Covid19 ផ្ទុះតាំងពីឆ្នាំ២០១៩ ហេតុអ្វីបានប្រើពេលយូរម្ល៉េះ មិនទាន់រកឃើញ វ៉ាក់សាំង ផ្លូវការនៅឡើយ?
បន្ទាប់ពីមានការរីករាតត្បាតយ៉ាងឆាប់រហ័សនៃវីរុសកូរ៉ូណាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះនៅទូទាំងពិភពលោក ខណៈដែលប្រទេសចិនបានអះអាងថា ខ្លួនបានគ្រប់គ្រងស្ថានការណ៍ក្នុងស្រុកបានទាំងស្រុង។ កូវីដ១៩ ត្រូវបានគេរកឃើញថា ផ្ទុះតាំងពីឆ្នាំ២០១៩មកម្ល៉េះ ខណៈរឿងចចាមអារ៉ាមមួយចំនួនបានលេចចេញតាមសារព័ត៌មានជប៉ុន ថា វីរុសនេះផ្ទុះពីដើមឆ្នាំ២០១៩ មកម្ល៉េះ ប៉ុន្តែខាងលោកខាងលិច ចោទប្រកាន់ថា រដ្ឋាភិបាលក្រុងប៉េកាំង បានលាក់បាំងព័ត៌មាននេះ។
បណ្តាប្រទេសជាច្រើន កំពុងតែព្យាយាមយ៉ាងខ្លាំងដើម្បីបង្កើតវ៉ាក់សាំងប្រឆាំងនឹងជំងឺរាតត្បាតជាសកលមួយនេះ ខណៈបច្ចុប្បន្ន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកាន់តែទំនើប និងកាន់តែសម្បូរធនធានមនុស្សក្នុងវិស័យវិជ្ជសាស្ត្រ និងវិទ្យាសាស្ត្រ ប៉ុន្តែរឿងវ៉ាក់សាំងការពារ មិនទាន់រកឃើញឱ្យជាក់លាក់ និងអះអាងថា មានប្រសិទ្ធភាព ១០០%ប្រើប្រាស់ជាផ្លូវការបាននៅឡើយទេ។ សហរដ្ឋអាមេរិក ទើបនឹងបានធ្វើតេស្តទៅលើមនុស្ស ៤៥នាក់កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ និងអាល្លឺម៉ង់ ក៏អះអាងថា ខ្លួនផលិតបានដែរ។ ប៉ុន្តែរបកគំឃើញទាំងអស់នេះ សុទ្ធតែនៅក្នុងដំណាក់កាលតេស្តទាំងអស់។
អ្វីដែលជាចម្ងល់របស់មនុស្សម្នាជាច្រើននោះគឺថា ហេតុអ្វីបានជាមកដល់ពេលនេះទៅហើយ នៅតែមិនទាន់មានវ៉ាក់សាំង ដែលផលិតដោយក្រុមអ្នកវិទ្យាសាស្ត្រណាមួយ ឬប្រទេសណាមួយដែលត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់ និងអះអាងជាផ្លូវការថា អាចប្រើប្រាស់បានប្រសិទ្ធភាព ១០០% សូម្បីតែប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចទីពីរក្នុងលោក ដែលបានជះលុយច្រើនកោដិដុល្លារអភិវឌ្ឃន៍វិស័យបញ្ញាសិប្បនិម្មិត និងវិស័យស្រាវជ្រាវនិងអភិវឌ្ឍន៍ និងជាប្រទេសដែលផ្ទុះវីរុសដ៏កាចសាហាវនេះមុនគេ ក៏មិនទាន់ប្រកាសរកឃើញវ៉ាក់សំាងនោះដែរ។
ខាងក្រោមនេះ អាចជាហេតុផល សំខាន់ដែលធ្វើឱ្យការបង្កើតវ៉ាក់សាំងការពារវីរុសកូរ៉ូណាត្រូវ ចំណាយពេលយូរយ៉ាងនេះ៖
