កូវីដ១៩៖ មន្ទីរពេទ្យនៅទីក្រុងញូវយ៉ក ប្រើវីតាមីន​ប្រភេទចាក់​ ព្យាបាលអ្នកជំងឺ COVID 19​



វេជ្ជបណ្ឌិត Andrew G. Weber អ្នកជំនាញខាងជំងឺសួត និងជំនាញឯកទេសខាងថែទាំនៅមណ្ឌលសុខភាព ២កន្លែងលើកោះ Long បានអោយដឹងថា អ្នកជំងឺកូរ៉ូណាដែលគាត់បានព្យាបាលត្រូវបានទទួលការយកចិត្តទុកដាក់ខ្ពស់ ដោយទទួលវីតាមីន C ១,៥០០មីលីក្រាម។ 

វេជ្ជបណ្ឌិតរូបនេះបានអះអាងថា ស្ថានភាពរបស់អ្នកជំងឺហាក់បានប្រសើរជាងមុន តែទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញកំពុងប្រយ័ត្នប្រយែងបំផុតចំពោះការព្យាបាលនេះ ព្រោះវាគ្រាន់តែជាការពិសោធន៍ប៉ុណ្ណោះ ហើយមកទល់ពេលនេះនៅមិនទាន់មានភស្តុតាងរឹងមាំណាមួយដែលថាវីតាមីនសេអាចជួយកម្ចាត់ Coronavirus ឬ COVID 19 បាននោះទេ។ គាត់បាននិយាយទៀតថា បរិមាណនៃសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ពោលគឺវីតាមីន C នេះត្រូវបានគេប្រើ ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ។ ដូស (Dose) នៃវីតាមីន C ដែលគេផ្តល់ជូនអ្នកជំងឺគឺច្រើន ១៦ដង លើសកំណត់ដូសវីតាមីន C ប្រចាំថ្ងៃដែលបានកំណត់ដោយ National Institutes of Health ព្រោះសម្រាប់មនុស្សពេញវ័យ (បុរស) ក្នុងមួយថ្ងៃត្រឹមតែ ៩០មីលីក្រាម និងស្រី្ត ៧៥មីលីក្រាម។ 

អ្នកនាំពាក្យនៅ Northwell ដែលប្រតិបត្តិការមន្ទីរពេទ្យចំនួន ២៣ រួមទាំងមន្ទីរពេទ្យ Lenox Hill នៅតំបន់ Manhattan’s Upper East Side បាននិយាយថាវីតាមីន C កំពុងត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយជាការព្យាបាលជំងឺកូរ៉ូណា ប៉ុន្តែវាអាចនឹងខុសគ្នាបន្តិចចំពោះការប្រើប្រាស់វីតាមីន C សម្រាប់ព្យាបាលនេះតាមប្រភេទនៃអ្នកជំងឺម្នាក់ៗ។

យោងតាមសារព័ត៌មាន The Sun លោក Jane Clarke អ្នកជំនាញខាងរបបអាហារ និងជាស្ថាបនិក Nourish បានមានប្រសាសន៍ថា “ហេតុផលមួយដែលបន្លែ និងផ្លែឈើត្រូវបានគេប្រើប្រាស់ និងណែនាំឲ្យទទួលទានឲ្យបានច្រើន ព្រោះក្នុងបន្លែនិងផ្លែឈើមានផ្ទុកវីតាមីន C ជាច្រើនសំខាន់បំផុតក្នុងការពង្រឹង ជំនួយដល់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយបានច្រើន និងជួយសារពាង្គកាយដំណើរការប្រកបដោយប្រសិទ្ធិភាពខ្ពស់”។ វីតាមីន C ត្រូវបានគេស្គាល់ថាជាអ្នកប្រយុទ្ធដ៏អស្ចារ្យជាមួយជំងឺផ្តាសាយ ប៉ុន្តែដោយសារតែវាងាយរលាយក្នុងទឹកវាមិនអាចរក្សាទុកនៅក្នុងខ្លួនបានទេ។ វិធីសាស្រ្តល្អបំផុតគឺត្រូវបញ្ចូលផ្លែឈើ និងបន្លែស្រស់ៗ ជាផ្នែកមួយនៃរបបអាហារប្រចាំថ្ងៃរបស់អ្នក លោក Jane Clarke បានបន្ថែម។ 

លោកវេជ្ជបណ្ឌិត Andrew G. Weber ក៏បានបញ្ជាក់បន្ថែមដែរថា ជាក់ស្តែងក្នុងការព្យាបាលក្រុមគ្រូពេទ្យមិនមែនប្រើតែវីតាមីន C នោះទេ តែនៅមានប្រើថ្នាំប្រឆាំងគ្រុនចាញ់ hydroxychloroquine antibiotic azithromycin និងថ្នាំមួយចំនួនទៀត៕

ដោយ៖ យ៉ាយ៉ា

 

X
5s