សារព័ត៌មានវៀតណាម VN Express៖ ជនជាតិវៀតណាម ២រូបធ្វើតេស្តវិជ្ជមានកូវីដ១៩ បន្ទាប់ពីចាកចេញពីកម្ពុជា
ជនជាតិវៀតណាម ២ រូបដែលបានត្រលប់មកពីប្រទេសកម្ពុជាវិញទៅកាន់ខេត្ត Tay Ninh ត្រូវបានធ្វើតេស្តវិជ្ជមានថាមានផ្ទុកជំងឺកូវីដ១៩ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបក្នុងប្រទេសវៀតណាមឡើងដល់ ១១៨ករណី។ នេះបើយោងតាម សារព័ត៌មានវៀតណាម vnexpress។
យោងតាមប្រភពព័ត៌មានដដែលបានឱ្យដឹងថា បុរសអាយុ ៣០ឆ្នាំម្នាក់ដែលរស់នៅខេត្ត Long An បានធ្វើដំណើរទៅកាន់ទីក្រុងភ្នំពេញនៅថ្ងៃទី ៩ មីនា ហើយចាប់ផ្ដើមក្អក ពិបាកដកបង្ហើម និងរោគសញ្ញាមួយចំនួនទៀត នៅថ្ងៃ ១៦ មីនាដដែល។ លោក បានត្រលប់ទៅកាន់ប្រទេសវៀតណាមវិញ ដោយឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai (Moc Bai International Border Gate) ក្នុងខេត្ត Tay Ninh នៅថ្ងៃទី ១៩ មីនា ហើយត្រូវបានធ្វើតេស្តនិងរកឃើញកូវីដ១៩ និងដាក់ឲ្យដាច់ដោយឡែកនោះមន្តីពេទ្យ Tay Ninh General Hospital។ ក្នុងការពិនិត្រ X-ray គ្រូពេទ្យរកឃើញថាសួតរបស់គាត់បានខូតខាតខ្លះទៅហើយ។
ក្នុងនោះដែរ ស្ដ្រីម្នាក់អាយុ ២៣ឆ្នាំ រស់នៅខេត្ត An Giang មុខរបរជាអ្នកបម្រើការងារនៅកាស៊ីណូ Galaxy ក្នុងប្រទេសកម្ពុជា បានចូលទឹកដីវៀតណាមតាមច្រក Moc Bai កាលពីថ្ងៃទី០៩ មីនា ត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យ Tay Ninh General Hospital ដើម្បីទុកឲ្យនៅដាច់ដោយឡែក បន្ទាប់ពីធ្វើតេស្តរកឃើញថាមានឡើងកម្ដៅ ក្អក និងពិបាកដកដង្ហើម និងសួរត្រូវខូចខាត។
គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទីមួយហើយដែលមានការឆ្លងពីកម្ពុជាទៅកាន់ប្រទេសវៀតណាម ដោយកម្ពុជាបានបិទច្រកព្រំដែនជាមួយវៀតណាមនៅយប់ម៉ោង ១១.៥៩ នាទីថ្ងៃទី ២០ មីនា។ រហូតមកដល់ពេលនេះមិនទាន់មានការបកស្រាយយ៉ាងណាពីសំណាក់អាជ្ញាធរកម្ពុជានៅឡើយទេ៕
ដោយ៖ លង់ វណ្ណៈ
ប្រភព៖ VN Express