-ប្រភេទវ៉ាក់សាំង
វ៉ាក់សាំងការពារជំងឺមានច្រើនប្រភេទ ហើយមានសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺតាម មធ្យោបាយផ្សេងៗពីគ្នា។ ដូចជាប្រភេទវ៉ាក់សាំងការពារជំងឺផ្ដាសាយទូទៅ វ៉ាក់សាំង Inactivated vaccines, Toxoid vaccines, Subunit vaccines, Conjugate vaccines ជាដើម។ ក្នុងការស្រាវជ្រាវទៅលើវ៉ាក់សាំងការពារវីរុសកូរ៉ូណា គឺគេ នឹងស្រាវជ្រាវទៅលើវ៉ាក់សាំងជាច្រើនប្រភេទឱ្យតែមានលទ្ធភាពអាចធ្វើឱ្យភាពស៊ាំរបស់មនុស្សទប់ទល់បាននឹងវីរុសថ្មីនេះ អីចឹង ហើយ ទើបធ្វើឱ្យការស្រាវជ្រាវត្រូវចាយពេលកាន់តែយូរ។
-ទិន្ន័យអំពីវីរុស
មុននឹងប្រព័ន្ធភាពស៊ាំរបស់មនុស្សអាចកំចាត់វីរុសណាមួយបាន វាត្រូវស្គាល់ពីវីរុសនោះជាមុនសិន។ អីចឹងហើយមុននឹងអ្នកវិទ្យាសាស្រ្តអាចបង្កើតវ៉ាក់សាំងការពារវីរុសកូរ៉ូណាបាន ពួកគេត្រូវការពេល វេលាដើម្បីយល់ដឹងពីវីរុសនេះឱ្យបានច្រើនជាមុនសិន ខណៈដែលការផ្ទុះនៅចិន ត្រូវពួកបស្ចឹមប្រទេសអះអាងថា ចិនបានលាក់បាំងព័ត៌មានជាច្រើនដែលក្នុងនោះ ក៏មិនងាយអនុញ្ញាតឱ្យពួកលោកខាងលិចជួយ រហូតដល់ចំនួនករណីផ្ទុះឡើងគ្រប់គ្រងលែងជាប់ ទើបអនុញ្ញាត ឱ្យអង្គការសុខភាពពិភពលោក ចូលទៅធ្វើការបាន ហើយសូម្បីក្រុមគ្រូពេទ្យអាមេរិក ក៏មិនអនុញ្ញាតឱ្យចូលទៅដែរ លើកលែងតែក្នុងក្របខណ្ឌអង្គការសុខភាពពិភពលោកប៉ុណ្ណោះ។ បញ្ហានេះ ហើយទើបធ្វើឱ្យបណ្ដាប្រទេសភាគច្រើន ខ្វះព័ត៌មានលម្អិត និងបានបណ្ដាលឱ្យប្រទេសភាគច្រើនជាពិសេសនៅលោកខាងលិច ត្រៀមខ្លួនមិនទាន់ពេល លើការរៀបចំផែនការ ក៏ដូចជាចំណាត់ទប់ស្កាត់បានទាន់ពេលវេលា។ អីចឹងហើយបានជា អឺរ៉ុប កំពុងស្ថិតនៅក្នុងស្ថានការណ៍ដុនដាបខ្លាំង។
-ការធ្វើតេស្ត
បន្ទាប់ពីវ៉ាក់សាំងត្រូវបានបង្កើតឡើងហើយ គេត្រូវការពេលវេលាជាច្រើនខែបន្ថែមទៀតដើម្បីធ្វើតេស្ត សាកល្បងអំពីប្រសិទ្ធ និង សុវត្ថិភាពនៃការប្រើប្រាស់។ តាមការអះអាងរបស់អ្នកជំនាញគឺថា យ៉ាងហោចណាស់ក៏ចំណាយពេល ៦ខែយ៉ាងតិចទើបអាចវាយតម្លៃបាននូវប្រសិទ្ធភាពទាំងស្រុងនៃវ៉ាក់សាំងដែលផលិតបាន។ ដូច្នេះ បើទោះបី ជាសហរដ្ឋអាមេរិក ឬ អាល្លឺម៉ង់ ឬបណ្ដាប្រទេសផ្សេងទៀតដែលផលិតបានវ៉ាក់សាំងនាពេលនេះ ក៏វាត្រូវការពេលច្រើនខែទៀតដែរសម្រាប់ការធ្វើតេស្ត និងវាយតម្លៃប្រសិទ្ធភាព។ ប្រធានក្រុមអ្នកស្រាវជ្រាវវ៉ាក់សាំងរបស់ក្រុមហ៊ុន Sanofi ដ៏ធំរបស់សហរដ្ឋអាមេរិក ដែលបាននិងកំពុងធ្វើការជាមួយនឹងស្ថាប័នពាក់ព័ន្ធសហរដ្ឋអាមេរិក បានវាយតម្លៃថា យ៉ាងហោចណាស់ចាយពេល ១ឆ្នាំ ទៅ ១ឆ្នាំកន្លះទើបអាចផលិតវ៉ាក់សាំង បូកនឹងការធ្វើតេស្ត បាន។
ដំណាក់កាលនៃការធ្វើតេស្ត ក៏ជាបញ្ហាធំខ្លាំងណាស់ដែរព្រោះថា ទម្រាំដល់ការធ្វើតេស្តជាមួយមនុស្សជាក់ស្ដែង ក្រុមគ្រូពេទ្យមានការរៀបចំតេស្តពីរ គឺ Vitro (តេស្តដោយប្រើកោសិកានៅក្នុងមន្ទីរពិសោធន៍) និង Vivo (តេស្តដោយប្រើសត្វដែលត្រូវសម្រិតសម្រាំងយ៉ាងពិសេស)។ តែយ៉ាងណា ក្រុមអ្នកវិទ្យាសាស្ត្រ អូស្ត្រាលី និងអាមេរិក អះអាងថា ប្រហែលគេអាចប្រើផ្លូវកាត់បានមួយចំនួនព្រោះថា វីរុសនេះធ្លាប់ផ្ទុះកាលពីឆ្នាំ២០០៣ ម្ដងរួចទៅហើយ គ្រាន់តែលើកនេះវាវិវត្តន៍ទៅដំណាក់កាលថ្មីដែលគេដាក់ឈ្មោះថា Corona Virus Disease in 2019។
-ការអនុញ្ញាត
បន្ទាប់ពីវ៉ាក់សាំងត្រូវបានធ្វើតេស្តសាកល្បងនៅក្នុងមន្ទីរពិសោធន៍រួចរាល់ហើយ វាត្រូវការឆ្លងកាត់ការ ត្រួតពិនិត្យពីស្ថាប័នផ្សេងៗទៀត មុននឹងត្រូវបានអនុញ្ញាតដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងនោះការវាយតម្លៃរបស់ស្ថាប័នធំៗ រួមទាំងអង្គការសុខភាពពិភពលោកផង។
-ការផលិត
នៅពេលដែលឆ្លងកាត់ដំណាក់កាសសំខាន់ៗទាំងអស់នេះរួចរាល់ហើយ ក៏មិនទាន់ប្រាកដថាបណ្តា ក្រុមហ៊ុនទាំងឡាយហ៊ានផលិត និង ចែកចាយវ៉ាក់សាំងទាំងនេះក្នុងទ្រង់ទ្រាយធំនោះដែរ។ ទី១ ពួកគេអាចគិតពីផលប្រយោជន៍ជាតិមុនគេ (ផលិតសម្រាប់ប្រើក្នុងស្រុកមុន) និងទី២ គិតពីហានិភ័យដែលអាចនឹងកើតមានផ្សេងៗ ដូចជាការលួចចម្លង ហើយរឹតតែពិសេសទៅទៀតនោះ គឺវ៉ាក់សាំងប្រហែលជាមិនអាចមានហ្វ្រ៊ីដល់ប្រជាជនទូទាំងពិភពលោកនោះទេ ព្រោះក្រុមហ៊ុនឯកជនជាអ្នកស្រាវជ្រាវ និងផលិត ដូច្នេះ ការលក់ក្នុងតម្លៃណាមួយអាចជៀសមិនផុតនោះទេ។
អត្ថបទទាក់ទងៈ អត្រាឆ្លងច្រើន ហេតុអ្វីចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាអាល្លឺម៉ង់មានចំនួនតិច?
ដោយ៖ ជា ឧត្តម្ភ