងដែរតាមរយៈផ្ដល់កម្ចីជាដើម៕

អត្ថបទទាក់ទង៖ IMF៖ ដោយសារ COVID-19 កំណើនសេដ្ឋកិច្ចថៃមានការធ្លាក់ចុះ -៦,៧ភាគរយ​

ដោយ៖ លង់ វណ្ណៈ

 

X
5s