ទស្សនៈពូយក្ស ខ្ទមអុក៖ រៀនពីគេ…!
សេដ្ឋកិច្ចពិភពលោកកំពុងដាំក្បាលចុះដោយសារសង្រ្គាមរវាងមនុស្ស និងសត្រូវគ្មានរូប ដែលគ្រប់គ្នាហៅថា "កូវីដ១៩"។ ចាប់ពីទីក្រុងវូហាន ខេត្តហ៊ឺប៉ី ប្រទេសចិន ឥឡូវនេះបានរាលដាលដល់ទៅជាង ១៨០ប្រទេស គឺប្រមាណជិត៥០ម៉ឺននាក់បានឆ្លង។ ជាមធ្យមគឺប្រមាណ៥ ០០០នាក់ ដែលឆ្លងរៀងរាល់ថ្ងៃ និងស្លាប់ប្រមាណ ៦០០នាក់ និងព្យាបាលជាសះស្បើយប្រមាណ៣ពាន់នាក់ ក្នុង១ថ្ងៃៗ។
មនុស្សឆ្លងតែ ៥០ម៉ឺននាក់ និងស្លាប់តែ១មឺននាក់ជាង តែធ្វើឲ្យមនុស្សជាងពាក់កណ្តាលពិភពលោកខ្លាចរអា ធ្វើឲ្យសេដ្ឋកិច្ចពិភពលោកទាំងមូលគាំងស្តូក និងដាំក្បាលចុះជាគំហុក។ គ្រប់ប្រទេសទាំងអស់មានយុទ្ធសាស្រ្តឆ្លើយតប និង ជំងឺរាតត្បាតនេះរៀងៗខ្លួន។
ខ្ញុំសង្ខេបវិធីសាស្រ្តទាំងនោះមកតែ ៣ចំណុចរួមទេ។
ទី១) ការពារ(ទប់ទល់ការរាលដាល និងព្យាបាល)៖ មានប្រទេសមួយចំនួនតាមរុករកអ្នក ដែលបានប្រាស្រ័យទាក់ទង និងអ្នកដែលជាប់សង្ស័យថានឹងមានជំងឺនោះ។ ប្រទេសទាំងនោះរួមមាន អាមេរិច ចិន អ៊ីតាលី អេស្ប៉ាញ អ៊ីរ៉ង់ និង បណ្តាប្រទេសជាច្រើនទៀត។ វិធីនេះ គឺការពារបានតិចតួចបំផុត។ ចំនួនឆ្លងកាន់តែកើន អ្នកស្លាប់ក៏កាន់តែកើន។
ទី២) ទប់ទល់(ការភ័យស្លន់ស្លោ)៖ មានប្រទេសមិនច្រើនទេ ដែលអនុវត្តយុទ្ធសាស្រ្តទប់ទល់នឹងការភ័យស្លន់ស្លោរបស់ប្រជាជន។ រួមមាន កូរ៉េខាងត្បូង សិង្ហបុរី វៀតណាម និង កម្ពុជា។ យុទ្ធសាស្រ្តទាំងនោះរួមមាន ការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ព័ត៌មានបំភ័យជាដើម។ ក្រៅពីពង្រឹងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំភ័យ គឺនៅមានយុទ្ធនាការតាមផ្លូវថ្នល់ដល់ទីកន្លែងរបស់មន្រ្តីសារធារណៈ និងរដ្ឋាភិបាលបានប្រកាសត្រៀមកញ្ចប់ថវិកាប្រមាណរាប់ពាន់លានដុល្លារសម្រាប់ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ។ ប្រទេសមួយចំនួនបានកោតសរសើរ សិង្ហបុរី ថាជាប្រទេស ដែលឆ្លើយតបទាន់សភាពការណ៍។
ទី៣) កំចាត់(ការឆ្លងរាលដាល និងបង្កើនទំនុកចិត្ត)៖ មានប្រទេសតែ២ប៉ុណ្ណោះ បើតាមការសង្កេតកន្លងមក គឺកូរ៉េ និង អាឡឺម៉ង់។ ប្រទេសទាំងពីរនេះបានអនុវត្តយុទ្ធសាស្រ្តតបត វាយបកទៅមេរោគថ្មីនេះវិញ ជាជាងការបណ្តោយតាមយថាកម្ម។
