គួរ​ឲ្យ​បារម្ភ! អ្នកជំនាញព្រមានថា COVID-19 អាចបំផ្លាញសរី​រាង្គ​ជាច្រើនទៀត​ក្រៅពី​សួត ​​



អ្នកជំនាញផ្នែកសុខភាពបានរកឃើញថាវីរុសកូវីដ ១៩ មិនត្រឹមតែបំផ្លាញសួតប៉ុណ្ណោះទេ តែវាបង្កឱ្យមានផលប៉ះពាល់ដល់សរីរាង្គខាងក្នុង (organs) ផ្សេងទៀតជាច្រើន នេះបើយោងតាមការចេញផ្សាយរបស់ Washington Post កាលពីថ្ងៃទី ១៥ខែមេសា ឆ្នាំ ២០១៨។

ក្រុមគ្រូពេទ្យនៅជុំវិញពិភពលោកបានរកឃើញភស្តុតាងបង្ហាញថា កូវីដ ១៩ ឬ Coronavirus ក្រៅពីអាចបំផ្លាញថង់សួតនឹងធ្វើការកាត់ផ្ដាច់អុកស៊ីសែនបញ្ជូនទៅសារពាង្គកាយ វាអាចបណ្ដាលឱ្យមានបញ្ហារលាកដល់បេះដូង បង្កើតទៅជាការរលាកតម្រងនោម ខ្សោយប្រព័ន្ធប្រសាទ កកឈាមនៅតាម​សរសៃឈាម និងអាចបំផ្លាញដល់ប្រព័ន្ធរំលាយអាហារក្រពះពោះវៀន រួមទាំងបញ្ហាថ្លើមផងដែរ។ ទាំងអស់នេះគឺជាមូលហេតុដែលក្រុមគ្រូពេទ្យបានអះអាងថាវាបង្កជាភាពស្មុគស្មាញដល់ការព្យាបាល ហើយក៏ជាមូលហេតុដែលបង្កឲ្យមានភាពមិនច្បាស់លាស់ទៅលើការជាសះស្បើយរបស់អ្នកជំងឺ ពោលអ្នកដែលទទួលបានលទ្ធផលអវិជ្ជមានរួចទៅហើយ ក៏ប្រែជាវិជ្ជមានម្ដងទៀតបន្ទាប់ពីរយៈពេល ៧ ឬក៏ ១៤ថ្ងៃក្រោយ។

ចុចអាន​៖ ការស្រាវជ្រាវ៖ អ្នកជំងឺដែលធ្វើតេស្តវិជ្ជមានកូវីដ១៩ភាគច្រើន មិនបង្ហាញរោគសញ្ញាអ្វីសោះ​

អ្នកជំនាញបានចាត់ទុកថា វាគឺជាហានិភ័យដ៏ធំធេងដែលកើតមានទៅលើប្រព័ន្ធការពារនិងប្រព័ន្ធភាពស៊ាំរាងកាយរបស់អ្នកជំងឺ ព្រោះវីរុសនេះអាចបំផ្លាញសរីរាង្គខាងក្នុងយ៉ាងខ្លាំង។ លោកវេជ្ជបណ្ឌិត Alan Kliger អ្នកជំនាញខាងរោគសរសៃប្រសាទនៅសាលាវេជ្ជសាស្ត្រ Yale បាននិយាយថាស្ទើរពាក់កណ្ដាលអ្នកជំងឺកូវីដ ១៩ ដែលបានបញ្ជូនមកមន្ទីរពេទ្យមានឈាមនៅក្នុងទឹកនោមដែលជាសញ្ញាបង្ហាញ វីរុសបានបំផ្លាញតម្រងនោមរបស់ពួកគេ។ លោកវេជ្ជបណ្ឌិតក៏បានបន្ថែមថា អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀតនោះទិន្នន័យដែលទទួលបាន ១៤ ទៅ ៣០ ភាគរយនៃអ្នកជំងឺដែលបានទទួលការព្យាបាលនៅមន្ទីរពេទ្យទាំងនៅទីក្រុង​ញូវយ៉ក និង ទីក្រុងវូហានប្រទេសចិន (ស្ថានភាពជំងឺជិតធ្ងន់ធ្ងរ) ពួកគេមានការបាត់បង់លើមុខងារតម្រងនោម និងត្រូវការទទួលការលាងឈាមជាប្រចាំ។ 

ចុចអាន​៖ ហេតុអ្នកជំងឺកូវីដ១៩មួយចំនួនមិនចេញរោគសញ្ញា ខណៈអ្នកខ្លះមានរោគសញ្ញាធ្ងន់ធ្ងរ ឬរហូតដល់ស្លាប់?​

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវនៅទីក្រុងវូហានបានធ្វើកោសល្យវិច័យទៅលើអ្នកស្លាប់ដោយសារកូវីដ ១៩ មនុស្ស ៩ នាក់ក្នុងចំណោម ២៦នាក់ ត្រូវបានគេរកឃើញថាមានបញ្ហាតម្រងនោមស្រួចស្រាវ និង ៧ នាក់ផ្សេងទៀតមានភាពល្អិតនៃវីរុសនៅក្នុងតម្រងនោម នេះបើយោងទៅតាមការចេញផ្សាយរបស់អ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រនៅទីក្រុងវូហាន ដែលបានចុះផ្សាយនៅក្នុងទិន្នានុប្បវត្តិរបស់ពួកគេកាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២០ ក្នុងទិន្នានុប្បវត្តិវេជ្ជសាស្ត្រ Kidney International។ ដោយឡែកអ្នកជំនាញខាងប្រព័ន្ធប្រសាទដូចជានៃសាកលវិទ្យាល័យ Pittsburgh និងនៅ National Kidney Foundation គឺលោក Paul M. Palevsky បាននិយាយថា ការពិសោធន៍បានបង្ហាញឲ្យយើងឃើញថា អ្នកជំងឺទទួលរងផលប៉ះពាល់ទៅលើតម្រងនោមរបស់គាត់ ហើយមានភាពខុសប្លែកពីការរងផលប៉ះពាល់ដោយជំងឺ SARS កាលពីឆ្នាំ ២០០៣។

