តើម្ចាស់អាជីវកម្មមានឱកាសអ្វីខ្លះ ក្នុងគ្រាជំងឺ Covid19 កំពុង​វាយលុកនេះ?​



ការរីករាលដាលនៃជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា ច្បាស់ណាស់ធ្វើអោយប៉ះពាល់មិនថា ការរស់នៅរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ ការប្រកបអាជីវកម្មមិនថាតូច មិនថាធំ ក៏ដូចជាសេដ្ឋកិច្ចទាំងមូលផងដែរ។ អាជីវកម្មមួយចំនួនធំទំនងជាបានធ្លាក់ចុះបណ្តើរៗទៅហើយ ដូច្នេះក្រុមហ៊ុនទាំងឡាយណាដែលមិនបានត្រៀមខ្លួនប្រឈមនឹងស្ថានភាពអាក្រក់នេះច្បាស់ណាស់ថាអាចមានហានិភ័យធំក្នុងការបិទទ្វារ។

តែទោះជាយ៉ាងណាក៏ដោយ ទីណាមានការផ្លាស់ប្តូរ ទីនោះតែងតែមានឱកាសថ្មីជានិច្ច។ ដូចដែលយើងអាចឃើញស្រាប់ បច្ចុប្បន្នអ្នកលក់ម៉ាស់ អាកុល ទឹកលាងសំអាតដៃ កំពុងតែត្រូវប៉ាន់ណាស់ ហើយក៏អាចមានឱកាសជាច្រើនទៀតដែរ ដែលយើងមិនត្រូវអស់សង្ឃឹមក្នុងការតស៊ូ​ឱ្យ​រួចផុតគ្រោះអាសន្ននេះទាំងអស់គ្នា។

សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ក៏មានឱកាសពិសេសមួយដែលពួកគាត់មិនទាន់បានយកចិត្តទុកដាក់ និងបានមើលរំលងផងដែរនោះគឺ ឱកាសមានពេលមើលថែ និងរៀបចំប្រព័ន្ធការងារផ្ទៃក្នុង ក៏ដូចការរៀបចំបញ្ជីស្នាមគណនេយ្យជាដើម។

ឱកាស ៤ ខាងក្រោមជាផែនការជំហ៊ានៗសំរាប់ដោះស្រាយអាជីវកម្មអ្នក​ឱ្យ​រួចផុតក្នុងស្ថានភាពនៃការរីករាលដាលជំងឺ COVID-19 នេះ៖

១) សម្រាកប៉ូលាអាជីវកម្មដើម្បី​ឱ្យ​មានភាពកាន់តែទាក់ទាញដល់ដៃគូ អតិថិជនក៏ដូចជាអ្នកវិនិយោគធំៗ

មួយរយៈនេះ ប្រាកដណាស់អ្នកអាចបានស្តាប់ការរអ៊ូរបស់ម្ចាស់អាជីវកម្មមួយចំនួនដូចខាងក្រោម៖

  • ការរកស៊ីប្រកបអាជីវកម្មនានា បានធ្លាក់ចុះ ការវិនិយោគផ្សេងៗក៏ថយចុះតាមហ្នឹងដែរ
  • ចំណូលនិងប្រាក់ចំនណញកាន់តែទាប និងខាតបង់អស់ហើយ
  • ដៃគូអាជីវកម្មចង់តែដកទុនទៅវិញទៀត បើមិនចឹងទេពន្យាការដាក់ទុន

តែទោះជាយ៉ាងណា ការកសាងអាជីវកម្មមករាប់ឆ្នាំហើយ មិនអាច​ឱ្យ​សាបសូន្យត្រឹមនេះដែរ។ ម្ចាស់អាជីវកម្មតែងតែដឹងថា ទីណាមានការផ្លាស់ប្តូរ ទីនោះតែងតែមានឱកាសថ្មីជានិច្ច។ ដូច្នេះ ពេលនេះម្ចាស់អាជីវកម្មដែលធ្លាប់តែរវល់មមារញឹកដកដៃមិនរួច អាចមានពេលសម្រាកគិតខ្លះ ថាតើគួរប៉ូលាអាជីវកម្មបែបណាទៀតដើម្បីអោយមានភាពកាន់តែទាក់ទាញថែមទៀតដល់ដៃគូអាជីវកម្ម អតិថិជន ក៏ដូចជាម្ចាស់ទុន ឬអ្នកវិនិយោគធំៗជាដើម។ ខាងក្រោមគឹជាផ្នែកសំខាន់ៗក្នុងការរៀបចំសំអាតសម្រាប់ម្ចាស់អាជីវកម្មមិនត្រូវមើលរំលងក្នុងគ្រានេះ ៖