អាឡឺម៉ង់រៀបចំផែនការធ្វើតេស្តមេរោគនេះគ្រប់ប្រជាជនរបស់ខ្លួន។ ក្នុងមួយថ្ងៃៗ អាឡឺម៉ង់ធ្វើតេស្តបានជាង១៦ម៉ឺននាក់។ ហើយរហូតមកដល់នេះចំនួនអ្នកឆ្លងមានមិនចាញ់ប្រទេសធំៗទេ គឺអាឡឺម៉ង់នៅក្នុងចំណាត់ថ្នាក់លេខ៥ ក្នុងបណ្តាប្រទេសនដែលមានអ្នកឆ្លងមេរោគនេះច្រើនជាងគេបន្ទាប់ពីអេស្ប៉ាញ និងអ៊ីតាលី។
កូរ៉េក៏ដូចគ្នាដែរ គឺរដ្ឋាភិបាលបានដាក់វិធានការណ៍ដោយជាក់លាក់ គឺតម្រូវឲ្យប្រជាជន ដែលសង្ស័យខ្លួនឯងថាមានវីរុស ឲ្យមកធ្វើតេស្ត។ វិធីនេះគឺដើម្បីព្យាបាលជំងឺផ្លូវចិត្តផង ចំពោះសង្គមផង សេដ្ឋកិច្ចផង និងប្រជាជនទូទៅផង។ ចំពោះអ្នកដែលរកឃើញថា មានផ្ទុកមេរោគនេះ គឺត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក។
រហូតមកដល់ថ្ងៃនេះ (២៦/មីនា/២០២០) អាឡឺម៉ង់ បានរកឃើញអ្នកផ្ទុកមេរោគប្រមាណជាង៤មឺននាក់ ហើយរកឃើញអ្នកឆ្លងថ្មីប្រមាណ៧ពាន់នាក់ក្នុងមួយថ្ងៃៗ តែអត្រាអ្នកស្លាប់ ប្រមាណ២០០នាក់ គឺស្មើនឹង ០,៥% បើធៀបនឹងចំនួនអ្នកមានផ្ទុកមេរោគនេះ។
ខ្ញុំយល់ថា អាឡឺម៉ង់ត្រូវការពេលមិនលើសពី ៣ខែទេ ក្នុងការធ្វើតេស្តប្រជាជនប្រមាណ ៥០%នៃប្រជាជនសរុប គឺរយៈពេល ៩០ថ្ងៃ។ ហើយសេដ្ឋកិច្ចក្នុងស្រុក(Domestic economy) នឹងវិលត្រឡប់មកវិញក្នុងរយៈពេល ៦ខែ ទៅ១ឆ្នាំយ៉ាងយូរ។
សម្រាប់កម្ពុជា គួរតែរៀនសូត្រពីប្រទេស៣÷
- ទប់ទល់យ៉ាងម៉ត់ចត់ ដូចប្រទេសសិង្ហបុរី
- សកម្មដូចប្រទេស កូរ៉េខាងត្បូង
- ខ្លាំងពូកែ និងរហ័ស ដូចប្រទេសអាល្លឺម៉ង់
ហើយក៏ពុំគួរធ្វើតាមប្រទេស៣÷
- មើលស្រាលស្ថានការណ៍ ដូចប្រទេសអ៊ីតាលី
- ធ្វេសប្រហែស ដូចប្រទេសចិន
- តក់ស្លុត ស្លន់ស្លោ ដូចប្រទេសអាមេរិក
ជាលក្ខណៈយុទ្ធសាស្រ្តកម្ពុជាគួរយកគំរូតាមប្រទេសអាឡឺម៉ង់ ក្នុងតំណាក់កាលនេះ ដើម្បីស្តារសេដ្ឋកិច្ចត្រឡប់មកវិញឲ្យបានលឿនបំផុត។ គឺត្រូវធ្វើតេស្តប្រជាជនទាំងអស់ ឬ យ៉ាងហោចណាស់៣០% នៃប្រជាជនសរុប។
វិធីនេះគឺផ្តោតលើគោលដៅរួម៣៖
ទី១) ព្យាបាលជំងឺផ្លូវចិត្តរបស់ប្រជាជន ដែលតែងតែភ័យខ្លាច មិនទុកចិត្តប្រព័ន្ធសុខាភិបាលរបស់រដ្ឋតាំងពីដើមទីមក។
ទី២) បែងចែកអ្នកមាន និងអ្នកមិនមានផ្ទុកមេរោគឲ្យច្បាស់លាស់ដើម្បីងាយស្រួលក្នុងការទប់ទល់ការឆ្លងរាតត្បាត និងងាយស្រួលក្នុងការព្យាបាល។