ចុចអាន​៖ សាស្ត្រាចារ្យចិត្តវិទ្យាបង្ហើបគន្លឹះ៣ជួយកាត់បន្ថយសម្ពាធផ្លូវចិត្តនៅក្នុងស្ថានភាពជំងឺកូវីដ១៩រាតត្បាត​

ជាមួយគ្នានេះដែរក្រុមគ្រូពេទ្យនៅប្រទេសចិន និងក្រុមគ្រូពេទ្យមួយក្រុមទៀតនៅទីក្រុងញូវយ៉ក ក៏បានរកឃើញពីផលប៉ះពាល់ទៅដល់ការបំផ្លាញបេះដូងរបស់អ្នកជំងឺបន្ទាប់ពីឆ្លងកូវីដ ១៩។ វាបណ្ដាលឱ្យអ្នកជម្ងឺមានការរលាកទៅលើសាច់ដុំបេះដូង ចង្វាក់បេះដូងលោតមិនទៀងទាត់។ លោកវេជ្ជបណ្ឌិត Mitchell Elkind អ្នកជំនាញផ្នែកប្រព័ន្ធប្រសាទនៅសាកលវិទ្យាល័យ Columbia University និងផ្នែកបេះដូង American heart Association បានមានប្រសាសន៍ថា អ្នកជំងឺហាក់មានអាការប្រក្រតីទៅលើបញ្ហាប្រព័ន្ធដង្ហើមរបស់ពួកគេ ប៉ុន្តែបែរជាមានដង្ហើមដង្ហក់ដែលបញ្ហានេះបង្កឡើងពីចង្វាក់បេះដូងនឹងការរលាកទៅលើសាច់ដុំ​បេះដូង​របស់ពួកគេទៅវិញ។ លោកក៏បានបន្ថែមថា ឆ្លងកាត់ការត្រួតពិនិត្យឡើងវិញអ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរនៅក្នុងប្រទេសចិនប្រមាណជា ៤០ ភាគរយបានរកឃើញថា មានបញ្ហាចង្វាក់បេះដូងមិនធម្មតា និង ២០ ភាគរយផ្សេងជួបប្រទះការគាំងបេះដូង។ វាពិតជាក្តីព្រួយបារម្ភដ៏ធ្ងន់ធ្ងរមួយបណ្ដាលមកពីឥទ្ធិពលផ្ទាល់នៃវីរុសកូវីដ ១៩ លោក Elkind បានបន្ថែមដូច្នេះ។ 

ចុចអាន​៖ ការស្រាវជ្រាវស្វីស៖ វីរុសកូរ៉ូណាមានសមត្ថភាពធ្វើការវាយប្រហារប្រព័ន្ធសសៃឈាមក្នុងខ្លួនប្រាណអ្នកជំងឺ

ក្រៅពីបញ្ហាទាំងអស់នេះ ប្រព័ន្ធរំលាយអាហារក្រពះនិងពោះវៀន ក៏ជាទីតាំងមុខសញ្ញាដែលវីរុសអាចនឹងបំផ្លាញសរីរាង្គទាំងនេះផងដែរ។ លោកវេជ្ជបណ្ឌិត Brennan Speigel អ្នកជំនាញផ្នែកមហារីកក្រពះបានមានប្រសាសន៍ថា ប្រព័ន្ធរំលាយអាហារក៏ជាទីតាំងដែលវីរុសនេះអាចវាយលុក និងចម្លងបានដូចគ្នា។ ក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងថា បន្ទាប់ពីវីរុសចូលទៅក្នុងខ្លួន ប្រព័ន្ធភាពស៊ាំក្នុងរាងកាយបានធ្វើការប្រយុទ្ធតតាំង ហើយការឆ្លើយតបដែលមានការគ្រប់គ្រងវានាំអោយមានការបញ្ចេញលើសលុបនូវសារធាតុ cytokines បណ្ដាលអោយមានការខូចនៃសរីរាង្គផ្សេងទៀតជាច្រើន។ ដោយឡែកវាក៏បានប៉ះពាល់ដល់ការដែលធ្វើឱ្យអ្នកជំងឺបាត់បង់ក្លិន ព្រោះវីរុសនេះបានវាយលុកដល់ចុងសរសៃប្រសាទ ហើយវាបានបង្អាក់នៅការបញ្ជូនក្លិនទាំងអស់ទៅដល់ប្រព័ន្ធប្រសាទដូចជាខួរក្បាល នេះបើយោងតាមការឲ្យដឹងពីអ្នកជំនាញ  Claire Hopki ប្រធាន British Rhinological Society៕

ចុចអាន​៖ ក្រសួងសុខាភិបាល បកស្រាយពីការប្រើថ្នាំ Kaletra និង Chloroquine សម្រាប់ករណី COVID-19​

ដោយ៖ យ៉ាយ៉ា

X
5s