​មន្ទីរពេទ្យ​​​ជុំវិញ​ពិភពលោក​កំពុង​​​ជួប​បញ្ហា​មួយ​នេះ​ ​ដោយ​សារ​តែ ​​​​ម៉ាឡេស៊ី​ បិទ​ប្រទេស​​



តាម​សេចក្ដី​រាយការណ៍​ពី​សារព័ត៌មាន​ Bloomberg ​បាន​ឱ្យ​ដឹង​ថា​ ​មន្ទីរពេទ្យ​ជា​ច្រើន​​នៅ​បណ្ដា​​ជុំវិញ​ពិភពលោក​កំពុង​ជួប​បញ្ហា​កង្វះ​នូវ​ស្រោមដៃជ័រ​សម្រាប់​វេជ្ជបណ្ឌិត​​ ដោយ​សារ​តែ​​ប្រទេស​អាស៊ាន​មួយ​គឺ​ម៉ាឡេស៊ី​កំពុង​តែ​ទទួល​រង​​នូវ​ការ​វាយ​ប្រហារ​ពី​ កូវីដ​១៩ ​ធ្ងន់ធ្ងរ​ជាង​គេ។ 

​​សេចក្ដី​រាយការណ៍​នេះ​ ធ្វើ​ឡើង​​បន្ទាប់​ពី​សមាគម​ផលិត​ស្រោមដៃ​ (Glovemaking Association) ​របស់​ម៉ាឡេស៊ី​​ ​​​អះអាង​អំពី​ ឱនភាព​នៃ​ការ​ផ្គត់ផ្គង់​​ទៅ​​កាន់​ពិភពលោក​ដោយ​សារ​តែ​រោងចក្រ​ភាគ​ច្រើន​ត្រូវ​បាន​រដ្ឋាភិបាល​ដាក់បទ​បញ្ញត្ត​ឱ្យ​​កាត់​បន្ថយ​បុគ្គលិក​បន្ទាប់​ពី​រដ្ឋាភិបាល​ប្រកាស​បិទ​ប្រទេស​រួច​មក។ 

​គូស​បញ្ជាក់​ថា​ ស្រោម​ដៃ​ប្រមាណ​ ៣​ ក្នុង​ចំណោម​ ៥​ ដែល​​មន្ទីរពេទ្យ​នៅ​ជុំវិញ​ ពិភពលោក​កំពុង​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​​ ​ផលិត​ដោយ​រោងចក្រ​​​ជា​សមាជិក​​របស់​សមាគម​ផលិត​ស្រោមដៃ​ ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី​ទាំង​អស់។ 

ក្រុមហ៊ុន​ផលិត​ស្រោម​ដៃ​ធំ​បំផុត​របស់​ពិភពលោក​ Top Glove Corp. Bhd ​បាន​ថ្លែង​ថា​ តម្រូវ​ការ​ពី​សហរដ្ឋ​​អាមេរិក​ ​អឺរ៉ុប​ និង​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត​ ​​ធ្វើ​ឱ្យ​ខ្លួន​ផលិត​អស់​សមត្ថភាព​ ហើយ​ការ​បំពេញ​តម្រូវ​ការ​នៃ​កុម្ម៉ង់​បណ្ដា​ប្រទេស​ទាំង​អស់​នេះ​ អាច​យឺត​រហូត​ដល់​ ៤​ខែ​ឯណោះ។

លោកនាយក​រដ្ឋមន្ត្រីថ្មីរបស់​ម៉ាឡេស៊ី​ Muhyiddin ​បាន​ប្រកាស​បិទ​ប្រទេសទាំង​មូល​ ចាប់ពី​ថ្ងៃ ១៨-៣១ ខែមីនា ពោល​គឺ​ប្រជាជន​ម៉ាឡេស៊ី​ទាំងអស់ ត្រូវបាន​ហាម​ចាក​ចេញពី​ប្រទេស ហើយ​សម្រាប់​អ្នក​ដែល​ត្រលប់​មកពី​បរទេស​វិញ នឹងត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ​សុខភាព និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង​រយៈពេល ១៤ ថ្ងៃ។ ជាមួយគ្នានេះដែរលោក Muhyiddin ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា​ ការប្រមូល​ផ្ដុំគ្នា​ជា​សាធារណៈ ​ការ​ជួបជុំគ្នានៅក្នុង ព្រឹត្តិការណ៍​សាសនា​, ជំនួប​កីឡា ព្រមទាំង​សកម្មភាព​វប្បធម៌​និង​សង្គម ក៏​នឹងត្រូវ​ហាមប្រាម​ផងដែរ​។៕

ដោយ៖ វិភូ

X
5s