ទី៣) ស្តារសេដ្ឋកិច្ចជាតិក្នុងរយៈពេលខ្លី(យ៉ាងយូរ៦ខែ)។ ព្រោះសេដ្ឋកិច្ចជាតិយើងនៅក្មេងខ្ចីខ្លាំងណាស់ គឺហាក់បីដូចជា ស្រ្តីទើបសម្រាលកូនអ៊ីចឹង។ បើបានឆ្លងជំងឺ អ្វីមួយហើយគឺពិបាកព្យាបាលណាស់។ ទុកកាន់តែយូរ កាន់តែពិបាកព្យាបាល។
ខាងក្រោមនេះជាគំនិតខ្លះៗ ដែលធ្វើសំយោគពីបណ្តាបរទេសដែលបានរៀបរាប់ខាងលើ៖
ទី១) បង្កើតមជ្ឈមណ្ឌលធ្វើតេស្តមេរោគចល័ត(តាមរថយន្ត) ឲ្យបានប្រមាណ១ពាន់រថយន្ត(អាចថា១ឃុំ រថយន្តមួយ) ដើម្បីធ្វើតេស្តប្រជាជនទូទៅ និងត្រៀមអគារសាធារណៈដើម្បីមើលថែអ្នកដែលមានផ្ទុកមេរោគ ក្នុងមួយស្រុកឲ្យបានមួយកន្លែង។ អ្នកដែលរកឃើញថា មានផ្ទុកមេរោគCOVID-19 គួរតែបោះត្រាពណ៌ក្រហមលើបាតដៃ ដែលមិនអាចរលប់បានយ៉ាងតិច១សប្តាហ៍។ ហើយអ្នកដែលធ្វើតេស្ត បានលទ្ធផលអវិជ្ជមាន គឺបោះត្រាពណ៍បៃតង និងឲ្យត្រឡប់ទៅផ្ទះវិញ។
យើងធ្វើរបៀបនេះគឺដើម្បីកសាងទំនុកចិត្តឲ្យប្រជាជនទូទៅ។ កុំឲ្យគាត់មានអារម្មណ៍ថា អ្នកនៅជំវិញខ្លួនគាត់សុទ្ធតែជាជនសង្ស័យទាំងអស់។
ទី២) កសាងទំនុកចិត្តតាមទីសាធារណៈ ៖ ជារៀងរាល់សប្តាហ៍ គឺត្រូវបញ្ចេញរថយន្តបាញ់ថ្នាំកំចាត់មេរោគតាមទីសាធារណៈ ដើម្បីឲ្យប្រជាជនមានទំនុកចិត្តសារជាថ្មី នៅកន្លែងសារធារណៈថា ជាកន្លែងសុវត្ថិភាព។ ឥឡូវនេះ កុំថាឡើយ តែមនុស្ស ដែលជាជនសង្ស័យ។ សូម្បីតែកន្លែង អង្គុយ បរិយាកាសជុំវិញខ្លួន ក៏សុទ្ធតែជាកន្លែងសង្ស័យដែរ។
ទី៣) ពង្រឹងច្រកចេញចូលអន្តរជាតិឲ្យតឹងរឹងបំផុត។ ជនបរទេសទាំងឡាយណា ដែលចូលមកដល់ស្រុកខ្មែរត្រូវធ្វើតេស្ត ហើយវាយត្រា ពណ៌បៃតង ឬក្រហម(បើរកឃើញថា វិជ្ជមាន)។ ហើយរដ្ឋគួរតែរៀបចំសណ្ឋាគារជាលក្ខណៈឯកទេស ដើម្បីទទួលបដិសណ្ឋាកិច្ចភ្ញៀវបរទេស ដែលបានមកដល់ប្រទេសខ្មែរ។ គឺត្រូវរៀបចំសម្រាប់ទទួលភ្ញៀវ ដែលមានការសង្ស័យ (ធ្វើតេស្តមិនឃើញ តែមានជាប់ប៉ះពាល់ ដោយផ្ទាល់ជាមួយអ្នក ដែលមានផ្ទុកមេរោគ) និងភ្ញៀវ ដែលមិនមានលទ្ធផលអវិជ្ជមានដើម្បីសុវត្ថិភាព និងទំនុកចិត្តរបស់ពួកគេ។
ទី៤) បញ្ចូលទឹកលុយប្រមាណ ២ពាន់លានដុល្លារទៅធនាគារឯកជន ដើម្បីឲ្យមានសកម្មភាពពាណិជ្ជកម្មឡើងវិញ។ រដ្ឋមិនគួរឲ្យលុយជំនួយ ឬបដិភាគទៅក្រុមហ៊ុនទូទៅទេ។ រដ្ឋគួរតែដើរតួនាទី ជាអ្នកធានាប្រត្តិបត្តិការហិរញ្ញវត្ថុ ជាជាងដើរតួជាប្រត្តិបត្តិករហិរញ្ញវត្ថុ។