  • ត្រូវត្រួតពិនិត្យ និងរៀបចំប្រព័ន្ធគ្រប់គ្រងការងារផ្ទៃក្នុងអោយមានស្តង់ដារត្រឹមត្រូវ ដូចជា ប្រពន្ធ័បំរើសេវាកម្មអតិថិជន ប្រព័ន្ធគ្រប់គ្រងស្តុក ប្រព័ន្ធគ្រប់គ្រងការបញ្ជាទិញ ឬលក់ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលផ្សេងៗជាដើម។
  • ត្រូវត្រួតពិនិត្យ និងរៀបចំសំអាតបញ្ជីស្នាមគណនេយ្យអោយបានរួចរាល់ កុំអោយពេលស្ថានភាពត្រឡប់មកដូចដើមវិញ អ្នកវិនិយោគចង់ដាក់ទុន ស្រាប់តែយើងនៅស្រកេកស្រកាកនៅឡើយ។ អ្នកមានប្រភពទុនគេរង់ចាំឱកាសនេះដូចគ្នា គេនឹងទៅរកអ្នកច្បាស់លាស់ ត្រឹមត្រូវ និងរួចរាល់ មិនរង់ចាំយូរឡើយ។
  • ត្រូវរក្សាទំនាក់ទំនងជាមួយអ្នកជំនាញពិតប្រាកដដែលយល់ពីស្ថានភាពអាជីវកម្មរបស់អ្នក និងគេមានប្រភពអ្នកវិនិយោគក្បែខ្លួនកាន់តែប្រសើរ ទុកអោយពួកគេជួយគ្រប់គ្រងបញ្ជីស្នាមគណនេយ្យ ហើយអ្នកអាចមានពេលគ្រប់គ្រាន់ផ្តោតលើសរសៃឈាមក្រុមហ៊ុន ដូចជាការគ្រប់គ្រងទីផ្សារ ការលក់ អតិថិជន និងការច្នៃប្រឌិតផ្សេងៗ។

២) ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា (Cloud Business System)

មកដល់ឆ្នាំ២០២០ទៅហើយ បើមិនដោយសារជំងឺ COVID-19 ទេ ក៏គេសង្កេតឃើញអាជីវកម្មខ្នាតតូច និងមធ្យមជាច្រើនងាកមកប្រើ Cloud Accounting System ដូចជា SaS, Localise, Xero, QuickBooks online ព្រោះវាងាយស្រួលកត់ត្រាការទិញ លក់ ចំណូល ចំណាយពីទីណាក៏បាន មើលរបាយការណ៍ពេលណា ពីទីណាក៏បាន អោយតែមានប្រព័ន្ធអ៊ីនធើណេត។ ពិសេសសំរាប់ម្ចាស់អាជីវកម្ម ងាយស្រួលក្នុងការត្រួតពិនិត្យ និងតាមដានការចាយវាយផ្សេងៗបានទាន់ពេលវេលា និងគ្រប់ទីកន្លែង។ ហើយកម្មវិធីខាងលើ ចំណាយត្រឹមតែ $30-$50 ប៉ុណ្ណោះក្នុងមួយខែ។

តាមស្ថានភាពបច្ចុប្បន្ន ក្រុមហ៊ុនមួយចំនួនបានដាក់ចេញនូវគោលការណ៍​ឱ្យ​បុគ្គលិករបស់ខ្លួនធ្វើការងារពីផ្ទះដើម្បីជៀសវាងធ្វើការងារនៅក្បែរគ្នា ដូច្នេះបើមិនមានប្រព័ន្ធ Cloud ទាំងនេះទេ បុគ្គលិកជាពិសេសគណនេយ្យករនឹងអាចជួបផលលំបាកក្នុងការងារប្រចាំថ្ងៃ ធ្វើអោយអាជីវកម្មរបស់អ្នកជួបស្ថានភាពកាន់តែធ្ងន់ធ្ងរ។

៣) រៀបចំប្រព័ន្ធការងារតាមឌីជីថល

ដើម្បីធានាការប្រកបអាជីវកម្មនៅដំណើរការបាន និងកាត់បន្ថយហានិភ័យក្នុងការឆ្លងជំងឺ COVID-19 គឺម្ចាស់អាជីវកម្មគួររៀបចំប្រព័ន្ធការងារតាមឌីជីថលអោយបានល្អ។ ដូចបានបញ្ជាក់ពីប្រព័ន្ធបច្ចេកវិទ្យា Cloud ខាងលើ វាមានសមត្ថភាពខ្លាំងដែលអាចជួយម្ចាស់អាជីវកម្មអោយសន្សំការចាយវាយ និងចំណេញពេលវេលាច្រើន។

