កម្ពុជា បិទព្រំដែនជាមួយវៀតណាម ដោយទុកពេលដល់ម៉ោង ២៣:៥៩ នាទីយប់ថ្ងៃទី២០ មីនា
នៅព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២០ នេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសឱ្យអាជ្ញាធរ អភិបាលខេត្តទាំងអស់ដែលនៅជាប់ព្រំដែនកម្ពុជា-វៀតណាម អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ផ្អាកនូវការចេញចូលពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ទៅកាន់ ប្រទេសវៀតណាម និងការធ្វើដំណើររបស់ប្រជាពលរដ្ឋវៀតណាមចូលមកប្រទេសកម្ពុជា។
ការបិទនេះមិនមែនជាការបិទជាឯកតោភាគីពីខាងកម្ពុជាទេ តែជាវិធានការបញ្ចៀសនូវការរីករាលដាលនៃជំងឺកូវីដ ១៩ ហើយនឹងចាប់អនុវត្តនៅវេលាម៉ោង ២៣:៥៩ នាទីយប់ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២០ ដោយកម្ពុជាទុកពេលយ៉ាងតិច ជាង ៤៨ម៉ោងជាការជូនដំណឹងជូនភាគីវៀតណាម។ ភាគីវៀតណាមបានសម្រេចបិទព្រំដែនជាមួយកម្ពុជា ដោយគ្មានការជូនដំណឹងណាមួយមកកាន់កម្ពុជាឡើយ កាលពីយប់ថ្ងៃទី ១៨ ខែមិនា កន្លងទៅ។
យោងតាមលិខិតរបស់ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា ដោយការរកឃើញវីរុសកូវីដ១៩ មានការកើនឡើងយ៉ាងគំហុក និងខណៈពេលដែលរដ្ឋាភិបាលវៀតណាម បានដាក់កម្រិតលើការធ្វើដំណើរដោយតម្រូវឲ្យមានការដាក់ឲ្យនៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃចំពោះអ្នកដំណើរពីប្រទេសអាស៊ាន រួមទាំងជនជាតិវៀតណាម ដែលវិលត្រឡប់ចូលប្រទេសកម្ពុជាផងនោះ ក្រសួងមហាផ្ទៃសូមធ្វើការណែនាំដូចតទៅ៖
១៖ ការធ្វើដំណើរចូលប្រទេសកម្ពុជាដោយប្រជាពលរដ្ឋវៀតណាម និងការធ្វើដំណើរចូលប្រទេសវៀតណាមដោយពលរដ្ឋកម្ពុជា តាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសទាំងអស់ នឹងត្រូវផ្អាកជាបណ្ដោះអាសន្ន ចាប់ពីម៉ោង ២៣៖៥៩ នាទីយប់ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២០។ វិធានការនេះមានគោលបំណងបញ្ចៀសនូវការរីករាលដាលនៃជំងឺកូវីដ១៩។
២៖ វិធានការខាងលើនេះ មិនត្រូវបានអនុវត្តចំពោះពលរដ្ឋវៀតណាម និងពលរដ្ឋកម្ពុជាដែលកាន់លិខិតឆ្លងដែនការទូត និងផ្លូវការទេ។
៣៖ អាជ្ញាធរខេត្តជាប់ព្រំដែនជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវធ្វើការសម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីជួយសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញនូវពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងត្រូវបានដាក់ឲ្យនៅដាច់ ពីគេក្នុងប្រទេសវៀតណាម ប្រសិនបើមាន។
៤៖ អភិបាលខេត្តជាប់ព្រំដែន ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម និងកម្លាំងមានសមត្ថកិច្ចតាមច្រកទ្វារព្រំដែនទាំងអស់ ត្រូវសហការសម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីធានាថា ការដឹកទំនិញឆ្លងកាត់ព្រំដែនរួម អាចអនុវត្តដោយគ្មានការរាំងស្ទះការ។
អាជ្ញាធរខេត្តជាប់ព្រំដែន ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវធ្វើការជម្រាបជូនភាគីវៀតណាម អំពីវិធានការខាងលើនេះ និងស្នើសុំការយោគយល់ ហើយត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការប្រឹងប្រែងរួមគ្នាក្នុងការបញ្ឈប់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ។
ជាមួយគ្នាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក៏បានចេញសេចក្តីជូនដំណឹងជាផ្លូវការមួយជូនចំពោះស្ថានទូតនៃសាធរណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ស្តីពីការបញ្ជូនសារជូនដល់អាជ្ញាធរពាក់ព័ន្ធរបស់វៀតណាមដូចខាងក្រោម៖
បើគិតមកទល់នឹងពេលនេះ កម្ពុជាមានករណីតែ ១គត់ពាក់ព័ន្ធនឹងកូវីដ១៩ គឺជនជាតិជប៉ុនដែលធ្វើដំណើរទៅជប៉ុន ធ្វើ Transit នៅវៀតណាម ខណៈនាវាទេសចរដែលចាកចេញមកពីវៀតណាម មានអ្នកផ្ទុកកូវីដ ១៩ ដល់ទៅ ៣ករណី៕