វ៉ាដាច់ម៉ាឡេស៊ី ពេលនេះសិង្ហបុរីមានអ្នកឆ្លងច្រើនជាងគេនៅតំបន់អាស៊ាន ដែលភាគច្រើនជាអ្នក...
គិតមកត្រឹមថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២០ សិង្ហបុរីបានក្លាយជាប្រទេសដែលមានចំនួនអ្នកឆ្លងកូវីដ ១៩ ច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ នេះ បើយោងតាមរបាយការណ៍ពីគេហទំព័រ World O Meter។
បើគិតត្រឹមថ្ងៃទី ២០ខែមេសាឆ្នាំ ២០២០ ម្សិលមិញនេះ សិង្ហបុរីបានរកឃើញករណីឆ្លងថ្មីរហូតដល់ទៅ ១ ៤២៦ (មួយពាន់បួនរយម្ភៃប្រាំមួយ) ករណី ត្រូវបានគេចាត់ទុកថាជាតួលេខខ្ពស់បំផុត ដែលនាំឲ្យចំនួនឆ្លងសរុបនៅទូទាំងប្រទេសកើតឡើងដល់ ៨ ០១៤ (ប្រាំបីពាន់ដប់បួន) ករណី នេះបើយោងតាមការលើកឡើងពីគេហទំព័រព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ២០ ខែមេសាឆ្នាំ ២០២០។ ករណីឆ្លងថ្មីដែលបានរកឃើញថាជាតួលេខខ្ពស់បំផុតប្រចាំថ្ងៃ ក្រសួងសុខាភិបាលរបស់សិង្ហបុរីបានធ្វើការបញ្ជាក់ថា មាន ១ ៣៦៩ករណី គឺជាកម្មករបរទេសដែលបម្រើការងារនៅក្នុងប្រទេសស្នាក់នៅអន្តេវាសិកដ្ឋាន តែពួកគេសុទ្ធតែជាកម្មករដែលមានលិខិតអនុញ្ញាតឲ្យធ្វើការងារត្រឹមត្រូវស្របច្បាប់។
អត្ថបទទាក់ទង៖ តំណាងWHOបកស្រាយពីហេតុផលដែលស្ថានភាពកូវីដ១៩នៅប្រទេសអ្នកមានធ្ងន់ធ្ងរខ្លាំងយើងមានតិច
មន្ត្រីអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលសិង្ហបុរី បានប្រាប់ទៅភ្នាក់ងារសារព័ត៌មានក្នុងស្រុកមួយថា៖ «តួលេខដែលរកឃើញខ្ពស់បំផុត គឺយើងបានរកឃើញនៅក្នុងកន្លែងអន្តេវាសិដ្ឋានស្នាក់នៅរបស់កម្មករបរទេស។ ពុំមានរោគសញ្ញាក៏ដូចការរាយការណ៍ណាមួយថាពួកគេឈឺនោះទេ ប៉ុន្តែបន្ទាប់ពីមានការចុះទៅធ្វើតេស្តលើពួកគេភាគច្រើនគឺមានផលវិជ្ជមាន ប៉ុន្តែក្នុងចំណោមពួកគេភាគច្រើនគឺមានអាការៈស្រាល និងទទួលការឃ្លាំមើលយ៉ាងដិតដល់ក៏ដូចជាការដាក់នៅដាច់ដោយឡែក។
អត្ថបទទាក់ទង៖ មេដឹកនាំស្ត្រី ៥ប្រទេសនេះ ទប់ស្កាត់កូវីដ១៩ បានល្អ «មានលក្ខណៈរួមធំៗ»៣ចំណុច
ចំពោះករណីឆ្លងថ្មីនៅក្នុងប្រទេសសិង្ហបុរីនេះ ៦៣% ត្រូវបានគេផ្សារភ្ជាប់ទៅនឹងការរស់នៅជាចង្កោមឬការប៉ះពាល់ដោយផ្ទាល់ក្នុងចង្កោមអ្នកដែលមានឆ្លងហើយបញ្ចេញរោគសញ្ញា។ គិតមកត្រឹមថ្ងៃទី ២១ នេះ អ្នកជាសះស្បើយក្នុងប្រទេសសិង្ហបុរីបានកើនឡើងប្រមាណជា ១០% ហើយ (៨០១នាក់) ហើយអ្នកដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន ២៣នាក់ ត្រូវបានគេរាយការណ៍ថាមានសភាពជំងឺធ្ងន់ធ្ងរនិងកំពុងទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការព្យាបាលពីគ្រូពេទ្យ។ អ្នកដែលបានចេញពីមន្ទីរពេទ្យក៏កំពុងដាក់ឲ្យនៅដាច់ដោយឡែកបន្តទៀតដើម្បីធានាបាននូវការមិនចំលងទៅក្នុងសហគមន៍ ឬការឆ្លងថ្មីឡើងវិញម្តងទៀត៕
អត្ថបទទាក់ទង៖ ចិនរឹតត្បឹតការសិក្សាស្រាវជ្រាវទាំងឡាយណាទាក់ទងនឹងប្រភពវីរុសកូរ៉ូណា
ដោយ៖ យ៉ាយ៉ា