នេះជាហេតុផល១ ដែល កូរ៉េខាងត្បូង ធ្វើឱ្យ Covid19 ថមថយប៉ុន្មានថ្ងៃចុងក្រោយនេះ!
កូរ៉េខាងត្បូងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ប្រពន្ធ័គ្រប់គ្រងទិន្ន័យ (big-data analysis)និងបច្ចេកវិទ្យាសម្បនិម្មិត AI ក្នុងការទប់ទល់ជាមួយនឹងវីរុសកូវីឌ១៩ ដែលកំពុងវាយលុកប្រទេសមួយនេះ។
គិតក្នុងរយៈពេលខ្លី កូរ៉េខាងត្បូងអាចគ្រប់គ្រងស្ថានការណ៍នៃការរីករាលដាលនៃវីរុសកូរ៉ូណាបាន ដោយប្រើប្រាស់បច្ចេកវិទ្យាដើម្បីវិភាគទិន្ន័យ ប្រព័ន្ធផ្ដល់ដំណឹងដំណើរការដោយបច្ចេកវិទ្យា AI និងប្រព័ន្ធអង្កេតតាមដានផងដែរ។
រដ្ឋាភិបាលកូរ៉េខាងត្បូងប្រើប្រពន្ធ័គ្រប់គ្រងទិន្ន័យដ៏ធំមួយ ដើម្បីរក្សាទិន្ន័យរបស់ប្រជាជន និង ជនបរទេសក្នុងប្រទេសទាំងអស់ រួមទាំងទិន្ន័យរបស់ស្ថាប័នរដ្ឋទាំងឡាយដូចជា មន្ទីរពេទ្យ ស្ថាប័នហិរញ្ញវត្ថុ ប្រព័ន្ធទូរគមនាគមន៍ និង សេវាកម្មដទៃជាច្រើនទៀតផងដែរ។
នៅពេលដែលមាននរណាម្នាក់ដែលរកឃើញថាមានផ្ទុកវីរុសកូរ៉ូណា មនុស្សដទៃទៀតដែលរស់នៅតំបន់មួយនោះជាមួយអ្នកជំងឺនឹងទទួលបាន ដំណឹងតាមរយៈទូរស័ព្ទដៃ ដែលមានបង្ហាញពីពត៌មានធ្វើដំណើររបស់បុគ្គលនោះដូចជា សកម្មភាព និងទីកន្លែងដែលគេបានទៅដល់ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយជាដើម។
ស្ថាប័នសុខាភិបាលរបស់រដ្ឋាភិបាលវិញ នឹងទទួលបានពត៌មានអំពីអ្នកជំងឺ ងាយស្រួលស្វែងរក និងតាមស្ថានភាពសុខភាពរបស់ពួកគេ និងដឹងអំពីទំនាក់ទំនងរបស់អ្នកជំងឺ និងថែមទាំងអាចធ្វើការតាមដាននិងធ្វើតេស្តវិជ្ជសាស្ត្រថែមទៀតផង។ មន្ទីពេទ្យ ឡានពេទ្យ និងមន្ទីពិសោធន៍តាមកម្មវិធីទូរស័ព្ទដៃជាដើម សុទ្ធតែពឹងផ្អែកលើវិស័យ IT និងបច្ចេកវិទ្យា ដែលផ្ដល់ដំណឹងឲ្យកាន់តែមានប្រសិទ្ធភាព។
កូរ៉េខាងត្បូងបានបង្កើតឧបករណ៍ថ្មីមួយ ដើម្បីធ្វើតេស្តស្វែងរកអ្នកមានផ្ទុកវីរុសកូរ៉ូណាតាមរយៈការធ្វើដំណើរ ដោយអាចទាញយកសំណាកខណៈពេលកំពុងអង្គុយនៅក្នុងរថយន្ត ដោយអាចទទួលបានលទ្ធផលធ្វើតេស្តនោះបានយ៉ាងលឿនដោយប្រើប្រាស់ពេលវេលាត្រឹមតែ ២ ទៅ ៣នាទីប៉ុណ្ណោះ។ បើបុគ្គលនោះត្រូវបានរកឃើញថាមានផ្ទុកវីរុសកូរ៉ូណា នោះគេនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែកភ្លាម និងធ្វើការព្យបាលបានទាន់ពេលវេលា។
ការវិភាគទិន្ន័យដោយបច្ចេកវិទ្យា AI នឹងផ្តល់ដំណឹងដល់រដ្ឋាភិបាលអំពីតំបន់ដែលអាចនឹងមានការផ្ទុះវីរុសកូរ៉ូណា ឬក៏តំបន់ដែលប្រឈមខ្ពស់ទៅនឹងការរីករាលដាល ដើម្បីផ្តល់ដំណឹងដល់សាធារណៈជន និងត្រៀមផ្តល់សេវាព្យាបាលនៅតាមតំបន់នោះផ្ទាល់។
រដ្ឋាភិបាលកូរ៉េប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីតាមដានដំណើរការ នៃការផ្តគ់ផ្គង់ និងចែកចាយម៉ាស ហើយនិងសម្ភារៈការពារជំងឺដទៃទៀត។ ប្រជាជនម្នាក់ត្រូវមានប័ណ្ណសំគាល់ខ្លួនដើម្បីអាចទិញម៉ាសបានចំនួន២ ក្នុងម្ដង នៅកន្លែងហ្វាម៉ាស៊ី ឬកន្លែងលក់ថ្នាំ។ បើទោះជាមានការផ្ទុះឡើងនៃវីរុសនេះក្នុងប្រទេសកូរ៉េពីរបីសប្តាហ៍ហើយក៏ដោយ តម្លៃរបស់របរប្រើប្រាស់សំខាន់ៗប្រចាំ ដូចជា អង្ករ ប្រេង អារហារជាដើម មិនការប្រែប្រួលតម្លៃគួរឲ្យកត់សំគាល់ឡើយ៕
អត្ថបទទាក់ទង៖ កម្ពុជារកឃើញករណីវីរុស Covid 19 ទី ៨ លើជនជាតិបារាំងអាយុ ៣៥ឆ្នាំ នៅភ្នំពេញ
ដោយ៖ ជា ឧត្តម្ភ