ទី៥) រដ្ឋគួរតែ ដាក់វិធានការតឹងរឹងដល់ប្រជាជនឲ្យចាយលុយតាមប្រព័ន្ធអេឡិចត្រូនិច ដើម្បី (ក) ធានាហានិភ័យនៃការដកលុយចេញពីធនាគារ ដែលនាំឲ្យខ្វះសាច់លុយក្នុងធនាគារ។ (ខ)ដើម្បីចៀសវាងការឆ្លងមេរោគតាមក្រដាសប្រាក់។(គ) អនុវត្តតឹងរ៉ឹងក្នុងការពង្រឹងវិស័យរូបីយប័ណ្ណជាតិ (ប្រាក់រៀល) ព្រោះប្រាក់ដុល្លារ និងប្រាក់បាតកំពុងធ្លាក់ចុះយ៉ាងខ្លាំង។
ទី៦) ត្រៀមទទួលពលរដ្ឋ(ជាពលករចំណាកស្រុក) ដែលនឹងត្រឡប់មកស្រុកវិញ។ ព្រោះចង់ ឬមិនចង់រដ្ឋាភិបាលគេនឹងបណ្តេញពលករយើងចេញពីប្រទេសគេមិនខាន ក្នុងពេលដែលគេត្រូវថែរក្សាលំនឹងសេដ្ឋកិច្ច និងស្បៀងអាហារបស់ប្រទេសគេដែរ។
ទី៧) សុវត្ថិភាពស្បៀងអាហារជារឿងសំខាន់ និងចាំបាច់។
ត្រូវបិទការនាំចូលជាបណ្តោះអាសន្ន (ព្រោះមេរោគអាចនៅជាប់ជាមួយម្ហូបអាហារ បន្លែត្រីសាច់) ហើយត្រូវឲ្យធនាគារ ទាំងអស់ដាក់ទុនចូលក្នុងវិស័យកសិកម្ម ដើម្បីបង្កើនការដាំដុះ និងប្រមូលផលឲ្យទាន់ពេលវេលា។
នេះជាឱកាសល្អ ដែលយើងត្រូវពង្រឹងសមត្ថភាព ផលិកម្មក្នុងស្រុកគួបផ្សំពេលដែលយើងមានពលករចំណូលស្រុក (ត្រឡប់មកពីថៃ)កាន់តែច្រើនៗទៅធ្វើឲ្យភូមិឃុំអ៊ូអរ មានកម្លាំងចាយលុយ និងកម្លាំងផលិតភាពឡើងវិញ។
ឱកាសមាសពេជ្របែបនេះ មិនអាចកើតមានជាលើកទី២ទេ។
ទោះបីជាយ៉ាងណា ខ្ញុំជឿថារដ្ឋាភិបាលយើងមានវិធីល្អៗជាងនេះដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ។
ដូច្នេះ គំនិតនេះគ្រាន់តែជាគំនិតបន្ថែមក្នុងការយកទៅពិចារណា ធ្វើសំយោគ បូកផ្សំជាមួយគំនិតបញ្ញវ័ន្តជាច្រើនរូបទៀតប៉ុណ្ណោះ។ មានន័យថា គ្រាន់តែជាគំនិតគិតឃើញមួយជ្រុងក្នុងការជជែកវែកញែក និងត្រូវបន្តពិភាក្សាច្រើនជាមួយស្ថាប័នជំនាញ និងបញ្ញវ័ន្តជាតិជាច្រើនទៀត តែមិនគួរលើស ពីរយៈពេលមួយខែទេ។
«កុំគិតថា តើប្រទេសជាតិអ្នកផ្តល់អ្វីឲ្យអ្នក!!!
ត្រូវគិតថា អ្នកផ្តល់អ្វីឲ្យប្រទេសជាតិអ្នកវិញ» John F. Kennedy, 35th president of United States of America.
សូមព្រះប្រទានពរ ដល់ប្រជាជាតិខ្មែរ និងពិភពលោកទាំងមូល៕
ដោយ៖ ពង យក្ស
ប្រភព៖ ខ្ទមអុក