វិធីទាំង ៧ យ៉ាងនេះនឹងជួយដល់សហគ្រិននិងជួយអ្នកក្នុងការសន្សំប្រាក់
នៅពេលអ្នកដែលអ្នកទើបតែចាប់ផ្តើម ឬធ្វើកិច្ចខិតខំប្រឹងប្រែងណាមួយរួមគ្នា ដើម្បីឲ្យអាជីវកម្មរបស់អ្នកមានការលូតលាស់ វាពិតជារឿងដ៏សំខាន់មួយក្នុងការស្វែងរកចំណុចណាដែលមានការចំណាយខ្ពស់ក្នុងជីវិតផ្ទាល់ខ្លួន និងអាជីពដើម្បីធ្វើការកាត់បន្ថយចំណាយ។ ទោះជាយ៉ាងណាក៏ដោយ មានមនុស្សមួយចំនួនបានដាក់ចិត្ត ដាក់កាយនិងយកបេះដូងរបស់ខ្លួនទៅដាក់ផ្ញើនឹងមីកំប៉ុងស្ទើរតែរាល់ថ្ងៃ ដោយពួកគេគិតថាការធ្វើបែបនេះនឹងជួយឲ្យពួកគេអាចសន្សំសំចៃបានមួយចំនួនធំ។
ខាងក្រោមនេះជាវិធី ៧យ៉ាងដែលអ្នកអាចយកទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកបាន ប្រសិនបើអ្នកចង់សន្សំប្រាក់៖
១) អាហារខាងក្រៅតិច
វាជាការពិត ការបរិភោគអាហារនៅខាងក្រៅវាបានធ្វើឲ្យយើងចំណាយពេលតិច ប៉ុន្តែវាក៏បាននាំមកជាមួយនូវការចំណាយប្រាក់ច្រើនដែរ ហើយក៏មិនប្រាកដថាអាហារទាំងអស់នោះមានគុណភាពឬក៏អត់ផង បើនៅតាមបណ្តាលភោជនីយដ្ឋានមួយចំនួន។ ប៉ុន្តែអ្នកគួរតែប្តូរពីការបរិភោគអាហារនៅខាងក្រៅញឹកញាប់មកជាម្តងម្កាលបាន បន្ថែមលើសពីនេះអ្នកក៏អាចចម្អិនអាហារមកផ្ទះស្រាប់ក៏បានដែរ ព្រោះថាមានតែយើងទេដែលដឹងថាអាហារណា ឬគ្រឿងទេសមួយណាមានគុណភាពសម្រាប់ខ្លួនឯង។ រឿងមួយទៀតនោះគឺនៅពេលចុងសប្តាហ៍ បើសិនជាអាចកុំទៅបរិភោគអាហារនៅខាងក្រៅ ព្រោះវានឹងធ្វើឲ្យអ្នកចំណាយលុយច្រើនដែលអ្នកខំរកមកយ៉ាងលំបាកដោយមិនដឹងខ្លួន។
២) ហាត់ប្រាណនៅផ្ទះ
លំហាត់ប្រាណវាបាននាំមកនូវសុខភាពដែលពារពេញទៅដោយថាមពលក្នុងខ្លួន ជួយបណ្តាញជាតិពុលពីក្នុងខ្លួន ក៏ដូចជាជួយដល់ប្រព័ន្ធសុំាបានមួយចំនួនធំ ជាពិសេសផ្នែកស្មារតី និងអវ:យវ:ផ្សេងៗទៀត។ ត្រឡប់មកវិញអ្នកក៏បានដឹងខ្លះៗហើយអំពីអត្ថប្រយោជន៍នៃការហាត់ប្រាណ ទោះជាយ៉ាងណាក៏ដោយមានវិធីជាច្រើនដែលធ្វើឲ្យអ្នកអាចហាត់ប្រាណនៅផ្ទះបានដោយសេរី ដោយអ្នកមិនចាំបាច់ចំណាយ ៥០ ឬ ៦០ ដុល្លារដើម្បីទៅហឹ្វកហាត់រៀនគ្រូនោះទេ តែអ្នកគ្រាន់តែចំណាយ៥០ ឬ៦០ ដុល្លារនោះទៅជ្រើសរើសរបស់ហាត់ប្រាណណាអនុញ្ញាតឲ្យអ្នកហាត់ប្រាណនៅផ្ទះបានដោយពេញចិត្ត។
៣) សន្សំប្រាក់
នៅពេលដែលអ្នកកំពុងកាត់បន្ថយការចំណាយរបស់អ្នកវាពិតជារឿងសំខាន់ណាស់ដែលអ្នកមិនត្រូវធ្វេសប្រហែសចំពោះការសន្សំរបស់អ្នកនោះទេ។ ស្របតាមបច្ចុប្បន្នភាពនេះបច្ចេកវិទ្យាមានការរីកលូតលាស់ផងដែរនោះ ឥឡូវនេះមានកម្មវិធីទូរស័ព្ទ (Mobile App) ជាច្រើនដែលបានអនុញ្ញាតឲ្យអ្នកជ្រើសរើសវាយកមកសម្រួលដល់ការចំណាយ និងការសន្សំរបស់អ្នកបានយ៉ាងស្វ័យប្រវិត្តដោយអ្នកគ្រាន់បំពេញ ឬក៏ភ្ជាប់គណនីរបស់អ្នកនៅក្នុងកម្មវិធីនោះ រួចហើយវានឹងធ្វើការដោយបែងចែករវាងចំណាយនិងចំណូលអ្នកបានដោយងាយស្រួល ដោយអ្នកមិនចាំបាច់ធ្វើវាដោយខ្លួនឯងផ្ទាល់នោះទេ។
