ថៃបង្កើតកម្មវិធីទូរស័ព្ទដៃពិសេស ដើម្បីជួយទប់ស្កាត់ការរីករាលដាលកូវីដ១៩
យោងតាមកាសែត Bangkok Post បានឱ្យដឹងថាប្រទេសថៃបានបង្កើតកម្មវិធីមួយឈ្មោះម៉ូ ចាន់ណា (Mor Chana) ដែលជួយអាចនឹងជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
កម្មវិធីនេះបង្កើតឡើងដោយសហការចូលរួមពីសំណាក់ស្ថាប័នរដ្ឋ ស្ថាប័នឯកជន និងអ្នកស្ម័គ្រចិត្តមួយចំនួនដោយប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការវិភាគលើកម្រិតហានិភ័យរបស់អ្នកសង្ស័យថាបានឆ្លងជំងឺកូវីដ១៩ ដែលនេះជាមធ្យោបាយជួយទប់ស្កាត់ការចម្លងជម្ងឺនេះទៅដល់អ្នកដទៃជាពិសេសនោះគឺបុគ្គលិកពេទ្យដែលមើលថែទាំអ្នកជំងឺជាដើម។
កម្មវិធី ម៉ូ ចាន់ណា នេះប្រើប្រាស់ប្រព័ន្ធ GPS និងប្លូធូស (Bluetooth) របស់ស្មាតហ្វូនអ្នកក្នុងការតាមដានទីតាំងដែលអ្នកប្រើប្រាស់បានទៅដែលអាចនឹងជួយចង្អុលប្រាប់ថាបុគ្គលនេះធ្លាប់មានទំនាក់ទំនងជាមួយនឹងបុគ្គលដែលបានឆ្លងជំងឺដោយប្រយោលឬក៍អត់ទេ។
រាល់ព័ត៌មានដែលកម្មវិធីនេះបានប្រមូលគឺស្ថិតក្នុងលក្ខណៈឯកជនភាពគ្មានអ្នកដឹងក្រៅពីរូបអ្នក លុះត្រាតែមានការស្នើរសុំពីរដ្ឋាភិបាលឬផ្នែកបុគ្គលិកពេទ្យឱ្យធ្វើការចែករំលែកព័ត៌មានផ្ទាល់ខ្លួននេះ។ ជាពិសេសនោះគឺកម្មវិធីនេះក៍មានមុខងារចង្អុលប្រាប់ពីតំបន់គ្រោះថ្នាក់នៃជំងឺ ដែលប្រាប់ពីតំបន់ណាខ្លះដែលអ្នកបានឆ្លងជំងឺនេះធ្លាប់បានទៅកាលពីលើកមុន។
នៅពេលដែលអ្នកចុះឈ្មោះចូលប្រើប្រាស់កម្មវិធីនេះគឺអ្នកត្រូវឆ្លងកាត់ការឆ្លើយសំណួរមួយចំនួនពាក់ព័ន្ធនឹងសុខភាពរបស់អ្នកដែលអាចកំណត់ថាអ្នកសង្ស័យបានឆ្លងជំងឺងឺនេះឬក៍អត់។ ហើយបន្ទាប់ពីបញ្ចប់ការឆ្លើយរាល់សំណួរនោះគឺអ្នកនឹងត្រូវបានដាក់ពិន្ទុទៅលើកម្រិតហានិភ័យនៃស្ថានភាពសុខភាពរបស់អ្នកដោយសម្គាល់តាមការដាក់ជាពណ៌ចំណាំដូចជា៖
- ព័ណ៌បៃតង (ហានិភ័យទាបបំផុត)
- ព័ណ៌លឿង (ហានិភ័យទាប)
- ព័ណ៌ទឹកក្រូច (ហានិភ័យខ្ពស់)
- ព័ណ៌ទឹកក្រូច (ហានិភ័យខ្ពស់បំផុត)
កម្មវិធីនេះគឺអ្នកអាចធ្វើការទាញយក (Download) ពីកម្មវិធី Playstore និង App Store តាមរយះតំណតភ្ជាប់នេះ៖ https://morchana.app.link/download
ប្រភព៖ Bangkok Post
ដោយ៖ នឿន វណ្ណៈ