  • វាជួយភ្ជាប់ពីប្រព័ន្ធគិតលុយ (POS system)​ ទៅបញ្ជីគណនេយ្យ ដោយស្វ័យប្រវត្តិ មិនត្រូវការបុគ្គលិកគណនេយ្យច្រើនទៀតទេ
  • វាជួយភ្ជាប់ពីប្រព័ន្ធគិតប្រាក់ខែបុគ្គលិក (Payroll & Fingers Print system) ​ទៅបញ្ជីគណនេយ្យដោយស្វ័យប្រវត្តិ មិនត្រូវការបុគ្គលិកគិតប្រាក់ខែច្រើនទៀតទេ
  • វាជួយកាត់បន្ថយការកាន់ឯកសារពីមួយកន្លែងទៅមួយកន្លែង ដើម្បីអោយមេត្រួតពិនិត្យ និងសំរេច លើសពីនេះមិនប្រឈមការឆ្លងជំងឺ COVID-19។
  • បុគ្គលិកអាចធ្វើការងារពីផ្ទះបានដោយគ្រាន់តែមានប្រព័ន្ធអ៊ីនធើណេត
  • អ្វីដែលកាន់តែពិសេស ម្ចាស់អាជីវកម្មអាចមើលរបាយការណ៍ពេលណាក៏បាន ទាន់ពេលវេលា តាមរយៈទូរសព្ទ័ដៃក៏បាន

 ៤) រៀបចំផែនការកាត់បន្ថយចំណាយតាមដំណាក់កាល

ក្នុងស្ថានភាពបច្ចុប្បន្ន ជាស្ថានភាពអាសន្ន និងមិនអាចទស្សទាយត្រូវនោះទេ ម្ចាស់អាជីវកម្មត្រូវត្រៀមលក្ខណៈជាស្រេចក្នុងការកាត់បន្ថយចំណាយតាមដំណាក់កាលតាមដែលអាចធ្វើទៅបាន។ ម្ចាស់អាជីវកម្មត្រូវដឹកនាំក្រុមការងារគណនេយ្យ និងក្រុមការងារផ្នែកលក់ដោយផ្ទាល់ ធ្វើគំរោងថវិកាដើម្បីអោយដឹងថា តើក្នុងស្ថានភាពបែបនេះ ក្រុមហ៊ុនអាចឈរជើងទប់ទល់នឹងចំណាយផ្សេងៗជាពិសេសប្រាក់ខែបុគ្គលិកបានរយៈពេលប៉ុន្មាន ព្យាយាមកាត់បន្ថយចំណាយមិនចាំបាច់អោយអស់លទ្ធភាពយ៉ាងហោចណាស់អាចឈរជើងបានរយៈពេល៦ខែទៀត។  ខាងក្រោមជាចំណាយគួរពិចារណាកាត់បន្ថយ៖

  • ពន្យាការទិញ ទ្រព្យរយៈពេលវែង fixed assets
  • ពន្យាការជួសជុលអាគារ ឬការិយាល័យ ចំណាយធំៗ
  • ផ្អាកការជួបជុំ ជប់លៀង ឬដំណើរកំសាន្តផ្សេងៗ
  • ចចារជាមួយម្ចាស់ផ្ទះជួល ដើម្បីពន្យាការបង់ថ្លៃជួល
  • ចចារជាមួយម្ចាស់បំណុលដូចជាធនាគារជាដើម ដើម្បីពន្យាការបង់ថ្លៃការប្រាក់
  • ចចារជាមួយបុគ្កលិកដើម្បីកាត់បន្ថយប្រាក់ខែក្នុងកំរិតណាមួយសមរម្យ
  • កាត់បន្ថយបុគ្គលិកផ្នែកការិយាល័យ ឬបុគ្គលិកណាអសមត្ថភាព
  • (Outsource Accounting) ផ្ទេរការងារធ្វើបញ្ជីគណនេយ្យ ទៅអោយក្រុមហ៊ុនជំនាញ (ការជួលក្រុមហ៊ុនជំនាញធ្វើបញ្ជីគណនេយ្យ អាចកាត់បន្ថយចំណាយបានច្រើន)
  • (Outsource Marketing) ផ្ទេរការងារធ្វើទីផ្សារ ទៅអោយក្រុមហ៊ុនជំនាញ (ការធ្វើបែបនេះអាចកាត់បន្ថយបុគ្គលិកទីផ្សារបាន និងអោយក្រុមហ៊ុនជំនាញធ្វើទីផ្សារតាមឌីជីថល ចំណាយតិចបានផលល្អច្រើន)

—————————————————–
ដោយ៖ BSE Accounting 

X
5s