៤) ឆុងកាហ្វេនៅផ្ទះ
អាចនិយាយបានថាអ្នកតែងតែចំណាយ ៣$ ទៅលើកាហ្វេនៅពេលព្រឹករបស់អ្នកតើមែនទេ? អូហូ...! ហើយអ្នកធ្វើការ ៦ថ្ងៃក្នុងមួយសប្តាហ៍ ចុះបើក្នុងមួយខែ? គឺអ្នកត្រូវចំណាយ ៧២$ ដើម្បីរ៉ាប់រងទៅកាហ្វេមួយកែវៗរៀងរាល់ព្រឹក។ តែអ្នកគួរតែងាកមកទិញកាហ្វេយកមកដាក់ក្នុងផ្ទះ ហើយធ្វើវាញុំាជារៀងរាល់ព្រឹកវិញល្អជាង ឬអាចយកទៅញុំានៅកន្លែងធ្វើការក៏បាន ធ្វើដូច្នេះវាអាចជួយឲ្យការចំណាយរបស់អ្នកធូរស្រាលមួយកម្រិត។
៥) ជិះកង់ទៅធ្វើការ
អ្នកគិតថាវាជារឿងដែលអស់សំណើចណាស់មែនទេ នៅពេលដែលនិយាយដល់ការជិះកង់ទៅធ្វើការនោះ ឬក៏អ្នកមានអារម្មណ៍ថាខ្មាស់គេណាស់មែនទេ នៅពេលគេដឹងថាអ្នកជិះកង់បែបនេះ។ តើអ្នកមានដឹងឬក៏អត់ថា ការប្រើប្រាស់យានយន្តផ្សេងៗ វាបានធ្វើឲ្យប៉ះពាល់ដល់បរិស្ថានខ្លាំងណាស់។ ប៉ុន្តែការជិះកង់វិញបានជួយសម្រួលដល់បញ្ហាសង្គមបានមួយចំនួនធំ ជាពិសេសជួយកាត់បន្ថយគ្រោះថ្នាក់ទៀតផង បើចំពោះរឿងផ្ទាល់ខ្លួនវិញវាបានជួយកាត់បន្ថយការចំណាយបានយ៉ាងច្រើនដែលអ្នកតែងតែគិតថាវាជារឿងបន្តិចបន្តួច ហើយចំណាយទៅលើថ្លៃប្រេងដោយមិនដឹងខ្លួន។
៦) ពិសារទឹកឲ្យបានច្រើន
យកទឹកមកជំនួសឲ្យភេសជ្ជ:របស់អ្នកវិញ ព្រោះខ្ញុំដឹងថាអ្នកប្រាកដជាចូលចិត្តទឹកក្រូច ជាមួយអាហារបែបបំពងខ្លាំងណាស់ ដែលទាំងនោះវាជាអាហារសម្រន់ហើយអ្នកនឹងតែងតែចំណាយជារឿយៗ ម្តងបន្តិចៗ។ ដូច្នេះ សូមងាកមកពិសារទឹកឲ្យបានច្រើនវិញកុំឲ្យអ្នកមានអារម្មណ៍ថាស្រេកទឹកជៀសវាងការញុំាភេសជ្ជ:ដែលមិនល្អចំពោះសុខភាព តែនេះមិនបានហាមប្រាមមិនឲ្យញុំាភេសជ្ជ:ទាំងនោះទេ យូរៗម្តងបានហើយ។
៧) លំហាត់ដើម្បីសុខភាព
ក្រៅពីការហាត់ប្រាណនៅក្នុងផ្ទះជារៀងរាល់ព្រឹក ឬល្ងាចរួចមក ឬក៏អ្នកមានអារម្មណ៍ថានឿយហត់ ស្មុកស្មាញ គិតអីក៏មិនចេញ ប្រហែលជាអ្នកត្រូវដល់ពេលចេញដើរស្វែងយល់ពីភាពស្ងប់ស្ងាត់នៅក្នុងព្រៃមួយរយ:ហើយដូចជា ស្រូបយកខ្យល់បរិសុទ្ធពីធម្មជាតិ ដូចជាការឡើងភ្នំដែលវាជាវិធីមួយដែលអាចធ្វើឲ្យអ្នកបានធូរស្បើយពីភាពលំបាកក្នុងការងាររបស់អ្នកមួយចំនួន។ បើអាចគួរតែមួយឆ្នាំ២ ទៅ ៣ដង ដើម្បីស្វែងយល់អត្ថន័យបន្ថែមដល់ជីវិតរបស់អ្នក ហើយវាថែមទាំងធ្វើឲ្យដំណើរការនៃអាជីវកម្មរបស់អ្នកមានភាពប្រសើរឡើងមូយកម្រិតទៀតផង ជាពិសេសខ្លួនរបស់អ្នកនឹងមានភាពច្នៃប្រឌិតខ្ពស់ជាងមុន៕